បន្ទាប់ពីព័ត៌មានជុំវិញអំពើហិង្សាលើអ្នកនាងស្វែង សុជាតា ត្រូវបានលេចឡើង បានធ្វើអោយមហាជន ជាពិសេសតារាសិល្បៈមានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង ដោយម្នាក់ៗលើកឡើងថាអ្នកនាងជាតារាល្បីដែលមិនគួរមកអភ័ព្វប៉ះស្វាមីបែបនេះ។ ក្នុងនោះអ្នកនាងបានទាំងទ្រហោយំ ជុំវិញការលើកឡើងរឿងហិង្សាចំពោះអ្នកនាងស្វែង សុជាតា នោះផង។
អ្នកនាងម៉ៅ ស៊ីណាត ដែលជាតារាចម្រៀង បានបង្ហាញការឈឺចាប់ជំនួសអ្នកនាងស្វែង សុជាតា យ៉ាងខ្លាំងក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងរវាងតារាល្បីៗក្នុងគ្រុប«គ្រួសារតារាកម្ពុជា»។ អ្នកនាងនិយាយថាជារឿងអយុត្តិធម៌ណាស់ដែលតារាសិល្បៈនារីៗរមែងទទួលរងនូវអំពើហិង្សាក្រោយពេលមានប្ដី ហើយបើតារាស្រីម្នាក់នោះទ្រាំលែងបានសុខចិត្តលែងលះ គឺរមែងមានពាក្យប្រមាថកាតទានថែមទៀតថានាងក្បត់ផិត។ អ្នកនាងថាមនុស្សតិចណាស់ដែលអោយតម្លៃតារាសិល្បៈនារី ថានាងបានក្លាយជាជនរងគ្រោះការធ្វើបាបររបស់ស្វាមី ទើបនាងសម្រេចចិត្តដើរចេញទាំងមានកូនចៅ។ អ្នកនាងបានទ្រហ៊ោយំអមដោយលើកឡើង នៅពេលកិច្ចពិក្សាឈានដល់ប្រធានបទ«អ្នកនាងស្វែង សុជាតា ត្រូវប្ដីក្មេងវាយតប់ឡើងហើមមុខ»ដែលបានចុះផ្សាយ។ តបនឹងការវិភាគជាច្រើនរបស់តារាសិល្បៈ ថាហេតុអ្វីស្វាមីវាយដុំទៅហើយ នៅតែបន្តអត់អោនអោយ អ្នកនាងម៉ៅ ស៊ីណាត បានអះអាងជំនួសអ្នកនាងស្វែង សុជាតា ថាស្រ្តីក្រោយពេលមានកូនជាមួយបុរសណាម្នាក់ មិនងាយដាច់ចិត្តផ្ដេសផ្ដាសនោះទេ ជាពិសេសនៅពេលបុរសដែលលើកដៃវាយខ្លួនម្នាក់នោះសុំទោសអង្វរករ និងប្រកាសថាដឹងកំហុស។ បើទោះជាបានដឹងថាថ្ងៃណាមួយ បុរសម្នាក់នោះនឹងវាយតប់ជាថ្មី ក៏នៅតែបន្តប្រថុយប្រថានជឿជាក់នោះដែរ ទើបអ្នកនាងយល់ថា ជម្រើសដែលស្វែង សុជាតា សុខចិត្តត្រូវរ៉ូវជាមួយស្វាមីជាគ្រូឱសថបុរាណ ក្រោយប្ដីនេះផឹកស្រវឹងហើយវាយដល់ថ្នាក់ហើមមុខ។ អ្នកនាងម៉ៅ ស៊ីណាត បានសារភាពថាខ្លួនធា្លប់ទទួលនូវការឈឺចាប់នោះ ទើបអ្នកនាងទប់ចិត្តមិនបាន ហើយឈានដល់ហូរទឹកភ្នែក នៅពេលដំណឹងអ្នកនាងស្វែង សុជាតា ត្រូវប្ដីវាយបែកធ្លាយ។ យ៉ាងណាមិញ អ្នកនាងមិនលើកទឹកចិត្តអោយអ្នកនាង ស្វែង សុជាតា បន្តទ្រាំ
នោះទេ ដោយអះអាងថា បើប្ដីនោះធ្លាប់វាយច្រើនដងហើយ គឺពិតជារកឱកាសវាយតប់ជាថ្មី។
អ្នកនាងស្វែង សុជាតា បានអះអាងថាអ្នកនាងមិនទ្រាំទៀតទេ ប្រសិនបើអំពើហិង្សាត្រូវបានកើតឡើងជាថ្មីនៅពេលបន្ទាប់ គឺទោះជាមានកូនស្រីម្នាក់ជាមួយប្ដីក្មេងនោះក្ដី៕
មតិយោបល់