កាលពីថ្ងៃទី១ ធ្នូ ប្រទេសកម្ពុជាបានប្រារព្ធទិវារជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍យ៉ាងធំនៅសាលាមហោស្រពចតុមុខ ដោយមានទាំងមន្ត្រីរាជការ និងអង្គទូតជាច្រើនចូលរួម។ នៅក្នុងពិធីនោះក៏មានវត្តមានតារាសិល្បៈយ៉ាងច្រើនកុះមកពីគ្រួសារតារាកម្ពុជាចូលរួម ដោយម្នាក់ៗសុទ្ធតែបានអះអាងថានឹងចូលរួមផ្សព្វផ្សាយបន្តពីការការពារ និងបញ្ចប់ការរើសអើងលើអ្នកជំងឺអេដស៍អោយបានផុសផុល។
លោកសុះ ម៉ាច បានអះអាងថាការចូលរួមពីសំណាក់តារាសិល្បៈ មានឥទ្ធិពលខ្លាំងណាស់ដោយសារតែតារាសិល្បៈ មិនថាជាតារាសម្ដែង ជាពិធីករ ពិធីការិនី តារាចម្រៀង និងជាតារាកំប្លែងនោះទេគឺសុទ្ធតែមានឥទ្ធិពលក្នុងការផ្សព្វផ្សាយទាំងអស់។
លោកទទូចអោយតារាទាំងអស់មានការយល់ដឹងពីបញ្ហានេះអោយបានច្រើន ហើយបន្តចែកចាយទៅកាន់មហាជនតាមរយៈសារខ្លីរបស់ខ្លួនក្នុងពេលឡើងឆាក គឺជារឿងប្រសើរបំផុត។
លោកក៏ជម្រុញអោយបណ្ដាស្ថានីយទូរទស្សន៍ទាំងអស់ចូលរួមលើកកម្ពស់លើបញ្ហានេះអោយបានច្រើនផងដែរ ដើម្បីអោយតារាៗកាន់តែមានឱកាសធ្វើការផ្សព្វផ្សាយដាក់ក្បាលមេក្រូ និងស្នើកុំអោយការបង្ហើសារបែបនេះ ក្លាយទៅជាការអៀនប្រៀនហើយបាត់ការផ្សព្វផ្សាយទៅកាន់មហាជន។
មិនខុសគ្នាដែរតារាកំប្លែងនាយកុយ ក៏បានលើកឡើងដែរ មកទល់សព្វថ្ងៃសិល្បៈការិនីនៅតែមានការអៀនខ្មាស់ក្នុងការផ្សព្វផ្សាយ ឬបង្ហើសារខ្លីទៅកាន់មហាជននៅពេលឡើងឆាកទូរទស្សន៍ ជាពិសេសសិល្បការិនី។ យ៉ាងណាមិញលោកថាតារាសិល្បៈ គួរតែខំរួមចំណែកអោយបានកាន់តែច្រើនលើបញ្ហានេះ ដើម្បីបានជួយដល់សង្គម និងជាការពញាក់អារម្មណ៍អោយយុវវ័យកាន់តែមានការយល់ដឹង។
លោកថាក្នុងនាមជាលោកដែលជាតារា លោកមិនដែលភ្លេចខ្លួនក្នុងការផ្សព្វផ្សាយ និងផ្ដល់សារទៅកាន់មហាជនពីបញ្ហានេះទេ ដោយសារតែលោកយល់ថាទោះមិនបានលទ្ធផលមួយរយភាគរយ ក៏ការផ្សព្វផ្សាយរបស់តារាសិល្បៈម្នាក់បន្តិចៗគឺជាការរួមចំណែកមួយដ៏ធំ។
សម្រាប់វត្តមានតារាសិល្បៈ គេឃើញតារាសិល្បៈយ៉ាងច្រើនកុះករក្នុងក្រុមគ្រួសារតារាកម្ពុជាចូលរួម ដោយម្នាក់់ៗសុទ្ធតែមានឆន្ទៈចូលរួមលើកកម្ពស់ពីការផ្សព្វផ្សាយ និងស្វែងយល់ពីបញ្ហានេះ ដោយក្នុងនោះបញ្ហារើសអើសចំពោះអ្នកជំងឺអេដស៍ និងអ្នកផ្ទុកមេរោគអេដស៍ ក៏ត្រូវបានតារាម្នាក់ៗប្រកាសថានឹងធ្វើអោយបានកាន់តែច្រើនផងដែរ។ ខាងក្រោមនេះជាវត្តមានតារាសិល្បៈ និងសកម្មភាពចូលរួមដែលកម្មវិធីនេះក៏មានវត្តមានរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី៖
មតិយោបល់