មានការចាប់អារម្មណ៍ជាមួយនឹងបទនិពន្ធថ្មីសន្លាងរបស់តារាចម្រៀង កញ្ញា វណ្ណា វត្តី ដែលបទរបស់អ្នកនាងគឺពិតជាស្ដាប់ហើយប្លែកត្រចៀក ដោយសារតែបទរបស់នាងគឺច្រៀង៣ភាសា ដែលមិនធ្លាប់មានតារានៅស្រុកខ្មែរណាម្នាក់ផលិតឡើង។ ចម្រៀងមួយបទនាងគឺមានភាសាខ្មែរ ថៃ និងអេស្បាញរួមបញ្ចូលគ្នាតែម្ដង ដោយអត្ថន័យក្នុងបទចម្រៀងក៏រៀបចំពីស្នេហាមួយដែលរស់នៅមិនចុះសម្រុងគ្នា ហើយចុងក្រោយក៏បន្សល់ត្រឹមតែអនុស្សាវរីយ៍គ្មានន័យនៅទីបញ្ចប់។
បទចម្រៀងដែលមានចំណងជើងថា«អនុស្សាវរីយ៍គ្មានន័យ» ដែលនាងទើបតែបង្ហោះនៅលើយូធូប កាលពីថ្ងៃទី១០ វិច្ឆិកានេះ បានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែចម្រៀងមួយបទនេះ គឺនាងច្រៀងរៀបរាប់ពីទុក្ខសោកស្នេហាជាភាសាខ្មែរ និងថៃ ហើយមានអ្នករ៉េបជាភាសាអេស្ប៉ាញ ដែលត្រូវគេចាត់ទុកជាចម្រៀងរបស់ខ្មែរយ៉ាងកម្រមួយក្នុងចំណោមស្នាដៃកូនខ្មែរ។ ចម្រៀងមួយបទនេះ ត្រូវបានតារាចម្រៀងវ័យក្មេង ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងលេចធ្លោរម្នាក់ផង កញ្ញា វណ្ណា វត្តី ផលិតឡើងដើម្បីបំបែកទីផ្សារក្រោយពីបទចម្រៀងរបស់នាងដែលបានចេញបង្ហោះក្រោមស្លាបផលិតកម្មBN កន្លងមក ក៏ទទួលបានជោគជ័យ។
យ៉ាងណាមិញ គេមិនទាន់ដឹងថាតើចម្រៀង៣ភាសាដែលមានចម្រុះដោយភាសាអេស្ប៉ាញនេះ តើនឹងចេញផលិតជាសាច់រឿងនៅពេលណានោះទេ ក្នុងពេលដែលគ្រាន់តែបង្ហោះជាសំឡេងនៅឡើយទទួលបានការគាំទ្រកត់សម្គាល់ទៅហើយ។
វណ្ណ វត្តី និយាយថានាងសប្បាយចិត្តដែលនាងមានឱកាសផលិតបទចម្រៀងជា៣ភាសាដំបូងគេ ហើយភាសាដែលបានរួមបញ្ចូលរួមមានទាំងភាសាអេស្ប៉ាញ ដែលកម្រមានតារាចម្រៀងក្នុងស្រុកចាប់អារម្មណ៍ដាក់បញ្ចូលនោះទៅទៀត។
នាងថាចម្រៀងមួយបទនេះ នាងចង់ឲ្យប្លែកត្រចៀក និងចង់កន្ទ្រាក់ការចាប់អារម្មណ៍ពីអ្នកគាំទ្រផងដែរ ទើបនាងសម្រេចចិត្តផលិតឡើងហើយបានទាំងចាប់ដៃអ្នករ៉េបដែលចេះភាសាអេស្ប៉ាញឲ្យរ៉េបក្នុងបទចម្រៀងឲ្យ។
នាងថាបទចម្រៀងភាគច្រើនគេច្រើនរួមបញ្ចូលភាសាថៃ និងអង់គ្លេស តែនាងមិនចង់ធ្វើអ្វីដែលច្រំដែលនោះទេ ទើបនាងសម្រេចចិត្តផលិតបទ«អនុស្សាវរីយ៍គ្មានន័យ» ដោយជ្រើសយកភាសាខ្មែរ ថៃ និងអេស្ប៉ាញវិញ ក្នុងបទតែមួយ តែរក្សាអត្ថន័យដូចគ្នា គឺនិយាយពីស្នេហាឥតន័យ ក្រោយការបែកបាក់។ នាងរំពឹងយ៉ាងខ្លាំងថាបទជា៣ភាសានេះនឹងទទួលជោគជ័យ ដោយនាងក៏នឹងឡើងប្រូម៉ូតបទនេះនៅលើកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗ ដើម្បីឲ្យកាន់តែមានការចាប់អារម្មណ៍។
នាងគម្រោងផលិតបទចម្រៀងដែលមានចម្រុះភាសាបែបនេះបន្តទៀត តែមិនទាន់ដឹងថាត្រូវចម្រុះដោយភាសាណាទៀតនៅក្នុងបទចម្រៀងនោះទេ តែអ្វីដែលនាងចង់បានគឺចង់ឲ្យស្នាដៃនោះលេចធ្លោ។ នាងបានទាំងតែងជាទម្រង់អប្សរាក្នុងបទចម្រៀង៣ភាសានោះ ដើម្បីឲ្យបរទេសដែលចេះស្ដាប់ភាសាថៃ និងអេស្ប៉ាញ បានដឹងថានោះជាស្នាដៃកូនខ្មែរនោះផង ដើម្បីលើកមុខមាត់សិល្បករ និងអ្នកនិពន្ធជាជនជាតិខ្មែរ៕
មតិយោបល់