ព័ត៌មានសិល្បៈ និងកម្សាន្ត

មានវីដេអូ៖ នាយចឺម បំភ្លឺរឿងស្រឡាញ់ភេទដូចគ្នាជាមួយកូនថៅកែ BKS

មកទល់ពេលនេះមានការលើកឡើងកាន់តែច្រើនពីទំនាក់ទំនងរវាងនាយចឺម និងលោក ឈុន សុវណ្ណភក្ដី ដែលត្រូវគេស្គាល់ថាជាកូនថៅកែវ័យក្មេងរបស់ផលិតកម្មBKS ។ ស្របពេលដែលលោក និងបងធម៌ម្នាក់នោះ ត្រូវគេដឹងថារស់នៅក្នុងផ្ទះតែមួយ ទៅណាក៏២នាក់ ហើយពាក់អាវជារបៀបគូស្នេហ៍ផង ទើបធ្វើឲ្យមានការផ្ទុះឡើងនូវការប៉ាន់ស្មាននោះ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងករណីនេះ នាយចឺម បានចេញមុខបកស្រាយ បន្ថែមពីលើសម្ដីរបស់លោកឈុន សុវណ្ណភក្ដី ដែលធ្លាប់បានបញ្ជាក់រួចមកហើយ។

នាយចឺម និយាយថា ហេតុផលដែលលោកចេញចូលទៅនៅផ្ទះរបស់លោកឈុន សុវណ្ណភក្ដី ជាបងធម៌នៅបុរីវិមានភ្នំពេញ និងស្និទ្ធិស្នាលគ្នារហូតធ្វើឲ្យគេឈានទៅគិតផ្ដេសផ្ដាស គឺដោយសារតែលោក និងលោក ឈុន សុវណ្ណភក្ដី បានស្បថជាមួយគ្នាថានឹងស្រឡាញ់គ្នាជាបងប្អូន រាប់គ្នាឲ្យដូចបងប្អូនបង្កើតតែប៉ុណ្ណោះ។ លោកថាឪពុកម្ដាយរបស់លោកឈុន សុវណ្ណភក្ដី បានចាត់ទុកលោកជាកូនបង្កើតម្នាក់ ហើយស្រឡាញ់ និងផ្ដល់តម្លៃឲ្យលោកខ្លាំងណាស់ ទើបលោកសម្រេចចិត្តចេញចូលទៅរស់នៅក្នុងផ្ទះនោះ ហើយកាន់តែស្រឡាញ់ និងស្និទ្ធិស្នាលជាមួយលោកឈុន សុវណ្ណភក្ដី សឹងនឹងលើសពីបងប្រុសបង្កើតទៅទៀត ក្រោយពីលោកឈុន សុវណ្ណភក្ដី យកចិត្តទុកដាក់ចំពោះខ្លួន។ លោកថារវាងលោក និងលោកឈុន សុវណ្ណភក្ដី គឺជារាប់គ្នាជាបងប្អូនធម៌សុទ្ធសាធ អត់មានស្រឡាញ់ភេទដូចគ្នាអីទេ ដោយសារតែលោក និងកូនប្រុសថៅកែម្នាក់នោះគឺប្រុសពេញលក្ខណ:ទាំំងអស់ អត់មានលាយផ្នែកណាមួយពាក់កណ្ដាលនៅពីក្រោយការរាប់គ្នានោះទេ។

លោកថាលោកឈុន សុវណ្ណភក្ដី និងលោកបានចាប់ដៃគ្នាដើរច្រៀងតាមខេត្តក្រុង ហើយក៏មានការងារពាក់ព័ន្ធនឹងសិល្ប:ជាមួយគ្នាផងដែរ ទើបការទំនាក់ទំនងកាន់តែដូចជាបងប្អូន។ លោកប្រកាសថាលោកឈុន សុវណ្ណភក្ដី ជាបងប្អូនភ្លោះរបស់ខ្លួន ទើបលោកទៅណាមកណាគឺសឹងតែពាក់អាវដូចគ្នា និងលេងស្ទីលដូចគ្នា។

មិនខុសគ្នាដែរ លោកឈុន សុវណ្ណភក្ដី បានអះអាងថា ការនិយមទៅណាមកណាពាក់អាវដូចគ្នាមិនមែនសំដៅថាពួកជាគូស្នេហ៍នោះទេ ប៉ុន្តែលោកចង់ឲ្យមហាជនចាត់ទុកថាលោក និងនាយចឺម គឺជាកូនភ្លោះនៅក្នុងសិល្ប:ក្រោយពីបានស្បថរាប់គ្នាជាបងប្អូនបង្កើត។

មកទល់ពេលនេះលោកគ្រួសាររបស់លោក និងគ្រួសារនាយចឺម គឺដូចជាបងប្អូនតែមួយផងដែរ ដោយមិនមែនរាប់គ្នាតែលោក និងនាយចឺម ហើយក៏មិនមែនរាប់គ្នាក្នុងន័យស្រឡាញ់ភេទដូចគ្នាដូចការយល់ច្រឡំដែលគេធ្លាប់ឮនៅក្នុងសិល្ប:នោះទេ។

លោកធានាថារវាងខ្លួន និងនាយចឺម ដ្បិតថានៅផ្ទះជាមួយគ្នា ដេកបន្ទប់ជាមួយគ្នា ហើយទៅណាមកណាពាក់អាវដូចកូនភ្លោះជាមួយគ្នា តែមានព្រះជាសាក្សីថាពួកលោកមិនពាក់ព័ន្ធរឿងស្មោគរោគ គឺស្រឡាញ់ភេទដូចគ្នានោះទេ។ លោកអះអាងថាខ្លួន និងនាយចឺម ពិតជាស្រឡាញ់គ្នាមែន តែជាបងប្អូន១០០ភាគរយ ហើយចំពោះទឹកចិត្ត និងទង្វើ គឺមិនខុសពីបងប្អូនភ្លោះនឹងគ្នាឡើយ៕

//youtu.be/VI-SuXSzPpQ

មតិយោបល់