ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីៗត្រៀមធ្វើអោយកក្រើកសង្ក្រានស្កាយលេន

នៅចំថ្ងៃចូលឆ្នាំខាងមុខនេះ កំពូលតារាល្បីៗកុំករ នឹងត្រៀមធ្វើឲ្យសង្ក្រានស្កាយលេនកក្រើក យ៉ាងពិតប្រាកដ ស្របគ្នាដែលព្រឹត្តិការណ៍មួយនេះ ក៏ត្រូវធ្វើឡើងនៅក្នុងបរិយាកាស ដែលសួនសួនកម្សាន្តស្កាយលេន ក៏ទើបតែត្រូវបានរៀបចំឡើងយ៉ាងប្រណិត មិនចាញ់សួនកម្សាន្ត នៅក្រៅប្រទេស ហើយជាទីតាំងមិនឆ្ងាយពីរាជធានីភ្នំពេញ និងវត្តវិហារសួគ៍ទៅទៀត។ កំពូលតារាល្បីៗច្រើនរូប សុទ្ធតែបានប្រកាសពីការត្រៀមខ្លួនបង្អួតប្រជាប្រិយភាពក្នុងព្រឹត្តិការណ៍នេះ។

លោកឧកញ៉ា ស្រី ចាន់ថន អ្នកផ្ដើមរៀបចំកម្មវិធី បានថ្លែងបញ្ជាក់ថា សង្ក្រានស្កាយលេនក្នុងឆ្នាំទី២នេះ នឹងធ្វើទ្រង់ទ្រាយធំដុំជាង កាលពីឆ្នាំមុនទ្វេដង ដោយគ្រាន់តែការរៀបចំ ក្រុមហ៑ុនចំណាយ មិនក្រោម៣០មុឺនដុល្លារ។ ក្រៅពីរៀបចំជាសួនដាយណូស័រ សួនបន្លែផ្លែឈើ ភ្នំសិប្បនិមិត្ត និងទីលានសម្រាប់លេងទឹក សង្ក្រាននៅក្នុងឆ្នាំនេះ ក៏នឹងរៀបចំជាតំបន់៥ចែកដាច់ពីគ្នា ដើម្បីឲ្យបងប្អូន ដែលមកកម្សាន្ត បានទស្សនាដោយរីករាយផងដែរ។ តំបន់ទាំង៥នោះ រួមមាន ភូមិប្រជាប្រិយស្កាយលេន ដែលជាកន្លែងលែងលាក់កន្សែង ល្បែងពង្រាត់កូនក្រមុំ និងល្បែងដណ្ដើមស្លឹកឈើ។

តំបទី២គឺភូមិប្រជាប្រិយជេត ដែលជាកន្លែងសម្រាប់មហាជនលេងចោលឈូង លេងទាញព្រ័ត្រ លេងបោះអង្គុញ លេងល្បែងស្ដេចចង់ និងលេងដណ្ដើមស្លឹកឈើហ្សូនទី២។ តំបន់ទី៣ គឺភូមិគុនខ្មែរ ដែលជាទីតាំងសម្ដែងក្បាច់គុនយុទ្ធក្រមខម ដោយរួមមានការបង្ហាញ និងការប្រកួតជាដើម។ ក្នុងនោះក៏មានការប្រដាល់ ដោយប្រកួតប្រជែងគ្នា យកប្រាក់រង្វាន់ផងដែរ។ តំបន់ទី៤ គឺភូមិជ្រូកនាំសំណាង ដែលជាតំបន់មហាជន គ្រាន់តែផ្សងមួយដុល្លារ ហើយជ្រើសយកសោរ សំណាងដើម្បីឈ្នះទឹកប្រាក់ ១លានរៀលពីក្រុមហ៑ុនស្កាយលេន។ សម្រាប់តំបន់ទី៥ គឺជាទីតាំងប្រគំតន្ត្រី ដោយការប្រគំតន្ត្រីនេះ គឺក្រុមហ៑ុនរៀបចំប្រគំតន្ត្រីនៅទីលានបាតបឹងតែម្ដង អមដោយស្ដង់ពិព័រណ៍ ដើម្បីឲ្យមើលពីលើទៅឃើញស្រស់ស្អាត។

លោកឩកញ៉ា ស្រី ចាន់ថន បន្តថា សង្ក្រាននៅក្នុងឆ្នាំនេះ នឹងធ្វើឡើងចំថ្ងៃចូលឆ្នាំ គឺថ្ងៃ១៤ ថ្ងៃ១៥ និងថ្ងៃ១៦ មេសា ដោយថ្ងៃ១២ មេសា នឹងមានពិធីក្រុងពាលីធំមួយ។ លោកថា សង្ក្រានស្កាយលេន នឹងទាញអ្នកចូលទស្សនា មិនក្រោម៤០មុឺននាក់នោះទេ ដោយសារតែសួន ដែលលោករៀបចំអស់ខ្ទង់លានដុល្លារ ក៏រៀបចំហើយរួចរាល់ មិនចាញ់សួននៅក្រៅប្រទេស ហើយមានទំហំរាប់សិបហិកតារ។ ក្នុងនោះតារាដែលមកច្រៀងទាំង៣ថ្ងៃ ក្នុងកម្មវិធីសង្ក្រានក៏រួមមាន កញ្ញា រ៉ាប៑ី លោកខេម លោក ខាន់ជេម កញ្ញា សុភ័ក្ត្រ កុសុម៉ា កញ្ញា កែវ សុបញ្ញា អ្នកនាងកាតុ កញ្ញា ព្រះកាយច័ន្ទ ដែលសុទ្ធតែជាតារាល្បី៕

មតិយោបល់