ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្ដុកក្ដួល! ពេលឮ នាយកុយ និយាយថា កម្មវិធីទូរទស្សន៍បន្តបោះបង់រូបលោក

នៅលើគណនីផ្លូវទីរបស់នាយកុយ លោកបានបញ្ជាក់ថាលោក និងក្រុមកំប្លែងនឹងអស់ទីផ្សារឡើងសម្ដែង នៅលើឆាកទូរទស្សន៍ ក្នុងពេលទាំងស្រុងហើយ ដោយលោកបញ្ជាក់ថា នៅលើកញ្ចក់ទូរទស្សន៍ នឹងលែងមានមុខនាយកុយ ឬក្រុមនាយកុយ ដូចមុនទៀតហើយ។ ការប្រកាសនេះ បានធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសក្នុងចំណោមអ្នកគាំទ្រ ដែលបានសរសើរថា លោកជាតារាជើងចាស់យូរហើយ ប៉ុន្តែគួរអោយស្ដាយដែលកម្មវិធីទូរទស្សន៍ មិនសូវមានការយកចិត្តទុកដាក់។

នាយកុយបានផុសជាសាធារណៈថា នៅក្នុងការងារសិល្បៈនៅលើកញ្ចក់ទូរទស្សន៍រាល់ថ្ងៃ គឺមានតែកម្មវិធីមន្តស្នេហ៍សំនៀង របស់ទូរទស្សន៍ CTN និងកម្មវិធីតន្ត្រីស្រុកស្រែម្ដងម្កាលប៉ុណ្ណោះ ដែលបានផ្ដល់កិត្តិយសអោយលោក និងក្រុមកំប្លែងបានបង្ហាញមុខ។ ប៉ុន្តែក្នុងពេលខាងមុខ កម្មវិធីមន្តស្នេហ៍សំនៀង នឹងត្រូវបិទចោល ប្ដូរដាក់ជាកម្មវិធីតន្ត្រីតម្រូវចិត្តយុវវ័យវិញហើយ ស្របគ្នាដែលកម្មវិធីតន្ត្រីស្រុកស្រែ ក៏មិនអាចផ្ដល់ឱកាស អោយក្រុមរបស់លោកបានកំប្លែងជាប្រចាំ ព្រោះតែមានក្រុមច្រើន។

លោកបានសរសេរថា «កម្មវិធីកំប្លែងតិចទៀតចប់ហើយបងប្អូន! នៅសល់តែតន្រ្តីស្រុកស្រែមួយទេ តាមគេខ្សិបដាក់ត្រចៀកខ្ញុំ ថាមន្តស្នេហ៍សំនៀង ជិតបិទទៀត! សូមបងប្អូនកុំភ្លេចមុខខ្ញុំ ចង់បំរើបងប្អូនកូនក្មួយរហូត បើបងប្អូនស្រឡាញ់អាណិតសិល្បៈកំប្លែង មេតាជួយស្សែអោយខ្ញុំផង អរគុណបំផុត!»។ ការលើកឡើងរបស់លោក បានធ្វើអោយម្នាក់ៗមានការក្ដុកក្ដួលចិត្តយ៉ាងខ្លាំង ដែលការលើកឡើងនេះ គឺបានបង្ហាញថា ក្នុងពេលដ៏ខ្លីក្រុមកំប្លែងរបស់លោក ក៏នឹងត្រូវបាត់មុខដោយសារតែកម្មវិធីទូរទស្សន៍ច្រើនឡើង លែងយកចិត្តទុកដាក់ដល់ក្រុមកំប្លែងជើងចាស់ ហើយងាកមកធ្វើតែកម្មវិធីតន្ត្រីតម្រូវចិត្តក្មេងៗ និងដាក់តែក្រុមកំប្លែងថ្មីៗ ដើម្បីតម្រូវតាមការចង់បានរបស់ស្ពុនស័រជំនួសវិញ។

លោកបានបន្តប្រាប់អ្នកគាំទ្រថា ខ្លួនមិនចង់សម្ដែងដើម្បីទទួលបានលុយកាក់មានបាននោះទេ គឺគ្រាន់តែចង់បង្ហាញខ្លួន ដើម្បីបម្រើអារម្មណ៍បងប្អូន កុំអោយភ្លេចមុខលោក និងដើម្បីកុំអោយលោកទំនេរ មិនឡើងទូរទស្សន៍ប៉ុណ្ណោះ ចំណែករឿងចង់ល្បី ឬរឿងលុយគឺលែងសំខាន់ហើយ។ នាយកុយបន្តទៀតថា ក្នុងការសម្ដែងលើឆាកទូរទស្សន៍ម្ដងៗ លោកទទួលបានតម្លៃសម្ដែងតែ៣០០ដុល្លារប៉ុណ្ណោះ ដោយក្រោយចែកចាយកូនក្រុម គឺមិនសល់ប៉ុន្មាននោះទេ តែបណ្ដាលមកពីលោកនៅតែបង្ហាញមុខ ចង់អោយក្មេងជំនាន់ក្រោយ នៅតែបានឃើញការសម្ដែងរបស់លោក ទើបលោកមានអារម្មណ៍សោកស្ដាយ នៅពេលឮថាកម្មវិធីមន្តស្នេហ៍សំនៀង នឹងត្រូវបិទនៅខែក្រោយ ហើយកម្មវិធីតន្ត្រីស្រុកស្រែ ដែលលោកនៅសម្ដែង ក៏ត្រូវឆ្លាស់គ្នាជាមួយក្រុមផ្សេង ស្ទើរតែត្រូវបាត់មុខ។

ប្រភពពីមន្តស្នេហ៍សំនៀងបានអះអាងថា កម្មវិធីទម្រង់បែបបុរាណ ទើបអាចដាក់កំប្លែងនៅក្នុងកម្មវិធីនោះបាន ប៉ុន្តែជាក់ស្ដែងកម្មវិធីបែបនេះ មិនសូវទទួលបានការគាំទ្រប៉ុន្មានទេ ទើបកម្មវិធីមួយនេះ នឹងពិតជាត្រូវបិទចោលហើយគម្រោងរំលេចកម្មវិធីជារបៀបយុវវ័យវិញ ដើម្បីកុំអោយបាត់បង់អ្នកស្ពុនស័រ។ នាយកុយនិយាយថា បើកម្មវិធីដែលលោកត្រូវកំប្លែងកាន់តែខើចទៅៗ គឺមិនខុសពីធ្វើអោយលោកបាត់បង់ឱកាស បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍នោះទេ បើទោះបីជាលោកមានជីវភាពមានបានខ្ពស់ឆ្ងាយ ក៏នៅតែចង់ឡើងសម្ដែង បម្រើអារម្មណ៍មហាជនគ្មានការនឿយណាយនោះ៕

មតិយោបល់