ព័ត៌មានសិល្បៈ និងកម្សាន្ត

អត់ខ្វល់រឿងចម្រូងចម្រាស់ រឿង«ផ្អើលភូមិ»ដាក់លក់សំបុត្រ

ខណៈដែលបណ្ដាផលិតករភាគច្រើន បានចេញមុខជំទាស់នឹងពន្ធច្រើនផ្នែកពាក់ព័ន្ធនឹងវិស័យផលិតកុន ប្រឆាំងនឹងចំណាត់ការ ដែលគ្រោងប្រកាសឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គេឃើញភាពយន្តរឿង«ផ្អើលភូមិ»បានប្រកាសដាក់បញ្ចាំងយ៉ាងក្រឡឺម កាលពីថ្ងៃទី២៧ តុលា ទន្ទឹមនឹងស្ថានភាពចម្រូងចម្រាស់ត្រូវបានផ្ទុះឡើង។

អ្វីដែលគួរអោយកត់សម្គាល់ទៅទៀត គឺភាពយន្តមួយនេះ ត្រូវបានប្រកាសបញ្ចាំងក្នុងពេលបណ្ដារោងភាពយន្តទំនើប ដាក់រឿងថៃ២រឿងក្នុងពេលនោះផង ទើបធ្វើអោយផលិតកររឿង ភ័យខ្លាចរឿងមិនអាចប្រជែងនឹងភាពយន្តថៃទាំង២នោះបាន។
តំណាងផលិតកម្មតាន់តាន់ បានអះអាងថា ភាពយន្ត«ផ្អើលភូមិ» មិនត្រឹមតែដាក់បញ្ចាំងនៅក្នុងបរិបទ ដែលមានចម្រូងចម្រាស់ផ្ទុះឡើង ក្រោយពីមានច្បាប់កំណត់ពន្ធថ្មី ត្រូវបានប្រកាសឡើងនោះទេ ពោលគឺភាពយន្តមួយនេះ ក៏ដាក់បញ្ចាំងបុកជាមួយនឹងភាពយន្តថៃចំនួន២រឿង ក្នុងពេលតែមួយផងដែរ។

អ្នកស្រីបានអះអាងថា ការដាក់បញ្ចាំងរឿងខ្មែរបុកចំភាពយន្តរបស់ថៃ ឬភាពយន្តបរទេសល្អៗបញ្ចាំងដូចគ្នាក្នុងរោង នឹងធ្វើអោយភាពយន្តក្នុងស្រុក មិនសូវមានសង្ឃឹមខ្ពស់ប៉ុន្មានទេ បើទោះជាភាពយន្តនោះ ត្រូវបានសម្រិតសម្រាំងឡើងអោយមានគុណភាពគ្រប់គ្រាន់។ អ្នកស្រីទទួលស្គាល់ថា ភាពយន្តរបស់កម្ពុជា និងថៃ បើផ្គូរផ្គងគ្នាគឺភាពយន្តថៃពិតជាមានចំណុចល្អជាង ហើយក្រុមអ្នកទស្សនាភាពយន្តតាមរោង ក៏អាចចែកអារម្មណ៍ទៅមើលរឿងបរទេស ឬរឿងថៃដែលទើបមកថ្មីនោះជាជាងផងដែរ គឺមិនអាចមកគាំទ្រភាពយន្តខ្មែរអោយមូលបានទេ។

អ្នកស្រីថាបើរោងបិទរឿងបរទេសថ្មីៗ កុំដាក់អោយត្រូវនឹងការដាក់បញ្ចាំងរឿងខ្មែរ ទើបជាឱកាស ប៉ុន្តែបើដាក់បុកគ្នា គឺភាពយន្តក្នុងស្រុកក៏មិនអាចទាក់ទាញមហាជនបានច្រើននោះដែរ។ យ៉ាងណាមិញ អ្នកនាងស្នើអោយមហាជនជាតិខ្មែរគាំទ្រស្នាដៃកូនខ្មែរ ដោយអ្នកស្រីប្រកាសថា បើការបញ្ចាំងរឿងខ្មែរទទួលបានផលកម្រៃតិចតួច គឺបណ្ដាផលិតករក៏មិនមានឆន្ទៈតស៊ូក្នុងការផលិតទៀតដែរ ដោយសារតែការផលិតកុនពេលនេះ ប្រឈមនឹងរឿងកំណត់ពន្ធច្រើនផង។

លោកស៊ុ ស៊ីថែន អគ្គនាយកក្រុមហ៊ុនពូព្រហ្មដែលក្រុមហ៊ុនចែកចាយភាពយន្តនៅតាមរោងកុន បានទទួលស្គាល់ថា ភាពយន្តខ្មែរបើដាក់បញ្ចាំង បុកជាមួយរឿងបរទេស គឺពិតជាមានការប៉ះពាល់។ ប៉ុន្តែលោកថា អ្នកចង់ទស្សនារឿងខ្មែរក៏នៅតែចង់ទស្សនារឿងខ្មែរដដែល ប្រសិនបើរឿងនោះមានគុណភាព និងមានការទទួលស្គាល់ពីអ្នកទស្សនា ដែលបានទិញសំបុត្រចូលមើល។ យ៉ាងណាមិញលោកថា បើបណ្ដារោងភាពយន្តកុំដាក់ភាពយន្តល្អៗរបស់បរទេស ក្នុងពេលភាពយន្តខ្មែរមួយត្រូវបានប្រកាសបញ្ចាំងគឺពិតជាល្អ ដោយសារតែអ្នកមកទិញសំបុត្រមើលកុន នឹងអត់ជម្រើសហើយរួមគ្នាគាំទ្ររឿងខ្មែរជាជាង។ លោកថាភាពយន្តរឿង «ផ្អើលភូមិ»ត្រូវបានដាក់បញ្ចាំងផ្លូវការតាំងពីថ្ងៃទី២៧ តុលា តែលោកមិនទាន់ដឹងថា ភាពយន្តមួយនេះនឹងកន្ទ្រាក់អ្នកទស្សនាបានច្រើនតែម្ដង ឬអាចដល់ប៉ុន្មានថ្ងៃក្រោយនោះទេ ក្នុងពេលដែលលោករំពឹងថា នេះជាភាពយន្តដែលមានរសជាតិកំប្លែង និងភ័យរន្ធត់របស់ផលិតកម្មតាន់តាន់ ដែលលោកមានទំនុកចិត្តច្រើន។

មិនខុសគ្នាដែរលោកខាត់ វ៉ៃហាំង ដែលជាតួឯកប្រុស និងតារាផ្សេងទៀត ក៏មានជំនឿចិត្តភាពយន្តមួយ នឹងផ្អើលនៅគ្រប់រោងកុងផងដែរ ថ្វីដ្បិតថាក្នុងពេលដែលប្រកាសលក់សំបុត្រនេះ ភាពយន្ត២របស់ថៃក៏ត្រូវប្រកាសថានឹងដាក់លក់សំបុត្រផងដែរ៕

មតិយោបល់