ព័ត៌មានសិល្បៈ និងកម្សាន្ត

វីតាមីនសេ គ្រូពេទ្យមហារីកអត់ហ៊ានព្យាបាល ក្រោយរកឃើញដំបៅក្រពះធ្ងន់ធ្ងរ

កាលពីល្ងាចថ្ងៃទី១០ វិច្ឆិកា តារាកំប្លែងនាយវីតាមីនសេ ត្រូវបានគ្រូពេទ្យអាគារមហារីករបស់មន្ទីរពេទ្យរុស្ស៊ីអនុញ្ញាតឲ្យចេញមកផ្ទះវិញហើយ បន្ទាប់ពីរកឃើញថាលោកមានជំងឺដំបៅក្រពះធ្ងន់ធ្ងរមួយទៀត ហើយមិនអាចវះកាត់ដុំសាច់ដែលដុះក្នុងថ្លើមតាមការគ្រោកទុកនោះផង។

លោកនឹងត្រូវប្រើថ្នាំព្យាបាលជំងឺដំបោះក្រពះរហូតដល់ជាជាមុនសិន ទើបអាចដោះស្រាយរឿងវះកាត់ដុំសាច់ ឬប្រើថ្នាំរំលាយដុំសាច់ជាក្រោយ។

ជំងឺដំបោះក្រពះដែលទើបនឹងរកឃើញនេះ ក៏នឹងរារាំងការព្យាបាលដុំសាច់ដែលកើតក្នុងថ្លើមឲ្យបន្តពន្យារពេលផងដែរ ទើបជារឿងមួយថ្មីត្រូវបារម្ភចំពោះស្ថានភាពជំងឺរបស់នាយវីតាមីនសេ ក្នុងពេលដែលជំងឺដុំសាច់ដែលបានរកឃើញ ក៏ជាជំងឺដែលស្ថិតក្នុងការព្រួយបារម្ភព្រោះតែវាអាចមានការវិវត្តិន៍ ឬប្រែប្រួលឆាប់រហ័សផងដែរ។

អ្នកនាងប៉េងប៉ោង កូនស្រីនាយវីតាមីនសេ បានសម្ដែងអារម្មណ៍តក់ស្លុតក្នុងពេលដែលឪពុករបស់ខ្លួនស្រាប់តែមានជំងឺដំបៅក្រពះមួយផ្សេងទៀត បន្ថែមពីលើជំងឺដុំសាច់ក្នុងថ្លើម ដែលអ្នកនាងថានោះជាជំងឺអាចប្រឈមនឹងជំងឺមហារីកកាច ឬស្លូត។ អ្នកនាងថាគ្រូពេទ្យមិនហ៊ានវះកាត់ ឬប្រើថ្នាំរំលាយដុំសាច់នោះទេ ក្នុងពេលដែលលោកស្រាប់តែផ្ទុះជំងឺដំបៅក្រពះបន្ថែមបែបនេះ ក្នុងពេលដែលលោកក៏មានជំងឺទឹកនោមផ្អែមដែលស្ថិតក្នុងការពិបាកវះកាត់នោះផង។

អ្នកនាងនិយាយថា«ពីមុនពេទ្យថាប៉ា(វីតាមីនសេ) មានបញ្ហាទឹកនោមផ្អែមមិនអាចវះបាន អ៉ីចឹងគេអាចបាញ់កាំរស្មី ឬប្រើថ្នាំរំលាយដុំសាច់នោះបាន តែដល់សុងក្រពះទៅស្រាប់តែឃើញគាត់មានដំបៅដល់ទៅ២កន្លែងចឹង ពេទ្យអត់ហ៊ានធ្វើអីដុំសាច់នោះទេ ហើយពេទ្យឲ្យប៉ាទៅសម្រាកព្យាបាលក្រពះសិន អ៉ីចឹងហើយទើបយើងកំពុងភ័យខ្លាចដុំសាច់ហ្នឹងវារាលដាលទៅជាស្អីៗ ដោយសារពេទ្យវាអាចប្រែប្រួលបានគ្រប់ពេល បើយើងអត់ធ្វើអីវាកើតចឹង!»។ អ្នកនាងថាលោកនាយវីតាមីនសេ នៅតែមានអាការៈធ្វើទុក្ខម្ដងម្កាលជាពិសេសគឺចុកត្រង់ក្រពះ និងថ្លើម ប៉ុន្តែពេលខ្លះក៏មើលទៅដូចជាមនុស្សធម្មតានោះដែរប្រសិនបើលោកត្រូវបានអ្នកនាង និងក្រុមគ្រួសារបន្លប់កុំឲ្យគិតច្រើន ហើយធ្វើឲ្យមានអារម្មណ៍សប្បាយៗ។

អ្នកនាងនៅតែបន្តការភ័យបារម្ភពីស្ថានភាពជំងឺរបស់ឪពុក បន្ទាប់ពីខាងគ្រូពេទ្យឲ្យចេញមកសម្រាកនៅផ្ទះ ដែលមិនខុសពីការពន្យារពេលឲ្យជំងឺដុំសាច់មិនទាន់វះកាត់ ឬប្រើថ្នាំរំលាយឲ្យបានឆាប់បាន។ យ៉ាងណាមិញ អ្នកនាងមានតែការបួងសួងសុំឲ្យឪពុកមិនអីប៉ុណ្ណោះ បន្ទាប់ពីមានជំងឺបន្ថែម២គឺដុំមហារីកប៉ុនពែងតែនៅចំថ្លើម និងជំងឺដំបៅក្រពះធ្ងន់ធ្ងរ បន្ថែមពីលើជំងឺលើសឈាម លើសជាតិខ្លាញ់ និងទឹកនោមផ្អែម ដែលធ្វើទុក្ខរាល់ថ្ងៃនោះ៕

មតិយោបល់