ប្រមាណជាមួយខែមកហើយដែលតារាចម្រៀង និងជាតារាកំប្លែងល្បីឈ្មោះ អ្នកនាងស៊ុន ណារីម៉ូនីកា បានសម្ងំបើកលក់ខ្យងស្រែ នៅកណ្ដាលភ្នំពេញតែម្ដង ដោយមុខម្ហូបខ្យងស្រែដែលអ្នកនាងបើកលក់នោះ ត្រូវគេកត់សម្គាល់ថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងប្រចាំហាង«ខ្យងស្រែ»ស្ថិតនៅខាងក្រោយសណ្ឋាគារឡឺប្រេស៊ីដង ខណៈដែលមុខអាហារមួយប្រភេទទៀត គឺបុកល្ហុងថ្វីដៃរបស់អ្នកនាងក៏ល្បីណាស់ដែរ។
អ្នកនាងត្រូវគេគេអះអាងថាបានចំណាយលុយសេងហាងខ្យងស្រែ និងបុកល្ហុងមួយនេះធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ដោយក្នុងពេលដ៏ខ្លីអ្នកនាងក៏គ្រោងពង្រីកហាងនេះអោយមានលក្ខណៈធំដុំ ហើយអាចផ្លាស់ឈ្មោះមួយថ្មី ដោយគ្រាន់តែមិនទាន់ដឹងថានឹងត្រូវដាក់ឈ្មោះរបស់អ្នកនាងធ្វើជាយីហោ ឬយកឈ្មោះណាផ្សេងដើម្បីអោយទាក់ទាញជាងនេះ។
ក្នុងជំនួបដោយផ្ទាល់កាលពីយប់ថ្ងៃទី៥ កញ្ញា ក្នុងពិធីខួបកំណើតតារាភេទទី៣ផេនខេក អ្នកនាងបានអះអាងថាពិតជាបានសេងហាងពីគេហើយសម្ងំធ្វើថៅកែស្រីនៅក្នុងហាងបុកល្ហុង និងខ្យងស្រែនោះមែន ទើបអ្នកនាងមិនសូវមានឱកាសទៅណាមកណាដោយសារតែជាប់ដៃមើលខុសត្រូវហាង និងត្រូវបុកល្ហុងដោយដៃរបស់អ្នកនាងផង ដើម្បីតម្រូវការភ្ញៀវ។ អ្នកនាងថានៅក្នុងប្រទេសបារាំង អ្នកនាងក៏ធ្លាប់បើកហាងហូបចុកបែបហ្នឹងផងដែរ ទើបអ្នកនាងចេះស្ទាត់នូវជំនាញធ្វើម្ហូបជាពិសេសគឺបុកល្ហុងតាមបែបថៃ និងបែបអាស៊ី បូករួមទាំងធ្វើចេះធ្វើម្ហូបច្រើនសាសន៍នោះផង ទើបមុខជំនួញដែលបានដំណើរការក្នុងដៃរបស់អ្នកនាងមួយនេះ មិនជាពិបាកប៉ុន្មានទេសម្រាប់ទាំងការគ្រប់គ្រង និងចាត់ចែងរឿងមុខម្ហូប។
អ្នកនាងថាហាងរបស់អ្នកនាងគ្រាន់តែជាហាងធម្មតាប៉ុណ្ណោះ តែមានភ្ញៀវចេញច្រើនកាន់តែច្រើនតាំងពីអ្នកនាងសេងធ្វើជាម្ចាស់ផ្ទាល់ ដោយមុខម្ហូប២ប្រភេទគឺបុកល្ហុង និងខ្យងស្រែទាក់ទាញអ្នកកុម្ម៉ង់គួរអោយកត់សម្គាល់ ដោយបណ្ដាភ្ញៀវពេញចិត្តនឹងថ្វីដៃរបស់អ្នកនាងសឹងនឹងធ្វើអោយអ្នកនាងនឿយហត់តែម្នាក់ឯង។ តាំងពីបើកនោះមកអ្នកនាងសឹងនឹងមានបញ្ហាឆ្អឹងដៃ ដោយសារតែក្នុងមួយថ្ងៃៗគឺអ្នកនាងត្រូវបុកល្ហុងទាំងចានៗតម្រូវតាមការកុម្ម៉ង់របស់ភ្ញៀវ ដោយអ្នកនាងប្រាប់ថាភ្ញៀវសរសើរថាមុខម្ហូបនោះជាប់មាត់។
អ្នកនាងថាការបើកហាងនៅកណ្ដាលទីក្រុងបែបនេះ គឺមានតែជ្រើសមុខម្ហូបណាដែលរបៀបជាអ្នកជនជនបទ ដូចជាបុកល្ហុង និងខ្យងស្រែតែប៉ុណ្ណោះ ទើបអាចមានភ្ញៀវចាប់អារម្មណ៍ ហើយមិនភ័យរឿងឡុងចុង។ យ៉ាងណាមិញនៅក្នុងហាងនោះក៏មានលក់មុខម្ហូបផ្សេងទៀតផងដែរ ដោយគ្រាន់តែលក់ដាច់ជាងគេ គឺខ្យងស្រែ និងបុកល្ហុងថ្វីដៃអ្នកនាងផ្ទាល់។ អ្នកនាងនឹងបណ្ដុះមេចុងភៅរបស់អ្នកនាងអោយស្ទាត់នូវមុខម្ហូបទាំងនោះ ដើម្បីកុំអោយពិបាកខ្លួន ក្រោយពេលអតិថិជនច្រើនឡើងពេញចិត្តនឹងថ្វីដៃធ្វើម្ហូបរបស់អ្នកនាងប្រចាំហាង៕
មតិយោបល់