ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្ញុង ដូចក្រមុំ ក្រោយបានកៃដរ ធ្វើប្ដី

តាំងពីបានសែនព្រេនយកតារាកំប្លែងនាយកៃដរ ធ្វើប្ដី គេកត់សម្គាល់ថា អ្នកមេម៉ាយអ្នកនាងខ្ញុងកាន់តែលេងខ្លួនប្លែក ដោយគ្រប់ពេលដែលអ្នកនាងទៅណាមកណា គឺរមែងលេចធ្លោដោយការតែងខ្លួនមិនចាញ់ក្រមុំនោះទេ។ ធៀបនឹងពេលអ្នកនាងមិនទាន់រកឃើញស្វាមីទី២ ក្រោយធ្លាក់ខ្លួនមេម៉ាយក្នុងសិល្បៈ គឺអ្នកនាងនៅក្នុងពេលនេះ យកចិត្តទុកដាក់ពីរឿងតែងខ្លួនខុសប្លែកពីមុន។

ជាក់ស្ដែងមិនត្រឹមតែក្នុងពិធីឡើងផ្ទះរបស់លោកអ៊ិត សេដ្ឋា ប៉ុណ្ណោះទេ ដែលអ្នកណាក៏មើលទៅថាអ្នកនាងស្រស់ស្អាត គឺសូម្បីតែក្នុងឈុតថតផ្សាយសម្អាងការមួយ ជាមួយនឹងនាយកៃដរ ក៏អ្នកនាងមើលទៅក្មេងប្លែក គឺស្អាតជាងមុនផងដែរ។ នៅមិនទាន់ដឹងថាតើអ្នកនាង ខ្ញុងបានកែកុនសម្រស់ និងថែបំប៉នសម្បុរស្បែកក្នុងរយៈពេលចុងក្រោយប៉ុណ្ណានោះទេ ប៉ុន្តែគេកត់សម្គាល់ថា សម្រស់របស់នាង និងកាលពីមុនខុសគ្នាចង់ដូចមេឃ និងដី។

ទំនងជាអ្នកនាងបានក្លាយនារីដែលមានអ្នកកំដៅបេះដូងមិនកំព្រាដូចមុននោះផង ទើបអារម្មណ៍សប្បាយចិត្តបានជួយអោយអ្នកនាង មានសាច់ឈាមស្រស់ថ្លា ហើយមើលទៅសាច់ឈាមកាន់តែស្អាតប្លែកជាងពីមុន។ អ្នកសិល្បៈច្រើននាក់ សុទ្ធតែបានសរសើរថា អ្នកនាងស្អាតមិនចាញ់ក្រមុំ និងខ្លះថាអ្នកនាងចេះថែមថយរូបសម្រស់ជាងមុន ចាប់តាំងពីមាននាយកៃដរជាស្វាមី ទើបធ្វើអោយសម្រស់របស់អ្នកនាងមើលហើយទាក់ទាញមិនដូចមុន។ នៅក្នុងពិធីឡើងគេហដ្ឋានថ្មី របស់លោកអ៊ិត សេដ្ឋា អ្នកណាៗក៏សំឡឹងមិនដាក់ភ្នែកនោះដែរ ដោយសារតែអ្នកនាងបានលែងឈុតពណ៌ទឹកមាសយ៉ាងភ្លឺភ្លែក ធ្វើអោយសម្រស់របស់អ្នកនាងអណ្ដែតជាងគេ។

អ្នកនាងកាន់តែត្រូវបានអ្នកលេងហ្វេសប៊ុកកោតសរសើរថែមទៀត នៅពេលអ្នកនាងបង្ហាញខ្លួនថតស្ពតសម្អាងការប៉ុន្មានប៉ុស្ដិ៍ជាមួយស្វាមី ហើយប៉ុន្មានសន្លឹកដែលអ្នកនាងតែងជាកូនក្រមុំ គឺស្អាតហើយមើលទៅក្មេងប្លែក។ ថ្វីដ្បិតថាឈុតកូនក្រមុំ គេឃើញអ្នកនាងតែងលម្អឡើងស៊ាំភ្នែក ប៉ុន្តែសម្រស់ក្នុងពេលតែងជាកូនក្រមុំកាលនៅមានព័ត៌មានពាក់ព័ន្ធនឹងនាយពែកមី និងក្នុងពេលបានក្លាយជាភរិយាពេញច្បាប់របស់នាយកៃដរ គឺសម្រស់ពេលនេះក្មេងជាង និងស្អាតជាង។ សម្រស់របស់អ្នកនាងត្រូវបានគេសរសើរថា ប្រែប្រួលតាមទឹកលុយ និងសុភមង្គលក្នុងជីវិតស្នេហា ដែលមិនឯកោដូចមុននោះផង។ អ្នកនាងខ្ញុង ក៏សរសើរមិនដាច់ពីមាត់ពីចំណងស្នេហ៍របស់អ្នកនាង និងតារាកំប្លែងក្រោមដំបូលជាស្វាមី ក្រោយពីបានសែនព្រែនផងដែរ បើទោះជាមុននេះបន្តិចមានព្យុះភ្លៀងផ្សាយថា ភរិយាមុនរបស់នាយកៃដរក្ដៅក្រហាយ នឹងចំណងស្នេហ៍របស់អ្នកនាង ក៏ដោយ៕

មតិយោបល់