ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃីម រតនៈ ចង់ឃើញបេក្ខជន The Voice Kid មកពីខេត្តកំពង់ឆ្នាំងលើកពាន

បន្ទាប់ពីកុមារា ចាន់ សុខារ័ត្ន អាយុ១៤ឆ្នាំ មកពីខេត្តកំពង់ឆ្នាំងឆ្លងផុតវគ្គ The Blind Auditions កាលពីយប់ថ្ងៃទី៥ សីហា តារាសម្ដែងលោក ឃីម រតនៈ ដែលភាគច្រើនត្រូវគេស្គាល់តាមការសម្ដែងជាតួបងធំ និងជាតួភេទទី៣បានអះអាងថាលោកចង់ឃើញអ្នកខេត្តកំពង់ឆ្នាំរូបនេះកាន់ពាន The Voice Kids ដោយអះអាងថាបេក្ខភាពរូបនេះមានស្រុកកំណើតដូចខ្លួន។ យ៉ាងណាមិញ លោកថានោះគ្រាន់តែជាការលើកទឹកចិត្តប៉ុណ្ណោះ តែសម្រាប់លទ្ធផលនៅមិនទាន់អាចប៉ាន់ស្មានបាននោះទេ ក្នុងពេលដែលបេក្ខភាពរូបនេះត្រូវបន្តការប្រកួតប្រជែងសមត្ថភាពច្រើនដំណាក់កាលទៀតជាមួយនឹងបេក្ខភាពជាកុមារា និងកុមារីផ្សេងទៀត ។

លោកឃីម រតនៈ និយាយថាលោករំភើបចិត្តយ៉ាងខ្លាំង ជាមួយនឹងសមត្ថភាពគួរជាទីមោទនៈរបស់កុមារា ចាន់ សុខារ័ត្ន ដែលអាចកន្ត្រាក់បានកៅអីរបស់គ្រូបង្វឹកទាំង៣អោយបង្វិលជ្រើសរើសយក។

លោកថាខ្លួនជាអ្នកខេត្តកំពង់ឆ្នាំង ទើបលោកទប់ចិត្តមិនបាននៅពេលបានឃើញកុមារារូបនេះធ្វើបានជោគជ័យ ដែលមិនខុសពីលើកមុខលើកមាត់ដល់អ្នកខេត្តកំពង់ឆ្នាំង។

លោកថាមិនទាន់ដឹងថាកុមារា ចាន់ សុខារ័ត្ន នឹងមានឱកាសបន្តឈានឡើងដល់កម្រិតណាទៀតទេប៉ុន្តែសម្រាប់រូបលោកផ្ទាល់គឺលើកទឹកចិត្តដល់ប្អូន និងចង់អោយប្អូនបានកាន់ពាន The Voice Kid តែម្ដង ដើម្បីអោយអ្នកខេត្តឆ្នាំងទាំងមូលមានមោទនភាព សម្រាប់កម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកមួយនេះ។

យ៉ាងណាមិញ លោកថាគ្រាន់តែបេក្ខភាពមកពីខេត្តរបស់លោកឈានផុតវគ្គ The Blind Auditions កាលពីយប់ថ្ងៃទី៥ សីហានោះ គឺជាអ្វីដែលមានការចាប់អារម្មណ៍សម្រាប់អ្នកខេត្តកំពង់ឆ្នាំងណាស់ទៅហើយ ដោយលោកនិយាយថាលោក ក៏ដូចជាអ្នកខេត្តទាំងមូលនឹងបន្តផ្ដល់កម្លាំងចិត្តបន្តទៀត ដល់កុមារា ចាន់ សុខារ័ត្ន ដើម្បីអោយមានសំណាងបានជាប់ក្នុងវគ្គបន្តហើយបើឈានដល់វគ្គកាន់ពាន នោះអ្នកខេត្តកំពង់ឆ្នាំងទាំងមូលពិតជាមានភាពអស្ចារ្យ និងមានមោទនភាពបំផុត។

លោករំពឹងថាបេក្ខភាពរូបនេះ នឹងកាន់តែមានសមត្ថភាពល្អប្រសើរក្រោយការបង្វឹករបស់លោកព្រាប សុវត្ថិ ដោយសារតែគេក៏មានសមត្ថភាពស្រាប់ ហើយលោកព្រាប សុវត្ថិ ក៏មានបទពិសោធន៍ក្នុងការបង្វឹកបេក្ខជនអោយមានការឈានឡើងក្នុងពេលដែលបេក្ខភាពកុមារារូបនេះ ក៏ចេះទាំងច្រៀង ទាំងក្លាហាន និងជំនាញទាំងរ៉េបដែលត្រូវនឹងបទពិសោធន៍របស់លោកព្រាប សុវត្ថិ៕

មតិយោបល់