ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡាយ លក្ខិណា រកផ្លូវចេញក្រៅប្រទេស

យោងតាមការបង្ហើបអោយដឹងពីអ្នកស្និទ្ធិស្នាលរបស់អ្នកនាងឡាយ លក្ខិណា គឺហេតុផលដែលអ្នកនាងឡាយ លក្ខិណា សុខចិត្តដាក់ចិត្តដាក់កាយ វិលត្រលប់មកកាន់វិថីសិល្បៈជាថ្មីក្នុងពេលដែលអ្នកនាងត្រូវបានមហាជន លែងផ្ដោតការចាប់អារម្មណ៍ក្រោយពេលបាត់មុខនេះ គឺអ្នកនាងមិនមែនចង់ល្បី ក្នុងស្រុកតែមួយមុខនោះទេ ប៉ុន្តែអ្នកនាងក៏មានមហិច្ឆតារកផ្លូវចេញក្រៅប្រទេសផងដែរ បន្ទាប់ពីស្ថានភាពរស់នៅ របស់អ្នកនាងដែលធ្លាប់ហ៊ឺហាឡូយឆាយកាលពីឡើងកូដ ក៏ត្រូវប្រែប្រួលដល់កម្រិតខុសគ្នា១០០ដឺក្រេ។

មិនខុសពីការលើកទ្បើងអ្នកនាងក៏បានផ្ដល់បទសម្ភាសន៍ថា អ្នកនាងនឹងបើកចិត្តទទួលការអញ្ជើញអោយចេញច្រៀងក្រៅប្រទេសផងដែរ ដោយអ្នកនាងមិនមានការជំទាស់ណាមួយនោះទេ ដោយសារតែអ្នកនាង បានដាក់ចិត្តហើយថា ត្រូវតែប្រឡូកសិល្បៈអោយជោគជាំ។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា អ្នកនាងឡាយ លក្ខិណា មិនត្រូវការប្រឡូកការងារសិល្បៈ ដែលសន្សំកាកល្អិតក្នុងស្រុក អោយក្លាយជាតារាល្បីដល់កំពូលដូចកាលពីអតីតកាលបានទេ ដោយសារតែការត្រលប់ចូលរបស់អ្នកនាង គឺដល់ដំណាក់កាលចង់ហួសពេល ទៅហើយ។

ប្រភពនោះនិយាយថា អ្នកនាងសុខចិត្តមកសម្ដែង និងឡើងច្រៀងលើឆាករាល់ថ្ងៃ មិនមែនដោយសារតែចង់ល្បីដូចមុននោះទេ ប៉ុន្តែអ្វីដែលអ្នកនាងចង់បាន គឺចង់អោយមានការទទួលស្គាល់ថា អ្នកនាងគឺជាតារាសិល្បៈប្រចាំនៅកម្ពុជាពីសំណាក់បងប្អូនខ្មែររស់នៅក្រៅប្រទេស ហើយមានការធានាអោយអ្នកនាងបានចេញច្រៀងនៅក្រៅប្រទេស ដោយគ្មានឧបសគ្គពីទូត។ តារា៣រូបបានបង្ហើបស្របគ្នាថា អ្នកនាងឡាយ លក្ខិណា បានដឹងច្បាស់ណាស់ថា អ្នកនាងមិនអាចប្រទាញបានប្រជាប្រិយភាពដូចកាលពីមុនបានទេ ប៉ុន្តែហេតុផលដែលអ្នកនាង ប្រឹងប្រែងដាក់ខ្លួនស្ទើរតែមិនស្មើនឹងតួមួយចំនួន ក្នុងជំនាន់ថ្មីនាពេលនេះ គឺដោយសារតែអ្នកនាងចង់បានក្រេឌីតដើម្បីបានចេញទៅក្រៅ។

តារាម្នាក់ក្នុងចំណោមទាំង៣និយាយថា «គេ(ឡាយ លក្ខិណា)មិនមែនចង់ល្បីពីការសម្ដែង ពីការឡើងច្រៀងហ្នឹងទេ ប៉ុន្តែគេចង់អោយមានសកម្មភាពក្នុងសិល្បៈ ស្រួលចូលទូតចេញទៅក្រៅឯណោះទេ ដោយសារខាងទូត(អាមេរិក និងអ៊ឺរ៉ុប) មិនងាយអោយជាប់ទេ ដោយសារតែគាត់ជាតួដែលបាត់មុខយូរ!»។ តារាដែលបានទម្លាយទិន្នន័យនោះ បានអះអាងថាអ្នកនាង ឡាយ លក្ខិណា មានទំនាក់ទំនងជាមួយអ្នកក្រៅប្រទេស នៅឯសហរដ្ឋអាមេរិក និងទ្វីបអ៊ឺរ៉ុប ប៉ុន្តែអ្នកនាងនឹងមិនងាយធ្វើតេស្ដិ៍ជាប់បានចេញទៅនោះទេ ទើបមធ្យោបាយដែលអ្នកនាងអាចចេញទៅកាន់ប្រទេសទាំងនោះបានស្រួល គឺត្រូវតែប្រើតាមគន្លឹះជាតារាសិល្បៈ ដើម្បីចេញទៅសម្ដែង។

ផ្អែកតាមការទម្លាយនោះ គឺស្របនឹងសកម្មភាពយ៉ាងសកម្មរបស់អ្នកនាង នាពេលចុងក្រោយ ដែលគេកត់សម្គាល់ថា អ្នកនាងរមែងបង្ហាញខ្លួន ហើយតែងផ្ដង់សម្ភាសន៍យ៉ាងទូលាយ ដែលផ្ទុយពីចរឹកដើមរបស់អ្នកនាងក្នុងពេលល្បីខ្លាំង និងក្នុងពេលដែលអ្នកនាង បង្ហាញខ្លួនហើយ បានជួបអ្នកកាសែតដោយចៃដន្យម្ដងៗ។ បើទោះជាអ្នកនាងធ្លាប់ត្រូវគេឃើញជិះរថយន្តទំនើប និងមានជីវភាពហ៊ឺហារឡូយឆាយកាលពីមុន ហើយស្រាប់តែបង្ហាញមុខជាថ្មីក្នុងទិដ្ឋភាពយ៉ាងសាមញ្ញមិនដូចមុន ក៏អ្នកនាងនៅតែញញឹមមិនខ្វល់ពីការពេបជ្រាយរបស់តារាសិល្បៈរួមជំនាន់ និងក្រោយជំនាន់នោះទេ ដោយអ្នកនាងក៏ទទួលការងារតម្លៃមិនខ្ពស់ ដើម្បីអោយមានសកម្មភាពច្រើននោះផង។

អ្នកនាងឡាយ លក្ខិណា បានត្រឹមតែអះអាងថា អ្នកនាងពិតជាស្វាគមន៍ចង់អោយមានការអញ្ជើញអ្នកនាងបានច្រៀងនៅក្រៅប្រទេសម្ដងទៀត ដោយប្រទេសដែលអ្នកនាងចង់ទៅគឺសហរដ្ឋអាមេរិក ដែលអ្នកនាងមានអ្នកស្គាល់នៅទីនោះបាន ប៉ុន្តែអ្នកនាងបានអះអាងថា មិនមែនចង់ចូលសិល្បៈជាថ្មី ដើម្បីរកឱកាសបានចេញទៅក្រៅប្រទេសហើយ លែងមកវិញនោះទេ។ អ្នកនាងថាខ្លួនគ្រាន់តែចេញក្រៅ ដើម្បីពង្រីកប្រជាប្រិយភាព និងដើម្បីរកលុយប៉ុណ្ណោះ ខណៈដែលអ្នកនាងក៏សារភាពថា ខ្លួនចង់សាងស្នាដៃសិល្បៈ ដោយប្រកាសទទួលទាំងច្រៀងលើឆាក ក្រៅឆាក និងសម្ដែងអោយបានសស្រាក់សស្រាំ បើទោះជាអ្នកនាងបានដឹងជាមុនថា ការវិលត្រលប់របស់ខ្លួនម្ដងនេះ មិនអាចដូចពេលអ្នកនាងមុនឈប់សិល្បៈ៕

មតិយោបល់