កាលពីយប់ថ្ងៃទី១៦ ធ្នូ តារាសម្ដែងភេទទី៣ កញ្ញា ភី សម័យ បានប្រារព្ធពិធីខួបកំណើតយ៉ាងអធឹកអាធ័ម នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក។ នៅក្នុងពិធីនោះ គេឃើញតារាសម្ដែងល្បីល្បាញ អ្នកនាង ឆ័យលី ដាឡែន ស្ទើរតែជាអ្នកឈរមុខនៅក្នុងពិធីតែម្ដង បើទោះជាអ្នកនាង និងម្ចាស់ពិធីមិនត្រូវជាសាច់ឈាមនឹងគ្នា។ អ្វីដែលគេកត់សម្គាល់នោះ គឺអ្នកនាងអោយ ភី សម័យ លើសពីកាដូតែម្ដង នៅក្នុងពិធីនោះ។
កញ្ញា ភី សម័យ បានថ្លែងក្នុងថ្ងៃខួបកំណើតថា កញ្ញាកាលពីមុនដ្បិតថាហាត់រៀនខាងផ្នែកសម្ដែងនៅក្នុងក្លិបសិល្បៈមួយពិតមែន ប៉ុន្តែកញ្ញាមិនដែលគិតថាខ្លួននឹងបានក្លាយជាអ្នកសិល្បៈនោះទេ ទើបងាកមកចាប់អាជីពដើរផាត់មុខឲ្យតារាសម្ដែងនៅពេលថតកុនវិញ។ កញ្ញាបានចាប់ផ្ដើមអាជីពអ្នកផាត់មុខលើកដំបូងក្នុងរឿង«ស្ទឹងស្នេហា»របស់ផលិតចក្រវាទ្បពេជ្រ ហើយក៏មានទំនាក់ទំនងជិតស្និទ្ធិជាមួយតារាភាគច្រើន ជាពិសេសគឺអ្នកនាង ឆ័យលី ដាឡែន ដោយសារតែអ្នកនាងក្រៅពីស្រឡាញ់រាប់អាន ក៏បានជ្រើសជាអ្នកផាត់មុខប្រចាំខ្លួននាពេលបន្តបន្ទាប់។ កញ្ញាក៏ទទួលបានឱកាសក្លាយជាអ្នកសម្ដែងជាតួភេទទី៣ក្រម៉ិចក្រម៉ើមចាប់តាំងពីពេលនោះមក។ ទល់នឹងពេលនេះ កញ្ញា បានសម្ដែងប្រមាណជា៧រឿងហើយ ទើបធ្វើឲ្យកញ្ញាមានឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈ និងកាន់តែមានទំនាក់ទំនងជិតស្និទ្ធិជាមួយអ្នកសិល្បៈច្រើនឡើង ជាពិសេសគឺតារាសម្ដែងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង។
យ៉ាងណាមិញកញ្ញា បានអះអាងថាជាមួយអ្នកនាងសិល្បៈ កញ្ញា មានទំនាក់ទំនងជាមួយអ្នកនាង ឆ័យលី ដាឡែន ច្រើនជាងគេ ដោយបានទាំងចាត់ទុកថាអ្នកនាងជាបងស្រីម្នាក់ ឬជាម្ដាយទី២ម្នាក់ ព្រោះតែទឹកចិត្តរបស់អ្នកនាងនោះផង។ អ៊ីចឹងហើយទើបគេឃើញ អ្នកនាងឆ័យលី ដាឡែន ខ្នះខ្នែងនៅក្នុងពិធីមិនខុសពីពិធីខួបរបស់ខ្លួននោះទេ ដើម្បីឲ្យ កញ្ញា ភី សម័យ កាន់តែមានការស្រឡាញ់រាប់អានច្រើនឡើងថែមទៀតពីតារាសិល្បៈរៀមច្បង និងរួមជំនាន់។
អ្នកនាង ឆ័យលី ដាឡែន បានសរសើរមិនដាច់ពីមាត់ថា កញ្ញា ភី សម័យ ជាប្អូនក្នុងសិល្បៈដ៏ល្អ ដោយក្រៅពីចេះគោរពតារារៀមច្បង និងមានទេពកោសល្យវិវត្តន៍ខាងផ្នែកសម្ដែងបានកាន់តែល្អ កញ្ញា ក៏មានការវិវត្តន៍ខ្លាំងលើការផាត់មុខនោះផង ជាពិសេសបន្ទាប់ពីអ្នកនាងដែលចេះដឹងពីរបៀបផាត់មុខ និងធ្វើសក់ផងដែរ បានជួយណែនាំ គឺតារាភេទទី៣រូបនេះចាប់បានគ្មានចន្លោះ។ អ្នកនាងថា កញ្ញា ភី សម័យ ជាអ្នកមកពីខេត្ត ដោយនៅភ្នំពេញនាងរស់នៅតែម្នាក់ឯងប៉ុណ្ណោះ ទើបអ្នកនាងកាន់តែអាណិតកាន់តែស្រឡាញ់ ហើយអាចនិយាយបានគឺមិនខុសពីប្អូនបង្កើតនោះទេចាប់តាំងពីអ្នកនាងបានស្គាល់នៅក្នុងសិល្បៈ។ អ្នកនាងបានផ្ដល់អោយកញ្ញា ភី សម័យ នូវទឹកចិត្តដ៏ធំធេងមួយដែលអ្នកណាៗក៏មើលឃើញថាមានតម្លៃជាងកាដូឆ្ងាយណាស់ ដោយសារតែអ្នកនាងក្រៅពីចេញមុខខ្នះខ្នែងនៅក្នុងពិធី អ្នកនាងក៏បានប្រកាសថាភី សម័យ គឺមិនខុសពីប្អូនម្នាក់របស់អ្នកនាង ដែលពាក្យសម្ដីបែបនេះ គឺមានតម្លៃបំផុតសម្រាប់កញ្ញា ភី សម័យ ដែលជាតារាសម្ដែង និងជាអ្នកឯកទេសផាត់មុខជំនាន់ក្រោយ។
នៅក្នុងពិធីខួបកំណើតរបស់ភី សម័យ គេឃើញតារាមួយចំនួនត្រូវបានអញ្ជើញដោយអ្នកនាងឆ័យលី ដាឡែន ដោយអ្នកនាងក៏ជាអ្នកគៀគរបណ្ដាភ្ញៀវដែលភី សម័យ បានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីខួបកំណើតនៅវីហ្វ្រេននោះផងដែរ ទើបគេឃើញពិធីរបស់នាងមានតារាប្រុសស្រីច្រើននាក់ចូលរួម៕
មតិយោបល់