ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនគួរជឿ! ម៉ារ៉ា ប៊ុណ្ណា និងអតីតប្រពន្ធជៀស ស្រួច ពិតជាស្រឡាញ់គ្នា !

បន្ទាប់ពីមានការចុះផ្សាយពីព័ត៌មាន ចចាមអារ៉ាម ថាតារាចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណា មានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងនាង សាត រស្មី ដែលគេស្គាល់ថាជាអតីតភរិយាស្របច្បាប់របស់កីឡាករប្រដាល់ ជៀស ស្រួច តារាចម្រៀងរូបនេះ មិនបានទាត់ចោលព័ត៌មានដែលបានចុះផ្សាយនោះទេ។ ផ្ទុយទៅវិញលោកបានបង្ហើបថា រវាងលោក និងនាង ពិតជាស្រឡាញ់គ្នាមែន ប៉ុន្តែមិនទាន់ដឹងថាចំណងស្នេហ៍ដែលបានសាងឡើងនោះនឹងឈានដល់ចំណុចពាក់កណ្ដាលផ្លូវ ឬឈានដល់អនាគតនោះទេ។

លោក ម៉ារ៉ា ប៊ុណ្ណា និយាយថាលោក និង សាត រស្មី បានទាក់ទងគ្នាក្នុងន័យស្នេហាប្រាកដមែន ប៉ុន្តែមិនទាន់ដល់ថ្នាក់រស់នៅក្រោមដំបូលផ្ទះតែមួយដូចអ្វីដែលបានលេចឮនោះទេ គឺនាងនៅផ្ទះនាង ហើយលោកនៅផ្ទះលោកប៉ុណ្ណោះ ដោយគ្រាន់តែការជួបគ្នាគឺមិនខុសគូស្នេហ៍ដែលស្រឡាញ់គ្នាទាំំងឡាយប៉ុណ្ណោះ។ លោកបានសរសើរថានាងមានចំណុចល្អខ្លាំង ហើយបណ្ដាលមកពីនាងមិនមែនជាប់ជំពាក់ជំពិនជាមួយបុរសណាម្នាក់ដែលអ្វីដែលបានប៉ាន់ស្មានថា ទើបលោក និងឈានដល់ការបង្កាត់ទំនាក់ទំនងគ្នា។

លោកបដិសេធថា មិនបានដណ្ដើមស្នេហា ពីអតីតកីឡាករប្រដាល់ ជៀស ស្រួច នោះទេ ដោយសារតែនាង និងលោកគឺបានបញ្ចប់គ្នាជាយូរមកហើយ ហើយនាងក៏មិនអាចនឹងវិលថយក្រោយទៅរក ជៀស ស្រួច វិញដែរ ទើបលោកចាត់ទុកថាការបង្កាត់ស្នេហារបស់លោកចំពោះនាង មិនមែនជាប៉ះពាល់ចំពោះអ្នកណាម្នាក់។ លោកចាត់ទុកថាអ្វីៗដែលបានកើតឡើងរវាង សាត រស្មី និង ជៀស ស្រួច គ្រាន់តែជាអតីតកាលប៉ុណ្ណោះ ហើយបើទោះជាពេលកន្លងមកលោក និងលោក ជៀស ស្រួច បានរាប់អានគ្នា និងបានទាំងនិពន្ធចម្រៀងមួយបទនិយាយពីជីវិតកម្សត់របស់ ជៀស ស្រួច ផង ដែលមិនខុសពីមិត្តភក្តិល្អ ក៏លោកមិនចាត់ទុកថាការទំនាក់ទំនងស្រឡាញ់អតីតភរិយារបស់លោកជៀស ស្រួច នៅក្នុងពេលនេះ គឺជារឿងអាក្រក់មើល។

លោកថារវាងខ្លួន និង សាត រស្មី បានចាប់ផ្ដើមយល់ចិត្តថ្លើមគ្នា ក្រោយពេលបានរួមការងារក្នុងបទចម្រៀង «ឲ្យតែគិត ចេះតែចង់យំ» ដែលច្រៀងរួមជាមួយ ឡេង ណាវ៉ាត់ត្រា ប៉ុន្តែទំនាក់ទំនងស៊ីជម្រៅទាំងស្រុងនៅមិនទាន់កើតឡើង១០០ភាគរយ នៅឡើយទេ បើទោះជាលោកបានបង្ហើបថានាងក៏ពេញចិត្តចំពោះលោកមិនខុសគ្នា។

ពាក់ព័ន្ធដំណឹងស្នេហាជាមួយអតីតភរិយាលោក ជៀស ស្រួច នេះ ធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើលដោយសារតែ សាត រស្មី ល្បីថាមានបុរសសំបូរទ្រព្យស្រឡាញ់ឃុំគ្រង ប៉ុន្តែបែរជាមកស្រឡាញ់ ម៉ារ៉ា ប៊ុណ្ណា ដែលធ្វើឲ្យគេច្បាស់ថានាងមិនមានបុរសទ្រព្យស្ដុកណាមួយនៅជាជំហរដូចការចោទប្រកាន់របស់លោកជៀស ស្រួចទៀតទេ។

មួយវិញទៀតចម្លើយសារភាពរបស់លោក ម៉ារ៉ា ប៊ុណ្ណា ក៏ធ្វើឲ្យម្នាក់ៗស្រឡាំងកាំងផងដែរ ក្នុងពេលដែលលោក និងលោកជៀស ស្រួច ឃើញល្អូកល្អិននឹងគ្នាកាលពីមួយរយៈមុន លុះស្ងាត់ទំនាក់ទំនងស្រាប់តែមានដំណឹងថាអតីតប្រពន្ធជៀស ស្រួច បានក្លាយជាសង្សាររបស់លោកយ៉ាងព្រងើយ ដែលពិតជាធ្វើឲ្យលោក ជៀស ស្រួច ក៏ស្រឡាំងកាំងដែរនោះ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការបញ្ជាក់នេះ នៅមិនទាន់មានការឆ្លើយតបពីសាត រស្មី ដោយផ្ទាល់នៅឡើយទេ ក្នុងពេលដែលលោកជៀស ស្រួច ក៏មិនទាន់អាចសុំការបញ្ជាក់ពីអារម្មណ៍បាន៕

មតិយោបល់