ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ ចាន់រដ្ឋា គូរស្នេហ៍តាមឃ្វាលដល់ប៉ុស្ដិ៍លេខ៥

ខុសពីការលើកឡើងថារវាងតារាចម្រៀង កញ្ញា គង់ ចាន់រដ្ឋា និងកំលោះសង្ហារជាកូនភ្លោះលោក ស៊ិន សុភា គ្រាន់តែមានស្នេហាក្នុងរូបភាពសិល្ប: ដោយសារតែអ្នកទាំងពីរប្រកាសថាស្រឡាញ់គ្នាយូរហើយ ប៉ុន្តែមិនមានដំណឹងរៀបការទាល់តែសោះ គេបែរជាឃើញតារាទាំងពីរបណ្ដើរគ្នា និងកៀងគ្នាយ៉ាងត្រសងដូចលលកញីឈ្មោះ ក្នុងពេលដែលតារាស្រីនាង គង់ ចាន់រដ្ឋា ឡើងឆាកនៅប៉ុស្ដិ៍លេខ៥ ហើយលោកស៊ិន សុភា មិនមានការងារឡើងឆាកជាមួយទាល់តែសោះ។

កញ្ញា គង់ ចាន់រដ្ឋា ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីតន្ត្រីបន្តផ្ទាល់«Carabao TV5 Spark Concert »កាលពីថ្ងៃទី៥ សីហា បានទទួលស្គាល់គូស្នេហ៍របស់ខ្លួនគឺលោក ស៊ិន សុភា ពិតឧស្សាហ៍បង្ហាញខ្លួនតាមនាងគ្រប់ពេលដែលនាងឡើងឆាក ក្នុងពេលដែលគូស្នេហ៍មិនមានការងារឡើងច្រើនប្រាកដមែន ដោយសារតែនាងយល់ថាបើមានលោកតាមកៀង ក៏ធ្វើឲ្យនាងសប្បាយចិត្ត និងបានជួយការងាររៀបចំផ្សេងៗ។ នាងថាខ្លួនមិនខ្លាចក្រសែភ្នែកអ្នកណាចំអកថានាងមានគូស្នេហ៍តាមឃ្វាលនោះទេ ដោយសារតែនាង និងលោកសុភា ពិតជាស្រឡាញ់គ្នាមែន ហើយនាងបន់ឲ្យតែលោកតាមឃ្វាលបែបនេះ ដើម្បីឲ្យនាងកក់ក្ដៅ។ យ៉ាងណាមិញ នាងនៅតែប្រកាសថាមិនទាន់ខ្វល់ពីការរៀបចំគូជីវិតនោះទេ ដោយនាងបញ្ជាក់យ៉ាងខ្លីថាគឺអាចរហូតទាល់តែមានលុយមានកាក់ និងមានផ្ទះសម្បែងឲ្យរឹងមាំបន្តិចទើបឈានដល់ការគិតគូរ។

នៅប៉ុស្ដិ៍លេខ៥ នៅក្នុងថ្ងៃនោះ គេឃើញគូស្នេហ៍របស់នាងធ្វើជាអ្នកថតរូបឲ្យនាង និងក្រុមរាំ និងជាអ្នកជួយចាត់ចែងឲ្យនាង មិនខុសពីជំនួយការមួយរូបនោះទេ ខណ:ដែលការរៀបចំខ្លួនស្ទើរគ្រប់ផ្នែកក៏លោកស៊ិន សុភា ជាអ្នកធ្វើកញ្ចក់ឆ្លុះឲ្យនាង ដើម្បីជួយកែកុនឲ្យនាងសមសួន មុនពេលឡើងឆាក។ លោកក៏ជាអ្នករៀបរយការងារផ្សេង និងជាអ្នកឆ្លើយតបជំនួសគង់ ចាន់រដ្ឋា នៅពេលនាងតែងខ្លួនមិនទាន់រាប់រៀបរយផងដែរ។ គង់ ចាន់រដ្ឋា ត្រូវគេឃើញស្រក់គីឡូជាងមុន ហើយនាងនៅតែមានបទមច្រៀងផ្ទុះៗគួរសមនៅក្នុងផលិតកម្ម7 បើទោះជាផលិតកម្មដែលនាងច្រៀង មិនមែនជាផលិតកម្មធំ៕

មតិយោបល់