ក្នុងកិច្ចសម្ភាសន៍ជាមួយតារាសិល្បៈ ដែលពាំនាំយកថវិកាជំនួយទៅប្រគល់ជូនដល់ផ្ទះ អតីតារាចម្រៀង អ្នកនាង អ៊ុំ គន្ធា បានអះអាងថា អ្នកនាងមិនចង់រស់ក្រោមការផ្ដល់ជំនួយពីសប្បុរសជននោះទេ បើទោះជាអ្នកនាងមានជីវភាពខ្វះខាត ហើយរស់នៅជាមួយនឹងជំងឺអេដស៍យ៉ាងលំបាក។ អ្នកនាងចង់បានការផ្ដល់ការងារដូចជា ផ្ដល់ឱកាសអោយអ្នកនាង បានក្លាយជាតារាសិល្បៈម្ដងទៀត និងចង់បានការងារជាប់មួយដែលមានប្រាក់ចំណូលជាជាង។
យោងតាមការផ្សាយផ្ទាល់លើគណនីយលោកសាវិន ហ្វីលីព អ្នកនាងនិយាយថា អ្នកនាងសប្បាយចិត្តណាស់ ដែលមានសប្បុរសជនជាច្រើន បានផ្ដល់ថវិកាអោយអ្នកនាងជាហូរហែរ បន្ទាប់ពីអ្នកនាងអំពាវនាវសុំការសង្គ្រោះជាថ្មី។ យ៉ាងណាមិញបើធៀបនឹងឱកាសទទួលបានការងារដែលអ្នកនាង អាចទទួលបានប្រាក់ចំណូលជាក់លាក់ គឺអ្នកនាងបញ្ជាក់ចង់បានការងារច្រើនជាង។ អ្នកនាងស្នើអោយម្ចាស់ស្ថានីយ៍ប្រេងសាំង និងក្រុមហ៑ុនដែលមានការងារណាមួយ ដែលអាចអោយនាងធ្វើបាន ជួយផ្ដល់ការងារអោយនាង ដោយនាងបញ្ជាក់ថា ជំនួយសប្បុរសធម៍ នឹងរស់បានតែមួយឆាវប៉ុណ្ណោះ តែបើជាការងារ ហើយអាចអោយនាងទទួលបានប្រាក់ខែជាប្រចាំ គឺអ្នកនាងមានសង្ឃឹមក្នុងជីវិតច្រើនជាង។ អ្នកនាងនិយាយថា អ្នកនាងធ្លាក់ខ្លួនដល់ម្លឹង គឺដោយសារតែអ្នកនាង ទទួលនូវការរើសអើង បន្ទាប់ពីអ្នកនាងត្រូវគេដឹងថាមានផ្ទុកមេរោគអេដស៍ និងធ្លាប់ប្រឡូកប្រឡាក់នឹងគ្រឿងញៀន។
យ៉ាងណាមិញ ប្រភពមួយពីក្រសួងព័ត៍មាន បានអះអាងអ្នកនាងធ្លាប់ត្រូវបានក្រសួង ផ្ដល់ឱកាសអោយធ្វើការងារជាពិធីការិនី ក្នុងកម្មវិធីយល់ដឹងពីសុខភាព(ជំងឺអេដស៍) ប៉ុន្តែអ្នកនាងមិនធ្វើនោះទេ ដោយសារតែខ្វះការអត់ធ្មត់។ មិនខុសគ្នាដែរ ប្រភពពីអង្គការមួយ ក៍ធ្លាប់បង្ហើបថាធ្លាប់ផ្ដល់ឱកាសជ្រើសនាងជាបុគ្គលិក ក្រោយពីអ្នកនាងចេញមុខរៀបរាប់ពីកម្សត់ កាលពីប៉ុន្មានឆ្នាំមុនផងដែរ តែអ្នកនាងមកបម្រើការបានតែប៉ុន្មានថ្ងៃក៍បាត់មុខឈឹងដោយមិនផ្ដល់ដំណឹងនៅពេលចង់ឈប់។ អុីចឹងទើបការប្រកាសចង់បានការងារជាថ្មីរបស់អ្នកនាង ធ្វើអោយប្រភពដែលធ្លាប់ផ្ដល់ឱកាសអោយអ្នកនាង និយាយថា មិនទុកចិត្ត។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាងអ៑ុំ គន្ធា មិនទាន់សុំការបញ្ជាក់បានទេ ប៉ុន្តែយោងតាមប្រភពតារាសិល្បៈ ដែលជួបនាងផ្ទាល់កាលពីថ្ងៃទី១៩ កញ្ញា សុទ្ធតែអះអាងថា អ្នកនាងពិតជាចង់បានការងារមួយជាជាងទទួលបានជំនួយ ដែលមានការផ្ដល់ជូនតែមួយប្រាវហើយក៍ស្ងាត់ទៅវិញ។ អ្នកនាងបានអះអាងក្នុងពេលទទួលថវិកាជំនួយថា អោយតែមានហាងសាំង ឬកន្លែងណាមួយទទួលអ្នកនាងអោយធ្វើការ គឺអ្នកនាង នឹងតាំងចិត្តធ្វើដើម្បីខ្លួនឯង និងកូនៗរបស់អ្នកនាង។
លោក សាវិន ហ្វីលីព និយាយថា បញ្ហាធំបំផុតរបស់អ្នកនាង គឺអ្នកនាង អត់មានម៉ូតូសម្រាប់ជិះទៅទៀត ទើបលោកយល់ថា បើទោះជាបានការងារ ក៍មិនដឹងថាអ្នកនាងទៅធ្វើកើតយ៉ាងមិច។ លោកថាកន្លងមកអ្នកនាងទទួលបានឱកាសការងារ ហើយមិនអាចដំណើរការទៅបាន គឺអាចមកពីផ្ទះឆ្ងាយ និងគ្មានមធ្យោបាយធ្វើដំណើរទៅមក៕
មតិយោបល់