នៅព្រឹកថ្ងៃទី១៦ ធ្នូនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញ ព័ត៌មានលេចឮថា តារាចម្រៀង លោក ព្រាប សុវត្ថិ មានគ្រោះថ្នាក់ចរាចណ៍នៅលើផ្លូវជាតិលេខ៤ ដោយការលើកឡើងបានអះអាងថាលោកមានគ្រោះថ្នាក់កាលពីយប់ថ្ងៃទី១៥ ធ្នូ នឹងថាមិនទាន់ច្បាស់ពីស្ថានភាពរបួសយ៉ាងណានៅឡើយ។ យ៉ាងណាមិញ ឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះ ផេកផ្លូវការរបស់ហង្សមាស បានប្រកាសបដិសេធ ដោយអះអាងថាលោកព្រាប សុវត្ថិ គ្មានការធ្វើដំណើរនៅតាមបណ្ដោយផ្លូវជាតិលេខ៤រហូតដល់មានគ្រោះថ្នាក់នោះទេដោយក្នុងថ្ងៃទី១៥ ធ្នូនោះ លោកស្ថិតនៅភ្នំពេញ និងថាលោក កំពុងត្រៀមខ្លួនធ្វើដំណើរទៅសម្ដែងនៅខេត្តព្រៃវែងនៅយប់ថ្ងៃទី១៦ ធ្នូនេះ។
ផេកផ្លូវការរបស់ហង្សមាសបានសរសេរបង្ហោះថា «ពាក្យចចាមអារ៉ាមថា លោកព្រាប សុវត្ថិ គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤។ តែនេះមិនមែនជាការពិតទេ គឺលោកកំពុងនៅភ្នំពេញ ត្រៀមទៅប្រគំតន្ត្រីនៅខេត្តព្រៃវែងរបស់ទូរទស្សន៍ហង្សមាសយប់នេះ។ ថ្ងៃទី១៦-១២-២០១៧»។ ជាមួយនឹងការប្រកាសនេះ បានធ្វើឲ្យអ្នកគាំទ្រមានការអស់ចិត្តយ៉ាងខ្លាំង ក្នុងពេលដែលដំណឹងថាលោកមានគ្រោះថ្នាក់កាលពីយប់មិញ ដ្បិតថាមិនមានទិន្នន័យច្បាស់លាស់ ប៉ុន្តែម្នាក់ៗហាក់មិនបានជឿថានោះគ្រាន់តែជាព័ត៌មានចចាមអារ៉ាម។ ការប្រកាសនេះក៏បង្ហាញថាលោកព្រាប សុវត្ថិ ពិតជាមានសុវត្ថិភាព និងមិនមានបញ្ហាកើតឡើងដូចការលេចឮ យ៉ាងផុសផុលនោះផងដែរ៕
មតិយោបល់