ព័ត៌មានសិល្បៈ និងកម្សាន្ត

ជុន ណារ៉ា ឡើងកូដម៉ូដែល និងសម្ដែង ចេញ Original Song សង្គ្រប់ទីផ្សារ

ខណ:ដែលទីផ្សារក្នុងការសម្ដែងភាពយន្ត និងការដើរម៉ូដ កាន់តែត្រូវគេកត់សម្គាល់ថាមានសន្ទុះឈានឡើងក្រោយពីបានប្រឡងជាប់ក្នុងវគ្គ១០នាក់ចុងក្រោយកាលពីឆ្នាំ២០១៣ក្នុងកម្មវិធី Khmer Super Model លោក ជុន ណារ៉ា ក៏ចេញបង្អួត Original Song ក្ដៅៗមួយទៀត ដោយលោកប្រកាសថាខ្លួននឹងចាប់អាជីពជាតារាចម្រៀងអាជីពឲ្យខានតែបាននោះផង ដើម្បីពង្រឹងទីផ្សាររបស់លោកដែលមានការឈានឡើងឲ្យកាន់តែទទួលផ្លែផ្កា។

មកទល់ពេលនេះលោកថាលោកមានការរំពឹងខ្ពស់យ៉ាងខ្លាំងជាមួយនឹងបទ Original Song ដែលទើបបង្ហោះឡើង ដោយលោកក៏នឹងតៀមកញ្ចប់ប្រាក់ផលិតបទផ្ទាល់ខ្លួនបែបនេះមិនឲ្យដាច់គ្នាផងដែរ ដើម្បីឲ្យក្ដីស្រម៉ៃចង់ក្លាយជាតារាចម្រៀងអាជីពរបស់លោកមានលទ្ធភាពវាយលុកទីផ្សារពេញលេញ។

លោក ជុន ណារ៉ា បានអះអាងថាក្រោយការផ្សងព្រេងពីខេត្តកំពង់ចាមមកសិក្សានៅភ្នំពេញ លោកទទួលបានផ្លែផ្កាជាច្រើននៅក្នុងវិស័យសិល្ប: បន្ទាប់ពីលោកចូលជាប់ជាបេក្ខភាព១០រូបក្នុងការប្រកួតម៉ូដែលធំមួយកាលពីឆ្នាំ២០១៣។ លោកទទួលបានទីផ្សារតែមួយពព្រិចភ្នែកប៉ុណ្ណោះ ក្រោយពីលោកសម្រេចចិត្តរយាលចោលការសិក្សាហើយទទួលយកការងារសិល្ប:ពេញលេញ។ គិតត្រឹមពាក់ឆ្នាំ២០១៦ លោកមានឱកាសសម្ដែងបានចំនួន៥រឿងហើយ ដូចជារឿង «ជីវិតនាងរចនា» រឿង «ទណ្ឌកម្មស្នេហ៍» រឿង «លម្អៀងចិត្ត» និង រឿង «កំពូលស៊យឆ្លងភព» ជាដើម ដោយក្នុងភាពយន្តនីមួយគឺទោះជាលោកមិនទាន់បានសម្ដែងជាតួឯក តែក៏បានសម្ដែងជាតួអង្គដែលមានសុទ្ធតែប្លង់លេងដល់ និងជាឈុតសម្ដែងដែលលោកយល់ថាជាសាច់រឿងដែលខ្លួនពេញចិត្តផងដែរ។

លោកថារាល់ថ្ងៃការងារសិល្ប:ស្ទើរតែធ្វើឲ្យពេលសម្រាក ដោយសារតែមានផលិតករច្រើនឡើងបានផ្ដល់ឱកាសឲ្យលោកបានសម្ដែង ក្នុងពេលដែលការងារថតស្ពត និងការដើមម៉ូដជាប្រចាំក្នុងក្រុមBN នៅCTN ក៏ស្ទើរតែធ្វើឲ្យលោកមិនសូវទំនេរ។
យ៉ាងណាក៏ដោយលោកនៅតែអះអាងថាអាជីពសម្ដែង និងដើរម៉ូដ មិនទាន់គ្រប់មហិច្ឆតារបស់ខ្លួននោះទេ ទើបលោកសម្រេចចិត្តចេញផលិត Original Song មួយឡើងក្រោមចំណងជើងថា «ស្នេហាអ្នកក្រ!» ដោយចម្រៀងមួយបទនេះលោកនឹងផលិតMV ឲ្យមានសាច់រឿងទាក់ភ្នែកនោះផង បើទោះជាការផលិតជាសាច់រឿងបង្ហាញពីស្នេហាកម្សត់ក្នុងបទចម្រៀងនោះ អាចនឹងត្រូវចំណាយអស់ច្រើន។

លោកថាចម្រៀងមួយបទនេះ នឹងក្លាយជាបទបើកឆាកសម្រាប់ការទីផ្សារជាតារាចម្រៀងដែលមានបទផ្ទាល់ខ្លួន ប៉ុន្តែលោកក៏នឹងសម្រិតសម្រាំងស្នាដៃសម្រាប់ Original Song ក្រោយៗដោយមិនចេះតែសម្រុកចេញដោយមិនគិតពីអារម្មណ៍មហាជន និងប៉ះពាល់ដល់គុណភាពនោះដែរ។ តារាសម្ដែង និងម៉ូដែលវ័យ២២ឆ្នាំរូបនេះ បន្តថាលោកនឹងឈោងចាប់អាជីពចម្រៀងឲ្យទទួលបានជោគជ័យលប់លើអាជីពសម្ដែង និងដើរម៉ូដ ដោយសារតែលោកសម្អាងថាលោកមានចំណូលចិត្ត និងមានទឹកដមសំឡេងអាចប្រឡូកនូវការងារនេះបាន។

ម្យ៉ាងមកពីលោកសម្អាងថាទីផ្សារដើរម៉ូដ និងសម្ដែងរឿងកាន់តែមានការទទួលស្គាល់ដែលមិនពិបាកឲ្យលោកឆក់ចាប់អាជីពចម្រៀងនោះផង ទើបលោកចាប់ផ្ដើមបញ្ចេញស្នាដៃកូនខ្មែរ ដើម្បីសង្គ្រប់ទីផ្សារចម្រៀងដែលជាក្ដីស្រម៉ៃតាំងពីក្មេង។ យ៉ាងណាមិញ លោកមិនទាន់មានគោលដៅហក់ចូលផលិតកម្មណាមួយសម្រាប់អាជីពថ្មីនេះទេ ដោយសារតែលោកចង់ឲ្យការសិក្សាដែលខាងផ្នែកពាណិជ្ជកម្មដែលទើបបានឆ្នាំទី៣បញ្ចប់ជាស្ថាពរសិន ទើបធ្វើការពិចារណា៕

//youtu.be/S8KMGJNw2IE

មតិយោបល់