ផលិតករច្រើនឡើងបានសម្ដែងក្ដីបារម្ភពីការដួលរលំវិស័យផលិតកុនបន្ទាប់ពីមានការកំណត់ពន្ធថ្មីមិនធ្លាប់មាន និងថាពន្ធថ្មី មិនខុសពីការសម្លាប់វិស័យផលិតកុនក្នុងពេលដ៍ខ្លី។
ក្រោយការប្រកាសរបស់ក្រសួងសិល្បៈវប្បធម៌ពីគោលការនៃការប្រមូលពន្ធរបស់មន្ត្រីពន្ធដាដែលធ្វើឲ្យផលិតករ មានការបារម្ភខ្លាំង។ នេះបើយោងតាមការបញ្ជាក់របស់ផលិតករ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ពន្ធដែលត្រូវបានផលិតករភាគច្រើនយល់ថាជាការបំផ្លាញដំណើរការឆ្ពោះទៅមុខរបស់ផលិតកម្ម និង តួសម្ដែងនោះរួមមាន ពន្ធពីចំណូលនៃការបញ្ចាំងក្នុងរោងកុន១០ភាគរយទៅរដ្ឋ។ ទី២ពន្ធក្រោយចែកជាមួយរោងកុនត្រូវកាត់១ភាគរយទៅរដ្ឋ។ ទី៣ត្រូវបង់ពន្ធអាករ១០ភាគរយរាល់ខែនៃប្រាក់ចំណូលរបស់ផលិតកម្ម។ ទី៤ត្រូវបង់ពន្ធ (vat)ប្រចាំឆ្នាំ។ ទី៥ ពន្ធកាត់ទុកពីប្រាក់ចំណូលចំនួន១៥ភាគរយ។ ទី៦ គឺការកាត់ពន្ធ ១០ភាគរយពីតម្លៃជួលទីតាំង ការិយាល័យ។ ទី៧ពន្ធកាត់ពីបុគ្គលិកពេញម៉ោង១០ភាគរយសម្រាប់បុគ្គលោកមានប្រាក់បៀវត្សរិ៍ចាប់ពី៣០០ដុល្លារអាមេរិកឡើងទៅ។ ទី៨ពន្ធលើអ្នកដឹកនាំសម្តែង អ្នកនិពន្ធ ក្រុមការងារផលិត សិល្បករ ចំនួន១០ភាគរយ។ ទី៩ពន្ធលើកម្មសិទ្ធិ ឬស្នាដៃ ចំនួន១៥ភាគរយ។ ទី១០ពន្ធកម្រៃនៃប្រាក់ចំណូលតួសម្តែង ១៥ភាគរយ និង ទី១០ពន្ធលើការជួលទីតាំងថត ការជួលសម្ភារៈ ១០ភាគរយ… .ល.។ ផលិតករភាគច្រើន រិះគន់ថា បញ្ហាប្រឈមរបស់ផលិតករ នឹងកើតមានឡើងតាមរយៈពន្ធទាំងនេះ ជាពិសេសសម្រាប់ផលិតករដែលពិបាកស្វែងរកផលចំណេញពីការផលិតរឿង។ ក្នុងនោះផលិតកម្មដែលមានលទ្ធភាពផលិតរឿងត្រឹមតែមួយឆ្នាំម្ដង គឺពិតជាមានបញ្ហាប្រាក់ចំណូល ហើយពិតជាត្រូវបង្ខំចិត្តបិទចោលផលិតកម្មចោលតែម្តង។
ផលិតករភាគច្រើន និយាយថា វិស័យភាពយន្ត ខ្មែរទើបតែចាប់ផ្តើមមានសន្ទុះបានបន្តិចក្នុងរយៈពេលចុងក្រោយប៉ុណ្ណោះ ពិសេសក្រោយពេលដែលក្រសួងចេញសេចក្តីប្រកាសហាមចាក់បញ្ចាំងភាពយន្ត និងកម្មវិធីបរទេសក្នុងម៉ោងមាស។ ប៉ុន្តែផលិតករសន្ទុះឆ្ពោះទៅមុខនេះ នឹងក្លាយជាក្តីបារម្ភមួយដ៍ធំ ដែលនឹងឈានដល់ការធ្លាក់ចុះជាថ្មី ដោយសារតែក្រសួងទើបប្រកាសយកពន្ធទៅលើបុគ្គលិកទាំងអស់ដែលជាប់កាតព្វកិច្ចបង់ពន្ធ បន្ថែមពីលើពន្ធច្រើនផ្នែកក្នុងការផលិតកុន។ ផលិតករបានស្នើឲ្យរដ្ឋកំណត់ពន្ធ លើផលិតកម្មទាំងអស់ពីខ្នាតមធ្យមមកត្រឹមខ្នាតតូចវិញព្រោះតែផលិតកម្មពិបាកនឹងធ្វើរបាយការណ៍រៀងរាល់ខែ ។ ភាគច្រើនបានស្នើសុំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលឲ្យជួយអនុគ្រោះទៅលើការបង់ពន្ធក្នុងវិស័យភាពយន្តខ្មែរ ដោយលើកលែងពន្ធពី១០ ទៅ១៥ ឆ្នាំ និងរងចាំឲ្យវិស័យមួយនេះបានរឹងមាំសិនចាំធ្វើការកំណត់ពន្ធទាំង១០ខាងលើ និងពន្ធកាតព្វកិច្ចរបស់តួសម្ដែងផង៕
មតិយោបល់