ព័ត៌មានសិល្បៈ និងកម្សាន្ត

អីយ៉ា! បទថ្មីនាយចឺម ស្ដាប់ហើយហូរទឹកភ្នែកម្មង ក្នុងរដូវភ្ជុំ

មិនត្រឹមតែពីរោះប៉ុណ្ណោះ បទថ្មីក្រោមចំណងជើងថា «នរក១៨ជាន់» ដែលទើបចេញបង្ហោះក្ដៅៗរបស់នាយចឺម ក៏ធ្វើឲ្យអ្នកស្ដាប់រញ្ជួលចិត្តដល់ហូរទឹកភ្នែកផងដែរ ជាពិសេសចំពោះយុវវ័យ ដែលមានធ្លាប់មានប្រវត្តិ ធ្វើឲ្យឪពុកម្ដាយស្រក់ទឹកភ្នែកដោយសារទង្វើខុសឆ្គង។

មួយបទគឺបទបើកឆាកដែលខាងសាន់ដេ ចេញឲ្យលោកក្នុងឱកាសបុណ្យភ្ជុំ ហើយក៏ជាបទស្ទាបស្ទង់ទីផ្សារមួយ ដែលគួរឲ្យចាប់អារម្មណ៍ផងដែរ បន្ទាប់ពីមានដំណឹងថា ក្រោយពីអវត្តមានរបស់លោកខេមរ: សិរីមន្ត គឺនាយចឺម អាចនឹងជំនួសតំណែងខ្លាំងនោះនៅសាន់ដេ។ មានការកត់សម្គាល់យ៉ាងខ្លាំងជាមួយនឹងចម្រៀងមួយបទរបស់នាយចឺម ដែលមានចំណងជើងថា«នរក១៨ជាន់» ដែលមានអត្ថន័យអប់រំយុវវ័យយ៉ាងជ្រាលជ្រៅ ដោយបទចម្រៀងមួយនេះ មិនត្រឹមតែចាក់ដល់បេះដូងរបស់អ្នកក្រុមស្ទាវក្មេងៗឲ្យងាកក្រោយសំឡឹងមើលពីកំហុសឆ្គងរបស់ខ្លួនប៉ុណ្ណោះទេ សូម្បីតែមនុស្សវ័យកណ្ដាលក៏សរសើរចម្រៀងមួយបទនេះ លើទឹកដមសំឡេងរបស់លោក និងអត្ថន័យដែលបាននិពន្ធឡើងនោះដែរ។ មួយបទនេះ អាចខាបយកទឹកភ្នែករបស់អ្នកស្ដាប់បាន ជាពិសេសនៅពេលដែលលោក បានច្រៀងរៀបរាប់ពីកំហុសរបស់កូនអកត្តញូចំពោះឪពុកម្ដាយ ដែលទម្រាំដឹងកំហុសគឺបានហួសពេលទៅហើយ។ មានការគាំទ្រយ៉ាងខ្លាំងជាមួយចម្រៀងមួយបទនេះ ដោយមានអ្នកគាំទ្រជាច្រើនបានបន្តទទូចឲ្យតារាចម្រៀងយុវវ័យផ្សេងទៀត ជាពិសេសគឺនាយចឺម បន្តបញ្ចេញបទចម្រៀងដែលមានខ្លឹមសារអប់រំដល់យុវវ័យ និងអ្នកស្ដាប់ ជាជាងនិពន្ធតែបទចម្រៀង ដែលមានខ្លឹមសារចំអេសចំអាស និងបទចម្រៀងដែលមានខ្លឹមសារតែស្នេហាភ្លើតភ្លើន ធ្វើឲ្យអ្នកស្ដាប់មិនទទួលបានផលចំណេញនោះផង។

អ្នកបានស្ដាប់បទចម្រៀង«នរក១៨ជាន់»របស់នាយចឺម សុទ្ធតែបានសរសើរថា បទនេះមានឥទ្ធិពលខាបយកទឹកភ្នែក អ្នកស្ដាប់ដោយមិនដឹងខ្លួន ហើយក៏មានខ្លឹមសារតម្រង់ផ្លូវដល់យុវវ័យក៏ងាកចេញពីនរក១៨ជាន់ ព្រោះតែបានធ្វើឲ្យឪពុកម្ដាយបង្ហូរទឹកភ្នែកនោះផងដែរ។ មានការយល់ស្របថា បើអ្នកនិពន្ធរបស់នាយចឺម អាចនិពន្ធបទចម្រៀង ដែលមានខ្លឹមសារបុកត្រូវអារម្មណ៍អ្នកស្ដាប់បែបនេះបន្តបន្ទាប់ទៀត គឺលោកអាចនឹងវិវត្តន៍ខ្លួន ក្លាយជាតារាល្បីជំនួសឲ្យលោកខេមរ: សិរីមន្តនៅសាន់ដេ ដូចការប៉ាន់ស្មានក៏ថាបាន ដោយសារតែលោក ទាំងពូកែរាំ ទាំងវ័យក្មេង ហើយបើនិយាយពីទឹកដមសំឡេងក៏ល្អម្យ៉ាងម្នាក់ជាមួយលោកខេមរ: សិរីមន្ត៕

មតិយោបល់