ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្សត់ណាស់! ក្រោយស្ដាប់ប្រវត្តិតារាចម្រៀងក្មេងកំព្រា វង្ស ថាណាន់

ក្រោយពីបានបញ្ចេញបទចម្រៀងទី៣ក្រោមចំណងជើងថា «សុំទោសដែលអោយអូនចាំ» ដែលមានខ្លឹមសារឆ្លើយឆ្លងជាមួយបទចម្រៀងពីជំនាន់ដើម ជាសំឡេងដើមរបស់លោកស្រី រស់ សេរីសុទ្ធា តារាចម្រៀងកូនកំព្រាលោកវង្ស ថាណាន់ ទទួលបានការចាប់អារម្មណ៍ ដោយសារតែបទដែលលោកចេញក្រោយ និងបទ Original ២លើកមុនសុទ្ធតែមានអ្នកគាំទ្រច្រើន។ យ៉ាងណាមិញ បទចម្រៀងរបស់លោកទាំង៣ បើទោះជាមានទឹកដមសំឡេងល្អ និងខ្លឹមសារទាក់ទាញក៏មានការចាប់អារម្មណ៍ មិនស្មើនឹងប្រវត្តិកម្សត់ របស់លោកនោះដែរ ជាពិសេសក្រោយពីលោកផ្ដល់សម្ភាសន៍ ដោយផ្ទាល់ពាក់ព័ន្ធនឹងប្រវត្តិអតីតកាលនេះ គឺស្ដាប់ហើយចង់ស្រក់ទឹកភ្នែក។

លោក វង្ស ថាណាន់ និយាយថា តាំងពីលោកកើតមក លោកមិនបានទទួលការថ្នាក់ថ្នមរបស់ម្ដាយឪពុកនោះទេ ដោយសារតែក្រោយពីលោកកើតមក ក៏ចំពេលឪពុកម្ដាយរបស់លោកចែកផ្លូវគ្នា ហើយអ្នកទាំងពីរ ក៏សម្រេចចិត្តទុកលោក អោយរស់នៅកំព្រាជាមួយបងស្រីហើយរត់ទៅធ្វើការនៅប្រទេសក្រៅបាត់ អត់នឹកនារូបលោក និងបងៗតែម្ដង។ ដោយសារតែភាពខ្វះខាតបងៗ របស់លោកក៏បានយកលោកទៅដាក់ នៅក្នុងមណ្ឌលកុមារកំព្រា មួយកន្លែងនៅខេត្តកំពង់ស្ពឺ ដោយខាងមណ្ឌលនោះ ចិញ្ចឹមបីបាច់លោករហូតដល់អាយុ១៨ឆ្នាំ ទើបលោកគេអោយលោកចាកចេញ ដើម្បីស្វែងរកការងារធ្វើចិញ្ចឹមខ្លួន។

លោកថាបានរសាត់អណ្ដែតធ្វើការអោយគេយ៉ាងលំបាកនៅរាជធានី ដោយសុំគេរត់តុ និងធ្វើការយ៉ាងលំបាកផ្សេងទៀត ជាថ្នូរនឹងបានបាយ៣ពេល និងប្រាក់កម្រៃបន្តិចបន្តួច។ លោកទើបតែបានក្លាយខ្លួនជាអ្នកចម្រៀង ដោយសារតែដើរសុំគេច្រៀង ហើយក្រោយការធ្វើតេស្ដិ៍ ក៏ត្រូវបានហាងមួយអនុញ្ញាតិអោយច្រៀងប្រចាំ ដោយទទួលបានកម្រៃមិនច្រើនប៉ុណ្ណោះ ទើបលោកបានស្គាល់ជីវិតល្អប្រសើរមកទល់សព្វថ្ងៃ។ យ៉ាងណាមិញ លោកនៅតែមានបន្ទុក ជួយផ្ដល់លុយកាក់បងស្រី ដែលធ្លាប់ទំនុកបម្រុង និងក្មួយៗមួយចំនួនដែលមានការខ្វះខាតនៅខេត្តកំពង់ចាមនៅឡើយ ទើបការរស់នៅរបស់លោក បានត្រឹមតែល្អមើល។ យ៉ាងណាមិញ លោកនៅតែប្រឹងតស៊ូសន្សំលុយកាក់ផលិតបទថ្មី ដោយមិនចម្លងសាច់ភ្លេងពីបទបរទេសនោះទេ ដើម្បីរួមចំណែកលើកស្ទួយវិស័យចម្រៀង ក្រោយពេលបានក្លាយជាតារាចម្រៀង ដែលមានឱកាសឡើងឆាកជាហូរហែរ។

លោកថាក្រោយធំដឹងក្ដីលោកបានតាមរកឪពុកម្ដាយ ក្រោយពេលដឹងថា អ្នកទាំងពីរត្រលប់មកធ្វើការនៅថៃវិញ ហើយមិនព្រមទៅរកកូនៗ បើទោះជាឪពុកម្ដាយរបស់លោក មើលមិនស្គាល់លោក។ ប៉ុន្តែលោកបានជួបមុខម្ដាយ បានតែប៉ុន្មានដងប៉ុណ្ណោះ ម្ដាយរបស់លោកក៏បានចែកឋាន ខណៈដែលឪពុកដែលមានភរិយាក្រោយនៅខេត្តព្រះវិហារ ក៏លោកមិនសូវមានលុយឡើងទៅលេង ទើបធ្វើអោយទំនាក់ទំនងរវាងលោក និងឪពុកហាក់មិនខុសពីអ្នកដទៃ។

លោកថាសង្វេគខ្លួននៅពេលបុគ្គលទូទៅមានម្ដាយមានឪពុកជ្រោមជ្រែងការរស់នៅ ប៉ុន្តែសម្រាប់រូបលោក គឺសូម្បីតែការផ្ដល់ជាកម្លាំងចិត្ត ក៏មិនមានដោយសារតែអ្នកទាំងពីរបោះបង់លោកតាំងពីតូច ហើយមិនដែលនឹកនា លុះដល់ពេលជួបគ្នា ក៏អ្នកទាំងពីរមិនសូវជិតស្និទ្ធ។ យ៉ាងណាមិញ លោកថានៅតែគោរពអ្នកទាំងពីរ ជាពិសេសឪពុកដែលនៅរស់ ដោយលោកប្រកាសថា អោយតែមានកេរ្តិ៍ឈ្មោះ មានលុយមានកាក់ បានគួរសម គឺលោកនឹងជួយផ្គត់ផ្គង់ដល់ឪពុកជាប្រចាំ បន្ថែមពីលើជួយដល់បងស្រី និងក្មួយៗ៕

https://youtu.be/wKEQHmBHomk

មតិយោបល់