ក្រោយការកាន់ពានរបស់តារាចម្រៀងវ័យក្មេងពេជ្រ ថៃ មានការជំទាស់ច្រើនមកហើយថាតារាចម្រៀងវ័យក្មេងរូបនេះ មានទឹកដមសំឡេងមិនសមនឹងកាន់ពាន The Voice Kids Cambodia រដូវកាលទី១ដែលចម្រុះដោយកុមារាកុមារីសំឡេងល្អៗនោះទេ។
ប៉ុន្តែអ្នកគាំទ្រមួយចំនួនមានការកោតសរសើរទៅវិញដោយសារតែក្នុងកម្មវិធីបានអះអាងថាពេជ្រ ថៃ មានអាយុទើបតែ១២ឆ្នាំ ដែលក្មេងក្នុងអាយុប៉ុណ្ណេះ កម្រនឹងមានអ្នកពូកែវោហាស័ព្ទ ចេះក្រម៉ិចក្រម៉ើមបានល្អ ហើយក្លាហានដូចគេ ខ្លាំងណាស់ ទើបការកាន់ពានរបស់គេគឺជារឿងសមហេតុផលបំផុត ព្រោះតែក្មេងអាយុទើប១២ឆ្នាំតែធ្វើបានល្អគ្រប់រឿង ពិសេសគឺភាពអោនលំទោន សម្តីគួរសម និងការលើកដាក់សម្ដីសម្ដៅជាដើម។
យ៉ាងណាមិញ ការទម្លាយចុងក្រោយបានអះអាងថា ពេជ្រ ថៃ ការពិតមិនមែនអាយុ១២ឆ្នាំដូចការប្រកាសនៅក្នុងពេលប្រឡងនោះទេ គឺអ្នកដែលបានស្គាល់ក្មេងម្នាក់នេះសុទ្ធតែអះអាងថាគេមានវ័យយ៉ាងហោច១៥ឆ្នាំ ឬ១៦ឆ្នាំ គឺស្មើនឹងវ័យរបស់មនុស្សជំទង់ ឬមនុស្សពេញកំលោះ ដោយគ្រាន់តែគេមានរូបរាងតូចក្រិន មើលទៅឃើញល្អិតប៉ុណ្ណោះ។ អុីចឹងហើយ ទើបគេអាចនិយាយស្ដីបានច្រើន និងមានភាពក្លាហាន មិនដូចក្មេងពីអាយុ១២ឆ្នាំធម្មតាទូទៅ។
ផ្អែកតាមការទម្លាយរបស់អ្នករស់នៅភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ទីដែលពេជ្រ ថៃ រស់នៅ សុទ្ធតែអះអាងថាពេជ្រ ថៃ គេមានជំងឺក្រិន មិនខុសគ្នាពីនាយក្រិនដែលល្បីក្នុងវង់កំប្លែងនាយកុយទេ ដោយគ្រាន់តែគេមិនទាន់មានអាយុដល់៣០ជាងដូចគ្នានឹងនាយក្រិននៅឡើយ។ អ្នកភូមិរស់នៅទីនោះបានអះអាងថាពេជ្រ ថៃ រៀនថ្នាក់ទី៧ ចូលទី៨ ហើយគេមានអាយុមិនក្រោម១៥ឆ្នាំទេ ដោយសារតែក្មេងក្នុងភូមិដែលមានអាយុ១៥ឆ្នាំអស់ទៅហើយ សុទ្ធតែកើតក្រោយគេ។
អ្នកទាំងនោះនិយាយថា អាយុពិតរបស់ពេជ្រ ថៃ បើកៀកៗនឹង១៦ពេញ ក៏១៥ឆ្នាំលើសដែរ តែបណ្ដាលមកពីគេមានរាងតូចល្អិត ហើយចង់ចូលប្រឡងនៅហង្សមាសកុំឲ្យខុសនឹងលក្ខន្តិកៈកម្មវិធី ទើបក្រឡៃថាអាយុ១២ឆ្នាំ រហូតធ្វើឲ្យមានការកោតសរសើរឡើងផ្អើលផ្ទៃប្រទេសសូម្បីតែថ្នាក់ដឹកនាំកំពូលថា គេពិតជាកម្ររកបានព្រោះវ័យទើបតែ១២ឆ្នាំ តែមានភាពក្លាហាន និង វោហាស័ព្ទពេញខ្លួន។
អ្នករស់នៅភូមិជាមួយពេជ្រ ថៃ បានអះអាងថា ពេជ្រ ថៃ អត់មែនអាយុ១២ឆ្នាំទេ ដោយបានទាំងសន្និដ្ឋានថា ហេតុផលដែលគេមិនឲ្យធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅក្នុងពេលប្រឡង គឺជាហេតុផលមិនចង់ឲ្យមានព័ត៌មានមួយនេះធ្លាយចេញ នាំតែខុសកម្មវិធីដែលជ្រុលឲ្យគេជសប់ រហូតមានការបោះឆ្នោតឲ្យជាប់ពីអ្នកទស្សនានៅគ្រប់ដំណាក់កាលនោះផង។
ដ្បិតថាពេជ្រ ថៃ ជាក្មេងកម្សត់ក្នុងភូមិធ្លាប់ដើរទូលនំលក់ និងមានឪពុកម្ដាយទៅរកស៊ីនៅថៃទុកអោយនៅជាមួយជីដូន និងបងស្រី ប៉ុន្តែអ្នករស់នៅក្នុងស្រុកភូមិជាមួយគេ នៅតែអះអាងថាគឺជារឿងអយុត្តិធម៌ ដែលខាងហង្សមាសមិនធ្វើការស៊ើបអង្កេតពីប្រវត្តិរបស់អ្នកប្រឡងឲ្យច្បាស់លាស់មុននឹងឲ្យប្រឡង ហើយបែរជាជ្រើសក្មេងក្រិនអាយុលើសពីក្មេងផ្សេងទៀតដែលផ្ទុយពីការកំណត់របស់កម្មវិធីឲ្យទៅបញ្ចេញសមត្ថភាព ដែលមានប្រៀបជាងក្មេងអាយុតិចពិតប្រាកដ។
មានការបញ្ជាក់ថា ពេជ្រ ថៃ ក្លាហាន និងចេះនិយាយស្ដី ព្រមជាមួយនឹងភាពកំប្លុកកំប្លែងលើសក្មេងដែលចូលប្រឡងក្នុងកម្មវិធីដ៏ទៃ គឺព្រោះតែការពិតគេមានអាយុជាក្មេងជំទង់ជិតពេញវ័យនេះឯង។ អ្នករស់នៅក្នុងភូមិដែលពេជ្រ ថៃ និងអ្នកសិក្សានៅអនុវិទ្យាល័យម្រះព្រៅជាមួយពេជ្រ ថៃ សុទ្ធតែបានទម្លាយថាការពិតគេមានអាយុច្រើនជាង១៥ឆ្នាំ។ ប៉ុន្តែគេមិនទាន់ដឹងថា ការទម្លាយនោះជាការពិត ឬយ៉ាងណានោះទេ ខណៈដែលភាគីខាងពេជ្រ ថៃ រមែងប្រកាសថាគេ ទើបតែមានអាយុ១២ឆ្នាំមិនកែប្រែចម្លើយ ក្នុងពេលដែលឯកសារបញ្ជាក់ពីថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់ប្អូនក៏មិនទាន់មានការទម្លាយ។
អ្នកដែលជឿជាក់លើការទម្លាយថាពេជ្រ ថៃ ជាកុមារក្រិនដែលមានអាយុច្រើនជាង១៥ឆ្នាំ សុទ្ធតែមានការជឿថា សមត្ថភាពនិយាយ និងកំប្លែងរបស់គេ មិនមែនជាភាពក្លាហានរបស់ក្មេងវ័យ១២ឆ្នាំ។ អ្នកទាំងនោះបានទាំងវិភាគថាទាំងទម្រង់មុខ និងសំឡេងរបស់ពេជ្រ ថៃ គឺពិតជាលក្ខណៈរបស់មនុស្សក្រិន ជាពិសេសក្នុងពេលដែលគេកាន់ក្បាលមេក្រូក្នុងឱកាសបុណ្យអុំទូក ហើយអាចនិយាយបូរបាច់មិនខុសពីមនុស្សពេញវ័យ ដែលផ្ទុយពីកុមារាកុមារីផ្សេងទៀត ដែលទោះជាក្លាហានយ៉ាងណា ក៏មិនដល់នោះ។
គេមិនទាន់ដឹងថាបើមានការស៊ើបអង្កេតថា ពេជ្រ ថៃ មិនមែនអាយុ១២ឆ្នាំផ្ទុយពីកម្មវិធីដូចការទម្លាយ តើគណកម្មការ The Voice Kids ពិភពលោកនឹងដកយកពាននោះវិញ ឬយ៉ាងណានោះទេ ក្នុងពេលដែលការប្រកួតមួយនេះគឺបានប្រកាសរួចទៅហើយថា ក្មេងអាយុលើស១៤ឆ្នាំ គ្មានសិទ្ធិចូលប្រឡងនោះ៕
មតិយោបល់