ព័ត៌មានកីឡា

កាន់តែក្តៅគគុក ចំពោះភាពមិនចុះសម្រុង នៃខ្សែប្រយុទ្ធជួរមុខ PSG

បន្ទាប់ពីសារពត៌មានជាច្រើនបានចុះផ្សាយ ទាក់ទងនឹងភាពចម្រូងចម្រាស់ នៃការទាត់បាល់ ១១ម៉ែត្រ​មិនចូលរបស់ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani រួចមក បានធ្វើឲ្យ ស្មារតីកីឡាករក្នុងក្រុម មានការប្រេះឆា​យ៉ាងខ្លាំង។

ជាក់ស្តែងណាស់​ បើតាមប្រភពពី Talk Sports បានឲ្យដឹងថា ខ្សែប្រយុទ្ធប្រេស៊ីល Neymar បាន Unfollow ខ្សែប្រយុទ្ធ Cavani ចេញពីគណនី របស់រូបគេភ្លាមៗ បន្ទាប់ពី Cavani ព្យាយាមកាងបាល់ ១១ម៉ែត្រ មិនឲ្យ Neymar ស៊ុតឡើយ បើទោះបីជាកីឡាករក្នុងក្រុមភាគច្រើនចង់ឲ្យ Neymar ស៊ុតក៍ដោយ។ ទាក់ទងនឹងបញ្ហានេះដែរ នៅមិនទាន់ឃើញ ខាងក្រុម Paris Saint Germain ចេញមុខមកដោះស្រាយនៅឡើយទេ ខណ:កីឡាករក្នុងក្រុមវិញ កំពុងតែមានការបែកបាក់សាមគ្គីគ្នាយ៉ាងខ្លាំង។ ប្រសិនបើ បញ្ហានេះនៅតែបន្តទៀត នោះការខិតខំបរឹងប្រែងរបស់ក្រុម Paris Saint Germain អាចក្លាយជាអាសារបង់ ព្រោះថា​ ពួកគេបានចំណាយលុយច្រើនសន្ធឹកសន្ធាប់ក្នុងការទិញ​កីឡាករមកពង្រឹងក្លិប តែបែរជាកើតមានបញ្ហាទៅវិញ។

គួរបញ្ជាក់ផងដែរថា បញ្ហាជម្លោះនេះកើតមានឡើងនៅពេលដែល Dani Alves បានដណ្តើមបាល់ពី Cavani យកមកឲ្យ Neymar ស៊ុត តែត្រូវបាន Cavani ដណ្តើមយកមកស៊ុតខ្លួនឯងវិញ តែបែរជាស៊ុតមិនចូលទៅវិញ។ ដូច្នេះហើយ ក្រុម Paris Saint Germain គួរតែមានវិធានការណ៍ ឲ្យបានឆាប់ក្នុងការដោះស្រាយបញ្ហានេះ​ ប្រសិនបើពួកគេ​មិនចង់ឲ្យមានភាពមិនចុះសម្រុងរវាងកីឡាករនៅក្នុងក្រុម​ទេនោះ។

មតិយោបល់