កាលពីថ្ងៃទី១១ ខែធ្នូ មុននេះ ផលិតកម្មរ៉ក់បានធ្វើពិធីប្រកាសម្ចាស់ពានជើងខ្លាំង ដែលជាអ្នកនិពន្ធភាពយន្តខ្លីឆ្នើម បន្ទាប់ពីបើកការប្រកួតប្រមាណជាច្រើនសប្ដាហ៍ ដោយមានទាំងការដាក់ពិន្ទុលើភាពយន្តខ្លីរបស់បេក្ខភាពទាំងនោះផង ដើម្បីស្វែងរកអ្នកមានសមត្ថភាពនៅក្នុងវិស័យផលិតកុនខ្មែរ។ ក្នុងចំណោមអ្នកចូលរួមប្រកួតទាំងអស់ មានតែអ្នកនិពន្ធរឿងខ្លី ដែលមានសមត្ថភាពចំនួន៥នាក់ប៉ុណ្ណោះ ត្រូវបានជ្រើសអោយជាប់ចំណាត់ថ្នាក់ និងប្រាក់រង្វាន់ ដោយម្ចាស់ជ័យលាភី ក៏នឹងក្លាយជាអ្នកនិពន្ធប្រចាំផលិតកម្មរ៉ក់សម្រាប់ការផលិតភាពយន្តនោះផង។
លោកយឹម សុសត្យា ប្រធានគ្រប់គ្រងកម្មវិធីបានអះអាងថាក្នុងចំណោមអ្នកដាក់ពាក្យប្រកួតរហូតដល់រាប់រយនាក់ ផលិតកម្មជ្រើសបានតែស្នាដៃតែងនិពន្ធចំនួន៥០រឿងប៉ុណ្ណោះ ដើម្បីផ្ដល់ឱកាសអោយពួកគេមានឱកាសប្រកួតប្រជែង។ ក្នុងជំហានបន្ទាប់ ផលិតកម្មបានជម្រុះអ្នកដាក់ពាក្យទាំង៥០ អោយនៅដល់តែ៤០ដើម្បីយកមកសម្ភាសន៍ ហើយជម្រុះនៅសល់តែ២០នាក់ ដើម្បីអោយពួកគេទទួលការហ្វឹកហាត់ជាមួយអ្នកជំនាញផ្នែកនិពន្ធ និងផលិតភាពយន្ត ដើម្បីអោយអ្នកប្រកួតប្រជែងទាំងនោះ កាន់តែទទួលបានបទពិសោធន៍។ លោកថាក្រោយការបណ្ដុះបណ្ដាលបន្ថែមពីសំណាក់អ្នកជំនាញ ស្នាដៃរបស់អ្នកនិពន្ធទាំង២០ក៏តម្រូវអោយតាក់តែងជាប៉ារ៉ូលភាពយន្ត ដើម្បីចុះថតជាវីដេអូឃ្លីប ដោយផលិតកម្មសម្រេចជ្រើសយកតែ១០រឿងក្នុងចំណោមអ្នកទាំង២០ដែលបានបណ្ដុះបណ្ដាលបន្ថែមប៉ុណ្ណោះ ដើម្បីផលិតជាភាពយន្តហើយដាក់បង្ហោះនៅលើបណ្ដាញសង្គម។
ចំពោះភាពយន្តរបស់បេក្ខជនបេក្ខនារីណាទទួលបានចំនួនViews, Liked និង Share បានច្រើនជាងគេ គឺត្រូវយកពិន្ទុបូកជាមួយនឹងពិន្ទុរបស់គណកម្មការទៀត ដែលការអោយពិន្ទុគឺផ្ដោតលើខ្លឹមសាររឿង លើគំនិតច្នៃប្រឌិតរបស់អ្នកនិពន្ធ លើការដឹកនាំមុន និងក្នុងពេលចុះថតរឿងដោយក្រុមបច្ចេកទេស និងលើអត្តចរិតពេលចុះថតរបស់អ្នកប្រកួតប្រជែងនោះទេ ទើបអាចកំណត់ថាអ្នកណានឹងមានពិន្ទុច្រើនជាងគេ ហើយក្លាយជាម្ចាស់ពាន។
លោកថាអ្នកជាប់ពានជើងឯកនៅក្នុងការប្រកួតប្រជែងនេះ គឺមានលក្ខណៈសម្បត្តិច្រើន ទើបលោកបានហៅចំណាត់ថ្នាក់ដែលទើបប្រកាសជាផ្លូវការនោះថា ជាជ័យលាភីមិនធម្មតា។ សម្រាប់ចំណាត់ថ្នាក់លេខ១ទទួលបានពានមួយ ប័ណ្ណសរសើរមួយ និងទឹកប្រាក់១ពាន់ដុល្លារ ខណៈដែលលេខ២ រហូតដល់លេខ៥ ទទួលបានប័ណ្ណសរសើរម្នាក់មួយ និងទឹកប្រាក់តិចជាងនេះតាមលំដាប់ខុសៗគ្នា ដោយមិនទាន់រាប់បញ្ចូលរង្វាន់លើកទឹកចិត្តផ្សេងទៀត។
យ៉ាងណាមិញ លោកថាអ្នកជាប់ជ័យលាភីទាំង៥មិនទាន់កំណត់ថាត្រូវតែកុងត្រាផលិតរឿងអោយផលិតកម្មរ៉ក់នោះទេ គឺអ្នកឈ្នះម្នាក់ៗមានសិទ្ធិមិនធ្វើការជាមួយផលិតកម្មរ៉ក់ក៏បាន ប្រសិនបើមានការងារផ្សេងទៀតចាំទទួល ហើយស្នាដៃដែលបានប្រកួតប្រជែងឈ្នះ នឹងត្រូវបានផលិតកម្មយកមកដាក់បញ្ចូលនៅក្នុងភាពយន្តក្នុងពេលខាងមុខ ដើម្បីរំលេចស្នាដៃរបស់បេក្ខជន និងបេក្ខនារីដែលបានជាប់លេខអោយកាន់តែមានការទទួលស្គាល់។
នៅក្នុងពិធីនោះគេឃើញមានវត្តមានចូលរួមពីសំណាក់ម្ចាស់ផលិតកម្មនានា និងពីតួសម្ដែងយ៉ាងច្រើនកុះករ ជាពិសេសតារាសម្ដែងដែលធ្លាប់បានរួមសម្ដែងនៅក្នុងផលិតកម្មរ៉ក់កន្លងមក។ ពិធីនោះត្រូវបានប្រកាសបិទយ៉ាងអធឹកអធ័ម ប៉ុន្តែមិនត្រូវបានប្រកាសថានឹងរៀបចំជាថ្មីអោយបានរាល់ឆ្នាំ ឬយ៉ាងណានៅឡើយទេ ដោយខាងផលិតកម្មបានត្រឹមតែអះអាងថានឹងបន្តជម្រុញអ្នកនិពន្ធភាពយន្តវ័យក្មេងអោយអស់លទ្ធភាព៕
មតិយោបល់