មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកយាយ ចាន់ ស៊ីផាន់ ដែលត្រូវគេស្គាល់ថាជាតារាជើងចាស់ល្បីឈ្មោះស្រាប់តែមានដំណឹងធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងឲ្យធម៌ពីសំណាក់ព្រះសង្ឃនោះផង ដោយលោកយាយមានបណ្ដាំចុងក្រោយគឺចង់ឃើញមុខតារាចាស់ដែលលោកយាយធ្លាប់សម្ដែងជាមួយមុនស្លាប់ ដែលគេផ្ដោតជាសំខាន់លើលោក ខៃ ប្រសិទ្ធិ អ្នកនាង ចាន់ តារាទី អ្នកនាង អម្ពរ ទេវី និងលោក ចៅ ចាន់ណារី ជាដើម។
យ៉ាងណាមិញ យោងតាមការបង្ហោះរបស់កូនស្រីលោកយាយ គឺតារា២ដួងកំពុងល្បីល្បាញក្នុងប្រទេសកម្ពុជាតែ២រូបប៉ុណ្ណោះ គឺនាយកុយ និងនាយក្រឹម ដែលលោកយាយចង់ឃើញមុខដោយផ្ទាល់មុនពេលផុតដង្ហើម។
អ្នកស្រី ស្រីកា កូនស្រីលោកចាន់ ស៊ីផាន់ បានអះអាងថាលោកយាយដែលមានវ័យ៩៣ឆ្នាំ ក្នុងឆ្នាំនេះ បានធ្លាក់ខ្លួនឈឺធ្ងន់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបតែទ្រុឌទ្រមខ្លាំងក្នុងប៉ុន្មានថ្ងៃចុងក្រោយ ដោយតម្រូវឲ្យអ្នកស្រី និងកូនចៅ និមន្តព្រះសង្ឃមកឲ្យធម៌ ព្រោះតែអស់សង្ឃឹមនោះផង។
អ្នកស្រីថាម្ដាយរបស់ខ្លួនដែលមានប្រវត្តិសម្ដែងជាច្រើនរឿងក្នុងជំនាន់លោកខៃ ប្រសិទ្ធិ និងអម្ពរ ទេវី ជាដើម មិនមានសង្ឃឹមថាអាចថយក្រោយបានដូចក្មេងដែលមានជំងឺបន្តិចបន្តួចបានទេ ដោយសារតែលោកយាយវ័យកាន់តែជរា ហើយស្ថានភាពជំងឺពាក់ព័ន្ធនឹងក្រពះ និងពោះវៀន ក៏ស្ថិតក្នុងដំណាក់កាលចុងក្រោយ។ អ្នកស្រីបានបង្ហោះជាថ្មីនៅលើហ្វេសប៊ុកថា បើទោះជាម្ដាយរបស់អ្នកស្រីមានបំណងចង់ឃើញតារាសិល្បៈភាគច្រើនដែលបានរួមសម្ដែងជាមួយលោកយាយ កាលពីលោកយាយនៅសម្ដែងជាតួសម្ដែងម្ដាយ ប៉ុន្តែមានតែតារាតែ២រូបមុនគេដែលលោកយាយចង់ឃើញដោយខានមិនបានគឺ នាយកុយ និងនាយក្រឹម ដោយសារតែអ្នកស្រីបញ្ជាក់ថាតារាកំប្លែងទាំង២ដួងសម្ដែងប៉ះលោកយាយកាលពីនៅរឹងមាំច្រើនជាងគេ ហើយក៏ជាតារាល្បីឈ្មោះ និងរស់នៅក្នុងស្រុក ដែលមិនពិបាកស្កាត់មកដូចតារាល្បីៗផ្សេងទៀតរួមមាន លោកខៃ ប្រសិទ្ធិ និងអ្នកនាងអម្ពរ ទេវី ជាដើម។
អ្នកស្រីថា លោកយាយមានបំណងតែមួយនេះគត់សម្រាប់ដង្ហើមចុងក្រោយ ហើយក៏មិនមែនចង់បានលុយកាក់ពីនាយកុយ និងនាយក្រឹម ក្នុងពេលដង្ហើយរកនេះទេ គឺលោកយាយគ្រាន់តែចង់ជួបមុខ និងសំណេះសំណាលរំលឹកអនុស្សារីយ៍ដែលធ្លាប់បានរួមសុខទុក្ខជាមួយគ្នា ក្នុងពេលថតកុនប៉ុណ្ណោះ។ អ្នកស្រីថាម្ដាយរបស់ខ្លួនពិតជាសង្វេគណាស់ ដោយសារតែក្រោយពីបាត់មុខពីការសម្ដែងគឺមិនសូវមានតារាសិល្បៈណាម្នាក់ចេញចូលសួរសុខទុក្ខ និងទាក់ទងទេ ទើប ក្រោយពេលលោកយាយធ្លាក់ខ្លួនដាបខ្លាំងក៏ដាច់ចិត្តប្រកាសឲ្យដឹងពីបំណងរបស់លោកយាយដើម្បីឲ្យលោកបានបិទភ្នែកជិតសម្រាប់ដង្ហើមចុងក្រោយ។
ពាក់ព័ន្ធនឹងការអំពាវនេះ គេមិនទាន់ដឹងថានាយកុយ និងនាយក្រឹម នឹងស្កាត់ទៅជួបឬយ៉ាងណានោះទេ ប៉ុន្តែគេជឿជាក់ថាលោកទាំង២ពិតជាបំពេញបំណងលោកយាយចុងក្រោយ ដោយសារតែនាយកុយ និងនាយក្រឹម ក៏មានអនុស្សាវរីយ៍រាប់មិនអស់ក្នុងពេលសម្ដែងជាមួយលោកយាយ បើទោះជាលោកទាំង២មមាញឹកខ្លាំងកន្លងមក ហើយមិនសូវបានទំនាក់ទំនងជាមួយលោកយាយមុនពេលលោកយាយឈឺធ្ងន់៕
មតិយោបល់