ព័ត៌មានសិល្បៈ និងកម្សាន្ត

វីតាមីសេ ត្រូវដឹកចេញទៅថៃយប់នេះ ទាំងគ្រួសារខ្ចីលុយធនាគារមិនទាន់បាន

នៅវេលាម៉ោង៨ យប់ថ្ងៃទី១៥ វិច្ឆិកានេះ អ្នកនាងប៉េងប៉ោងបានអះអាងថា នឹងដឹកលោកវីតាមីនសេ ដែលមានជំងឺដុះដុំសាច់ធ្ងន់ធ្ងរក្នុងថ្លើម និងមានដំបៅក្រពះផង នឹងត្រូវដឹកតាមជើងយន្តហោះចេញទៅកាន់ប្រទេសថៃហើយ បន្ទាប់ពីជំងឺរបស់លោកកាន់តែធ្វើទុក្ខគួរឲ្យបារម្ភ។

អ្នកនាងថា ខ្លួនយកឪពុកចេញទៅ គឺដោយសារតែបានយកឡានជិះប្រចាំថ្ងៃទៅបញ្ចាំបានប្រាក់ប៉ុន្មានពាន់ដុល្លារប៉ុណ្ណោះ បើតាមតែរង់ចាំបញ្ចាំផ្ទះពីធនាគារយកលុយចេញទៅ គឺមិនដល់បានចេញទៅពេលណានោះទេ។

អ្នកនាងបន្តថា មិនអាចបន្តទុកលោកវីតាមីសេ​ ឲ្យនៅបន្តធ្វើទុក្ខបានទៀតទេ ដោយសារតែលោកក្នុងប៉ុន្មានថ្ងៃចុងក្រោយគឺសម្រាកអត់បាន ចុកណែនក្នុងខ្លួន ហើយក៏មានចេញសភាពក្អកហត់ ដែលអ្នកនាងជាកូនកាន់តែភ័យបារម្ភផង។

អ្នកនាងថានៅខាងមន្ទីរពេទ្យក្នុងស្រុកបានស្នើឲ្យលោកបន្តលេបថ្នាំព្យាបាលជំងឺដំបៅក្រពះជាមុនសិន ទើបអាចឈានដល់ការវះកាត់ ឬឲ្យថ្នាំរំលាយដុំសាច់ ទើបនាងត្រូវតែសម្រេចចិត្តបញ្ជូនឪពុកចេញក្រៅ ដោយសារតែខាងពេទ្យថៃនៅខាងជំនាញដុំសាច់ និងមហារីក បានបញ្ជាក់ថាគេអាចធ្វើការវះកាត់បាន។ អ្នកនាងថាខ្លួននឹងចាកចេញទៅទ្រាំឪពុកនៅយប់ថ្ងៃទី១៥ វិច្ឆិកានេះ ដោយបានកក់ជើងយន្តហោះរួចហើយ គឺវេលាម៉ោង៨យប់ ដោយខាងមន្ទីរពេទ្យដែលទទួលការវះកាត់ក៏បានទាក់ទងរួចដែរ។

យ៉ាងណាមិញ អ្នកនាងថាអត់ទាន់ដឹងថានៅខាងពេទ្យថៃនឹងកំណត់ថ្លៃវះកាត់ប៉ុន្មាននោះទេ ដោយអ្នកនឹងដឹងត្រឹមតែថា ក្រោយពីបញ្ចាំឡានយកឪពុកចេញទៅប្រទេសថៃ ក៏នឹងចុះមកបញ្ចាំផ្ទះជាមួយធានាបន្ថែមទៀត ដើម្បីឲ្យមានប្រាក់យ៉ាងហោចជាង១ម៉ឺនដុល្លារ សម្រាប់ចំណាយលើកិច្ចការនេះ។

អ្នកនាងថាស្ថានភាពរបស់លោកវិតាមីនសេ គឺមានជំងឺទឹកនោមផ្អែមផង និងមានជំងឺដំបៅក្រពះធ្ងន់ធ្ងរផង ទើបខាងពេទ្យខ្មែរមិនហ៊ានធ្វើអ្វី អ៉ីចឹងហើយទើបអ្នកនាងត្រូវតែជម្រើសយកលោកចាកចេញទៅកាន់ប្រទេសថៃ បើទោះជាត្រូវប្រឈមអស់ឡាន និងអស់ផ្ទះព្រោះតែការសម្រេចចិត្តនេះ។ អ្វីដែលអ្នកនាងព្រួយបារម្ភនោះ គឺខាងធនាគារហាក់ស្ទាក់ស្ទើរឲ្យអ្នកនាងខ្ចីលុយ ដោយសារតែគេបញ្ជាក់ថាទាំងលោកវិតាមីនសេ និងអ្នកនាងដែលជាមេគ្រួសារក្នុងការរកចំណូល សុទ្ធតែបាត់បង់ចំណូលព្រោះរវល់រឿងនេះ៕

មតិយោបល់