ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកររឿង«សរសរកន្លោង» ប្រកាសលុបគម្រោងផលិតកុន

យោងតាមតារាសិល្បៈដែលបានរួមសម្ដែងក្នុងរឿង «សរសរកន្លោង» បានអះអាងថា លោករ៉ូណាន់ ដែលត្រូវគេស្គាល់ថា ជាផលិតករវ័យក្មេងប្រចាំផលិតកម្មឥន្ទ្រានិមិត្ត និងធ្លាប់ល្បីល្បាញតាមរយៈការផលិតរឿង «កំណត់ហេតុនាងនាថ»នោះ គឺនឹងលុបគម្រោងផលិតកុនបន្ត បន្ទាប់ពីខាងក្រសួងវប្បធម៌ដាក់ចេញនូវពន្ធ រហូតដល់១០យ៉ាង ដែលធ្វើអោយផលិតករភាគច្រើន មិនអាចទទួលយកបាន។

ផលិតករដដែលនេះ បានទាំងអះអាងថា ខ្លួននឹងបញ្ចប់គម្រោងផលិតកុននោះផង ដើម្បីកុំអោយប្រឈមនឹងការបង់ពន្ធ ដ៏ច្រើនដែលលោកបង្ហើបថា ស្ថិតក្នុងកាលៈទេសៈ មិនទាន់មានការកំណត់ដោយពន្ធផង ក៏ផលិតកម្មរបស់លោក មិនសូវទទួលផលចំណេញ ស្រាប់ទៅហើយ។ តារាមួយរូបដែលត្រូវគេស្គាល់ថា ជាតួសំខាន់ក្នុងរឿង «សរសរកន្លោង» បានអះអាងប្រាប់ Post Komsan ថា លោករ៉ូណាន់ ដែលជាផលិតករល្បីឈ្មោះ បានប្រាប់តារាៗ នៅក្នុងគ្រុបដែលលោកបង្កើតឡើងថា រឿង«សរសរកន្លោង»អាចនឹងក្លាយជារឿងចុងក្រោយ របស់ផលិតកម្មលោក ប្រសិនបើច្បាប់បង់ពន្ធច្រើនផ្នែករបស់ក្រសួង ដែលបានប្រកាសឡើងមិនត្រូវបានរំសាយចោល ឬពន្យារពេល។

តារាដដែលនិយាយថា លោករ៉ូណាន់ មានគម្រោងចេញផលិតភាពយន្តទី៣ បន្ទាប់ពីរឿង«កំណត់ហេតុនាងនាថ»ទទួលបានជោគជ័យ និងបន្ទាប់រឿង«សរសរកន្លោង» ដែលត្រៀមបញ្ចាំងនៅថ្ងៃទី៨ តុលា ខាងមុខ ក៏រំពឹងពីទំហំជោគជ័យផងដែរ។ លោកនិយាយថា «លោករ៉ូណាន់ថារឿង«សរសរកន្លោង» ប្រហែលជារឿងចុងក្រោយហើយ ដោយសារតែមានការដំឡើងពន្ធម្លឹងៗ»។ តារាមួយចំនួនផ្សេងទៀត ក៏បង្ហាញពីការអះអាងរបស់លោករ៉ូណាន់ បែបនេះផងដែរ ដោយតារាដែលបានឮជំហររបស់លោកមានការព្រួយបារម្ភ ប្រសិនបើផលិតករមួយនេះ បញ្ចប់ការផលិតកុនមែននោះផង ដោយសារតែពេលកន្លងមកលោក គឺជាផលិតករមួយរូប ដែលមានស្នាដៃច្រើនក្នុងការលើកស្ទួយតារាចាស់ថ្មី អោយមានឈ្មោះបោះសំឡេង។

មិនខុសពីការបញ្ជាក់ប្រាប់ លោករ៉ូណាន់ ក៏សារភាពថាលោកពិតជាមានជំហរបែបនេះនោះដែរ ដោយសារតែលោកប្រកាសថា ភាពយន្តក្នុងពេលមិនទាន់មានការតម្រូវអោយបង់ពន្ធដ៏ច្រើននោះ គឺសឹងនឹងរកចំណេញមិនទាន់ឃើញ។ លោកថាអះអាងថា ភាពយន្តរឿង«កំណត់ហេតុនាងនាថ» ទទួលបានប្រាក់ចំណូលរហូតដល់៣០ម៉ឺនដុល្លារ ដែលលោកចាត់ទុកថាជារឿង ដែលកើបលុយបានច្រើន តែផលចំណេញដែលលោកទទួលបាន គឺមិនច្រើនដល់ម្លឹងនោះទេ ដោយសារតែក្នុងចំនួនទឹកប្រាក់ទាំង៣០ម៉ឺនដុល្លារនោះ គឺត្រូវកាត់ពន្ធ១០ភាគរយ កាត់ថ្លៃរោងពាក់កណ្ដាល និងកាត់ថ្លៃដើមដែលប្រើក្នុងការផលិតប្រមាណជិត១០ម៉ឺន គឺសល់មិនច្រើននោះទេ។ លោកធ្លាប់បង្ហើបថា ផលចំណេញដែលលោកទទួលបានបើធៀបនឹងការប្រឹងប្រែង គឺមិនច្រើននោះទេ ដោយសារតែការផលិតមួយរឿង យ៉ាងហោចប្រើពេលច្រើនជាង៦ខែ ដោយផលចំណេញដែលលោកហៅថាមិនច្រើនសមកម្លាំងនោះ គឺមិនទាន់រាប់បញ្ចូលនូវការកាត់ពន្ធ ដែលទើបតែចេញថ្មីៗនោះផង។

អ៊ីចឹងហើយទើបតារាសិល្បៈច្រើននាក់ ក្នុងក្រុមថតរឿង«សរសរកន្លោង»បង្ហើបថាលោកបានបញ្ជាក់ជំហរមួយនេះ ដោយសារតែលោកយល់ថា ការផលិតរឿងក្រោមសម្ពាធបង់ពន្ធ ដែលបានកំណត់គឺមិនខុសពីយកលុយទៅបង់ចោល ហើយពិបាកចំណេញ។ យ៉ាងណាមិញ លោក ប៉ុក បូរក្ស ប្រធានស្ដីទីនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និយាយថា អ្វីដែលបានប្រកាសឡើង គឺបណ្ដាលមកពីមានការភាន់ច្រលំ ទើបធ្វើអោយផលិតករភាគច្រើនប្រតិកម្ម។ លោកថាច្បាប់នោះ គឺមានតែជួយផលិតករ ដោយសារតែបានកំណត់ អោយរោងដំឡើងថ្លៃសំបុត្រ តែបណ្ដាផលិតករនៅអះអាងថា ការបកស្រាយនោះ គឺមិនស៊ីនឹងការកំណត់ឡើងដោយច្បាប់បង់ពន្ធថ្មីនោះទេ៕

មតិយោបល់