ស្ទឹងត្រែងៈ រថយន្តសាំយ៉ុង១៥កៅអីមួយគ្រឿង បើកបរក្នុងល្បឿនលឿនដល់ផ្លូវកោងវាក់អឺនិងរថយន្តដឹកទឹកកក ដែលកំពុងតែឈប់ដាក់ទឹកកកឲ្យម៉ូយនៅខាងស្តាំដៃ ធ្វើឲ្យសាំយ៉ុងជាន់ហ្វ្រាំងមិនជាប់ រ៉េចង្កូតជ្រុលទៅបុករថយន្តដឹកទឹកកក ដែលឈប់នៅស្តាំដៃនោះតែម្តងទៅ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រភពពីអ្នកលក់ដូរនៅក្បែរនោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តសាំយ៉ុង១៥កៅអីមួយគ្រឿង ពណ៌ទឹកប្រាក់ បើកយ៉ាងលឿន មកដល់ផ្លូវកោងស្ថិតក្នុងភូមិ ជ្រុលចង្កូតទៅបុកជាមួយរថយន្តដឹកទឹកកកមួយគ្រឿង ដែលកំពុងឈប់នៅស្តាំដៃ ដើម្បីដាក់ទឹកកកឲ្យម៉ូយ បណ្តាយឲ្យរថយន្តបង្កខ្ទេច មួយជំហៀងខាងស្តាំ បណ្តាយឲ្យមនុស្សក្នុងរថយន្តរងរបួសស្រាល។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តបង្ក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2N-1674 ត្រូវបានម្ចាស់ដោះកៅអីកែច្នៃខុសបច្ចេកទេសសម្រាប់ដឹកអីវ៉ាន់ផ្សេងៗ។ អ្នកបើកបរឈ្មោះ សៀក ឡេង អាយុ៤៨ឆ្នាំ រស់នៅភូមិថ្មលាត សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ រីឯរថយន្តដឹកទឹកកកជាប្រភេទរថយន្តធន់ធំ ពណ៌សមានឃ្លប់ក្រោយ ពាក់ស្លាកលេខ ភ្នំពេញ3D-5488 បើកបរឈ្មោះ ប៉ុត សុថុន អាយុ២៥ឆ្នាំ រស់នៅភូមិកាំងម៉េម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបានបន្តថា រថយន្តបង្កធ្វើដំណើរក្នុងទិសដៅពីព្រំដែនឡាវចូលទីរួមខេត្តស្ទឹងត្រែង(ពីជើងទៅត្បូង) ចំណែកឯរថយន្តដឹកទឹកកកបើកចេញពីទីរួមខេត្ត(ពីត្បូងទៅជើង) ដើម្បីដើរចែកចាយទឹកកកឲ្យម៉ូយតាមស្រុក ភូមិ។
ក្រោយកើតហេតុបានប្រហែលជាងពី២ម៉ោង គេឃើញម្ចាស់រថយន្តដឹកទឹកកកបានមកដល់កន្លែងកើតហេតុព្រមទាំងសម្របសម្រួលជាមួយសមត្ថកិច្ច និងម្ចាស់រថយន្តបង្ក។ ចំណែកឯអ្នកបើករថយន្តបង្ក និងព្រូ ដែលរងបួរស្រាល ត្រូវបានដឹកបញ្ជូនទៅមន្ទីពេទ្យយោធាខេត្ត ហៅពេទ្យ២១ ភ្លាមៗផងដែរ។ ដោយឡែករថយន្តបង្កត្រូវបានម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយកទៅការ៉ាស់ ដើម្បីជួសជុលឡើងវិញ៕
មតិយោបល់