ពិតជាមានទឹកចិត្តដ៏កម្រ ដែលតារាអតីតតារាសម្ដែងលោក ខៃ ប្រសិទ្ធិ បានចុះពីអូស្រ្តាលីទៅជួបដោយផ្ទាល់នៅក្នុងប្រទេសថៃ ដោយលោកបានសម្រេចផ្ដល់ថ្លៃវះកាត់ ដែលកញ្ញា ពេជ្រ ចរណៃ ខ្វះខាតទាំងស្រុងចំនួន១៨០០០ដុល្លារតែម្ដង ដើម្បីអោយនាងបានរួចបំណុលជាមួយនឹងមន្ទីរពេទ្យថៃ។ ទឹកចិត្តរបស់លោកបានធ្វើមហាជនក្នុងស្រុកមានការកោតសរសើរយ៉ាងខ្លាំង ដោយសារតែថវិកាចំនួន១៨០០០ដុល្លារ ដែលលោកចេញមុខជួយដល់ពេជ្រ ចរណៃ ជាការជួយអោយនាងបានរស់ដោយគ្មានបន្ទុកនេះ គឺជាទឹកប្រាក់របស់លោកផ្ទាល់ខ្លួនទាំងស្រុង។
កញ្ញា ពេជ្រ ចរណៃ បានថ្លែងពីមន្ទីរពេទ្យថៃកាលពីល្ងាចថ្ងៃទី១០ ធ្នូ ថាកញ្ញាមានចិត្តរំភើបយ៉ាងខ្លាំង ដែលលោកខៃ ប្រសិទ្ធិ បានមកដល់មន្ទីរពេទ្យដែលកញ្ញាវះកាត់ ហើយគ្រាន់តែបានដឹងថាតម្លៃវះកាត់ចំនួន១៨០០០ដុល្លារក្រោយខាងពេទ្យថៃបញ្ចុះតម្លៃអោយ នៅមិនទាន់មានលទ្ធភាពធ្វើការបង់អោយពេទ្យនៅឡើយ លោកក៏ផ្ដល់ទឹកប្រាក់ចំនួន១៨០០០ដុល្លារសហរដ្ឋអាមេរិក អោយនាងចេញអោយពេទ្យតែម្ដង។
កញ្ញាថា លោកបានមកដល់ប្រទេសថៃកាលពីថ្ងៃអាទិត្យ ហើយហេតុផលដែលជើងយន្តហោះរបស់លោកត្រូវមកដល់តាំងពីថ្ងៃព្រហស្បតិ៍ស្រាប់តែត្រូវពន្យារដល់ថ្ងៃអាទិត្យ គឺដោយសារតែជើងយន្តមានការផ្លាស់ប្ដូរប៉ុណ្ណោះ។ នាងថាលោកខៃ ប្រសិទ្ធិបានប្រគល់លុយអោយនាងបង់ពេទ្យ ហើយលោកបានចាកចេញពីមន្ទីរពេទ្យដែលនាងវះកាត់នៅវេលាម៉ោង៧ល្ងាច តែលោកស្នាក់នៅបណ្ដោះអាសន្ននៅក្នុងប្រទេសថៃនោះទេ ដោយលោកប្រកាសថាលោកនឹងនៅប្រទេសថៃពីរបីថ្ងៃទើបត្រលប់មកកម្ពុជា ដើម្បីទៅមើលម្ដាយរបស់លោកដែលមានជំងឺប្រចាំកាយដែរ។
លោកខៃ ប្រសិទ្ធិ បានប្រាប់នាងថា លោកមិនមែនជាអ្នកមាននោះទេ ប៉ុន្តែលោកមិនអាចបិទភ្នែកមិនជួយដល់នាងបានទេ ជាពិសេសនៅពេលដែលលោកដឹងថានាងមានបញ្ហាត្រូវសង្គ្រោះ ហើយមិនមានលទ្ធផលបង់អោយដល់ពេទ្យ រហូតដល់មានអ្នកធានាចេញមុខស្នើអោយខាងពេទ្យថៃធ្វើការវះកាត់ក្នុងលក្ខណ្ឌអោយជំពាក់។ កញ្ញាបន្តថា ខ្លួនជំពាក់ជីវិតមួយដ៏ធំនឹងលោក ខៃ ប្រសិទ្ធិ តែនាងថាលោកបានប្រកាសថាមិនចង់អោយនាងតបស្នងក្នុងលក្ខណ្ឌណាមួយនោះទេ គឺសុំតែអោយនាងបានរស់ ហើយបានបន្តការងារសិល្បៈដែលនាងស្រឡាញ់ពេញចិត្ត។
លោកខៃ ប្រសិទ្ធិ មុនចេញពីអូស្រ្តាលី ទៅជួយនាងទាំងស្រុងដល់ប្រទេសថៃ លោកបានបញ្ជាក់ប្រាប់ស្ថាបនិកគ្រួសារតារាកម្ពុជាថាថវិកាដែលលោកយកទៅជួយដល់នាង មិនមែនប្រាក់មានបានដែលលោកសល់ទុកនោះទេ គឺលុយទាំងនោះក៏លោកស្វះស្វែងរកបានដោយលំបាកផងដែរ ប៉ុន្តែក៏ពីលោកបានឃើញព័ត៌មាន ហើយលោកសម្រេចចិត្តនៅចិត្តមិនសុខ ទើបលោកត្រូវតែប្រមូលលុយទាំងនោះយកទៅជួយដល់នាង ដោយក្នុងពេលបញ្ជាក់ប្រាប់នោះលោកមិនបានបង្ហើបថាទៅជួយទាំងស្រុងរហូតដល់១៨០០០ដុល្លារ ដែលពេជ្រ ចរណៃ ត្រូវការនោះឡើយ។
អ៊ីចឹងហើយទើបអ្នកណាៗក៏កោតសរសើរចំពោះទឹកចិត្តរបស់លោក ដែលហ៊ានចំណាយដល់ម៉ឺនដុល្លារ ដើម្បីអោយនាងបានសងថ្លៃវះកាត់នៅក្នុងមន្ទីរពេទ្យថៃនោះ៕
https://youtu.be/4-L9W6u0uv4









មតិយោបល់