ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ ផេនខេក ធ្វើខួបឡើងផ្អើល!

បើទោះជាតារាភេទទី៣នាង ផេនខេក បានអះអាងថាពិធីខួបរបស់នាងនឹងធ្វើតែគ្នាឯងដោយមិនអញ្ជើញតារាសិល្បៈកុះករ ក៏ពិធីខួបរបស់នាងកាលពីយប់ថ្ងៃទី៥ កញ្ញាត្រូវគេមើលឃើញថាមានភាពអធឹកអធម និងមានតារាសិល្បៈច្រើនគួរសម បើទោះជាតារាល្បីៗត្រូវគេនាងអញ្ជើញមិនច្រើន។ ភ្ញៀងកិត្តិយសច្រើនជាង១០០នាក់ត្រូវគេឃើញបង្ហាញខ្លួននៅក្នុងពិធីនោះ ដោយសាមីខ្លួនផ្ទាល់បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយដោយសារតែមានភ្ញៀវ និងអ្នកសិល្បៈមកចូលរួមគ្រប់គ្នានោះផង។

ពិធីខួបរបស់នាងត្រូវគេឃើញលេចឡើងឡើងផ្អើលតែម្ដងនៅវីហ្វ្រេនបឹងត្របែក ជាពិសេសក្រុមតារាភេទទី៣ គឺសឹងមិនមានអវត្តមានតារាណាម្នាក់នោះទេ។

ផេនខេក និយាយថាពិធីខួបកំណើតរបស់នាង នាងអញ្ជើញតែអ្នកធ្វើការដែលភាគច្រើនជាតារាភេទទី៣ក្មេងៗដែលបម្រើការជាមួយក្នុងក្លឹបប៉ុណ្ណោះ ទើបក្នុងពិធីរបស់នាងបើទោះជាមានអ្នកចូលរួមដល់ជាង១០០នាក់ចូលរួម តែតារាសិល្បៈល្បីឈ្មោះមិនច្រើនណាស់ណា។

នាងថាខួបលើកនេះធំជាសព្វដង ហើយក៏ចាត់ទុកថាជាខួបទ្រង់ទ្រាយធំដែលនាងបានប្រារព្ធក្រោយពីបានក្លាយខ្លួនជាតារាសិល្បៈនោះផងដែរ។ នាងថាពិធីខួបលើកនេះ គឺគម្រប់អាយុ២២ឆ្នាំ ហើយនាងក៏រំពឹងយ៉ាងខ្លាំងផងដែរថានាងនឹងកាន់តែមានរាសី និងមានទីផ្សារជាងមុនផងដែរ បន្ទាប់ពីធ្វើខួបធំដំលើកមុខលើកមាត់បែបទ្រង់ទ្រាយធំ។ នាងថាពិធីខួបដែលបានធ្វើឡើងគឺចង់ជួបជុំមិត្តភក្តិ និងរៀមច្បងដែលនាងគោរពស្រឡាញ់ ទើបនាងមិនសូវហ៊ានតារាសិល្បៈដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងច្រើននាក់ឲ្យចូលរួម។

នៅក្នុងពិធីខួបរបស់នាងគេឃើញចូលរួមយ៉ាងកុះករសុទ្ធតែតារាភេទទី៣ ប៉ុន្តែតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈក៏មានវត្តមានច្រើនដែរ ដូចជាអ្នកនាង ស៊ុនណារី ម៉ូនីកា លោកកុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី អ្នកនាងឆ័យលី ដាឡែន លោកនាង វ៉ាន់សាន់ ពិធីករហង្សមាស លោកឈួន ពន្លឺ អ្នកនាង អោក សុម៉ាលីតា លោកអ៊ុន សិទ្ធា អ្នកនាងតូច ស្រីពេជ្រ លោករតនៈ វិសិទ្ធ កញ្ញាសុភ័ក្រ្ត កុសុម៉ា សមាជិកក្នុងក្រុមកំប្លែងយ៉េយ៉េ កញ្ញាយ៉ែម ស្រីពេជ្រ រំដួលលិចទឹក លោកខេន វណ្ណាថាត់ លោកម៉ឺន ឯកសុភារិទ្ធិ លោកយ៉ន វុទ្ធី លោកទេព រិទ្ធីនី និងតារាល្បីឈ្មោះជាច្រើនរូបទៀត៕

មតិយោបល់