ព័ត៌មានសិល្បៈ និងកម្សាន្ត

វណ្ណា វត្តី សុខចិត្តស្ងាត់រឿងស្នេហា ដើម្បីសិល្បៈ

ក្នុងជំនួបដោយផ្ទាល់ក្នុងកម្មវិធីត្រៀមប្រកួត Star Award របស់ទូរទស្សន៍អប្សរាកាលពីពេលថ្មីៗ តារាចម្រៀងប្រចាំផលិតកម្ម BN និងជាតារាសម្ដែងលេចធ្លោរមួយរូបផង កញ្ញា វណ្ណា វត្តី បានអះអាងថា នាងសុខចិត្តពន្យារការគិតគូពីរឿងរ៉ាវ ស្នេហា មិនទាន់ចាប់យកនោះទេ ដើម្បីកុំឲ្យប៉ះពាល់ដល់ការងារសិល្បៈ និងដើម្បីកុំឲ្យមានសម្ពាធពេលនាង ត្រូវចុះខេត្តនេះចុះខេត្តនោះ ក្នុងការប្រកួតប្រជែងនៅក្នុងកម្មវិធី Star Award ។ ក្នុងនោះនាងត្រូវគេកត់សម្គាល់ថា កាន់តែស្រស់ស្អាតប្លែក ស្របគ្នាដែលនាងប្រកាសជំហរថា បន្តប្រឡូកសិល្បៈឲ្យខ្លាំងបន្ថែមទៀត មិនទាន់ចង់ដកដៃ។

កញ្ញា វណ្ណា វត្តី និយាយថា កញ្ញា សប្បាយចិត្តខ្លាំងណាស់ ដែលការងារសិល្បៈនាពេលចុងក្រោយ នៅតែបន្តផ្ដល់ឱកាសឲ្យខ្លួន បានសម្ដែង បានច្រៀង និងមានការងារជាហូរហែរ ដែលធ្វើឲ្យនាងនៅតែមានកម្លាំងចិត្តនៅក្នុងវិថីមួយនេះ។ នាងថារាល់ថ្ងៃខ្លួន មានបុរសៗតាមស្នេហ៍ច្រើនណាស់ ដោយមានទាំងបុរសទ្រព្យស្ដុកសុំនាងរៀបការ និងហ៊ានលើកស្ទួយ ឲ្យនាងសោយសុខដោយមិនខ្វល់ពីការងារសិល្បៈនោះផង តែមកពីនាងនៅស្រឡាញ់ការងារសិល្បៈ ទើបនាងមិនទាន់សម្រេចចិត្ត។ នាងថាមិនទាន់ដល់ពេល ដែលនាងសម្រេចចិត្តបោះបង់សិល្បៈនៅឡើយទេ ទើបនាងសុខចិត្តមិនទាន់ទទួលយកលក្ខណ រៀបការជាមួយបុរសណាម្នាក់ ហើយប្រកាន់ជំហរបន្តការងារមួយនេះ ទាំងការសម្ដែង និងចម្រៀងឲ្យនៅតែខ្លាំង។

ក្រៅពីត្រៀមចេញបទចម្រៀងនៅក្នុងផលិតកម្ម BN នាងក៏បានត្រៀមខ្លួនរួចរាល់អស់ដែរ ក្នុងការប្រកួតប្រជែងក្នុងកម្មវិធី Star Award ដែលនឹងចាប់ផ្ដើមនៅដើមខែ១១ ដោយក្នុងកម្មវិធីនេះ នាងគឺជាបេក្ខនារីមួយរូបក្នុងចំណោម២៥រូប តំណាងឲ្យខេត្តក្រុងទាំង២៥ ហើយដើរតួជាអ្នកផ្សព្វផ្សាយវប្បធម៌ សិល្បៈ និងតំបន់ទេសចរណ៍ តាមរយៈការបង្ហាញសមត្ថភាពសិល្បៈ យកបង្ហាញលើកញ្ចក់ទូរទស្សន៍។

យ៉ាងណាមិញ នាងថាខ្លួននឹងរៀបការហើយ អាចបន្ថយការងារសិល្បៈ នៅពេលណាមួយ ដើម្បីបង្កើតជាក្រុមគ្រួសារអោយដូចនារីទាំងពួង ដោយគ្រាន់តែក្នុងពេលនេះ នាងថា នៅចង់ប្រឡូកសិល្បៈឲ្យខ្លាំងសិន ទាន់នៅឱកាសហុចឲ្យ។ ជាមួយនឹងការត្រៀមខ្លួន បង្ហាញនូវស្នាដៃថ្មីនៅក្នុងសិល្បៈទាំងចម្រៀង និងការសម្ដែង បូករួមទាំងការចូលរួមប្រកួតប្រជែង សមត្ថភាពសិល្បៈ វណ្ណា វត្តី ក៏ត្រូវគេឃើញនៅតែហ៊ឺហារឡូយឆាយមិនអន់ដដែល ដោយក្នុងពេលបង្ហាញខ្លួន ថតឈុតកម្មវិធី Star Award នៅក្នុងថ្ងៃនោះគេ គឺនាងបង្ហាញខ្លួនជាមួយរថយន្តទំនើប និងមានសាច់ឈាមស្រស់ស្អាត ផូរផង់លើសពីពេលមុនទៅទៀត។

យ៉ាងណាមិញ នាងអះអាងថាហេតុផលដែលខ្លួនស្រស់ស្អាតជាងមុន គឺដោយសារតែនាងសប្បាយចិត្តនឹងការងារសិល្បៈ ក៏ដូចជាការមុខជំនួញ ស្របគ្នាដែលនាង ក៏មិនទាន់មានសម្ពាធក្នុងរឿងស្នេហា ដែលធ្វើឲ្យនាងស្មុគស្មាញផ្លូវចិត្តប៉ុណ្ណោះ៕

មតិយោបល់