ភ្នំពេញៈ ស្ត្រីម្នាក់រងគ្រោះម្នាក់បានរត់មកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវអោយជួយធ្វើអន្តរាគមន៍ ក្រោយពេលដែលរូបនាងមករកទិញម្ហូបនៅផ្សារច្បារអំពៅ ហើយត្រូវបានចាញ់បោកក្រុមស្ត្រីទម្លាក់យោងចំនួន ២នាក់ នាំនាងមកដោះយកគ្រឿងអលង្ការដែលមានតម្លៃជាង ២ពាន់ដុល្លារអស់ពីខ្លួននោះ។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៧ នៅខាងមុខក្លោងទ្វារសាលាបឋមសិក្សាបឹងត្របែកខាងត្បូង ផ្លូវលេខ ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំាការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ចន្ថា ធីតា អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីហាយថិច មានស្រុកកំណើតនៅស្រុកកំពង់លាវ ខេត្តព្រៃវែង។ មុនពេលកើតហេតុ នាងបានមករកទិញម្ហូបនៅផ្សារច្បារអំពៅក៏ស្រាប់តែបានជួបស្រ្តីជាជនសង្ស័យចំនួនពីរនាក់មកប្រាប់នាងថា «រើសបានរបស់មានតម្លៃមួយកញ្ចប់» ហើយក៏បង្ហាញរូបនាង និងបញ្ចុះបញ្ចូលអោយនាងឡើងជិះម៉ូតូទៅជាមួយមកកាន់ចំណុចខាងលើធ្វើការដោះដូរគ្នា ដោយនាងបានអោយកងដៃផ្លាកទីនចំនួន ២១កង ខ្សែកផ្លាកទីន ១ខ្សែ និងជញ្ជៀនមាសទម្ងន់ ២ជី ១វង់ សរុបមានតម្លៃរហូតទៅដល់ជាង ២ពាន់ដុល្លារប៉ុណ្ណោះយកទៅបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ ទើបនាងរត់មកប្តឹងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវអោយជួយធ្វើអន្តរាគមន៍ និងបើកញ្ចប់នោះមើលឃើញសុទ្ធតែគ្រាប់កង់នៅខាងក្នុងទាំងអស់ ហើយកម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវរកក្រុមស្ត្រីជាជនសង្ស័យខាងទម្លាក់យោងនេះយកមកធ្វើការផ្តន្ទាទោសទៅតាមច្បាប់ផងងដែរ៕
មតិយោបល់