ភ្នំពេញ: ក្រោយពេលរៀបការ អស់រយៈពេលជិតមួយខែមក គូស្វាមីភរិយាថ្មីថ្មោង គង់ ចាន់ស្រីមុំ និង គឹម សីហា ហាក់មិនទាន់ថមថយកម្តៅ នៃភ្លើងស្នេហ៍ពុះកញ្ជ្រោល ក្រោមអំណាចអាពាហ៍ពិពាហ៍ស្របច្បាប់ ខណៈអ្នកទាំងពីរ ទើបដឹកដៃគ្នាទៅក្រេបច័ន្ទ្រទឹកឃ្មុំ នៅប្រទេសជប៉ុន ឯណោះ។ ផ្ទុយពីតារាគូស្នេហ៍មួយចំនួន ត្រូវបែកបាក់ស្នេហា បន្តកន្ទុយគ្នាជាលំដាប់ ប្រចាំឆ្នាំ២០១៦នេះ គឺមហាជនសង្កេតឃើញជាក់ស្តែងដូចគូខ្លះ ទើបនឹងសាសងស៊ីសស៊ុះស៊ីអារម្មណ៍ មិនទាន់បានមួយចម្អិនកំពឹសផង ក៏ឈានដល់ដំណាក់កាលគូសបន្ទាត់ខណ្ឌចែកពិភពស្នេហា រវាងគ្នានឹងគ្នា ដ៏គួរឱ្យអាស្រូវចំណាយមាត់ញាតិ យ៉ាងអាម៉ាសបំផុត។
តារាសម្ដែងស្រីវ័យ ២៦ឆ្នាំរូបនេះ បានប្រកាសក្តែងៗ ក្នុងអំឡុងពេលរៀបការថា នាងព្រមទាំងស្វាមី គឹម សីហា នឹងធ្វើដំណើរកម្សាន្តទៅប្រទេសជប៉ុន បន្ទាប់ពេលរៀបការរួច។ ទន្ទឹមនឹងហ្នឹង កាលពីពេលថ្មីៗនេះ Facebook ឈ្មោះ Kong Chan Sreymom New ដែលជាគណនីរបស់ ស្រីមុំ បានបង្ហោះថា ” រង់ចាំរយះ 9ឆ្នាំ ទើបមានថ្ងៃនេះ ” បន្ទាប់ពីអ្នកទាំងពីរពេលនេះ បានទៅដល់ប្រទេសកូរ៉េហើយ និងអំឡុងពេលកំពុងធ្វើដំណើរទស្សនាចរណ៍សាងអនុស្សាវរីយ៍ ដោយបង្ហាញនូវភាពល្អូកល្អើន ឱបថើបស្អិតរមួតរបស់គូស្វាមីភរិយាខ្លួន ហាក់ធ្វើឱ្យតារាគូស្នេហ៍មួយចំនួនគ្រាំទ្រូង ដែលធ្លាប់ស្បថស្បែរសច្ចារកន្លងមកនោះ ទំនងស៊ីលៀសរអៀសខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ស្នាមក្រេម គង់ ចាន់ស្រីមុំ បន្សល់លើថ្ពាល់ គឹម សីហា បញ្ជាក់សក្ខីភាព នៃសេចក្តីស្នេហាស៊ីជម្រៅជិត ១០ឆ្នាំមកនេះ សក្តិសមនឹងទទួលបាន នូវពាក្យជូនពរជ័យ និងបានទទួលកាដូពីមិត្តភ័ក្ដិជិតស្និទ្ធ នៅក្នុងរង្វង់សិល្បៈដូចគ្នា គឺអ្នកនាង យ៉ាន លីនដា ជាការធ្វើដំណើរកម្សាន្តទៅក្រេបច័ន្ទ្រទឹកឃ្មុំ នៅកោះម៉ាល់ឌីវ រយៈពេល ៣យប់ ៤ថ្ងៃ ថែមទៀតផង៕
មតិយោបល់