ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្លាយកុងត្រា និងលក្ខណ្ឌ របស់ ជ័យ សុវ៉ាត នៅសាន់ដេ

ក្រោយពីបានបញ្ចេញបទ«ក្រចេះស្នេហ៍ខ្ញុំ» នៅក្នុងផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត មិនបានបង្ហើបឲ្យដឹងពីរយ:ពេលដែលលោកបានចូលកុងត្រានោះទេ ដោយអ្នកគាំទ្រនឹកស្មានថាលោកគ្រាន់តែច្រៀងប្រចាំផលិតកម្មធំមួយនេះ ជាលក្ខណ:ឯករាជ្យប៉ុណ្ណោះ។ យ៉ាងណាមិញប្រភពផ្លូវការបានទម្លាយឲ្យដឹងពីចំណងកុងត្រានេះ ដោយខាងសាន់ដេ ក៏បានប្រកាសយុទ្ធសាស្រ្តដើម្បីជំរុញឲ្យលោកបានក្លាយជាតារាឡើងកូដ និងជាគ្រាប់ពេជ្រនៅក្នុងផលិតកម្មសាន់ដេ ក្រោយពីមានឈ្មោះបោះសំឡេងតាមរយ:កម្មវិធីផ្កាយរះក្នុងសួនកាលពីរដូវកាលទី១នោះផងដែរ។

ប្រភពពីផលិតកម្មសាន់ដេ បានអះអាងថាលោកជ័យ សុវ៉ាត បានចុះកុងត្រាផ្លូវការជាមួយផលិតកម្មកាលពីដើមខែធ្នូ មុននេះ បន្ទាប់ពីលោក និងភាគីផលិតកម្មបានព្រមព្រៀងគ្នាលើគោលការណ៍មួយចំនួន និងបន្ទាប់ពីខាងផលិតកម្មបានទម្លាក់បទឲ្យលោកបានថតចំនួន១០បទរួចរាល់។ ប្រភពផ្លូវការបន្តទៀតថាលោកបានចុះកុងត្រាជាមួយសាន់ដេរហូតដល់៧ឆ្នាំឯណោះ គឺច្រើនជាងតារាចម្រៀងជាតារារៀមច្បងនៅក្នុងផលិតកម្មសាន់ដេ ដោយសារតែខាងសាន់ដេ បានសំលឹងឃើញថាលោក ជ័យ សុវ៉ាត គឺជាតារាដែលងាយនឹងយិតយោងទីផ្សារឲ្យល្បី ដោយសារតែលោកក៏មានហ្វេន និងមានការទទួលស្គាល់ពីប្រជាប្រិយភាពជាយូរមកហើយ តាំងពីលោកបានក្លាយជាតារាចម្រៀងក្នុងកម្មវិធីផ្កាយរះក្នុងសួនចំណាតថ្នាក់លេខ២កាលពីឆ្នាំ២០១៣ និងជាតារាកំព្រាឪពុកម្ដាយរស់នៅក្នុងមណ្ឌលកុមារមួយរូប ដែលត្រូវបានអ្នកមានស្ដុកស្ដម្ភពីរនាក់ប្ដីប្រពន្ធយកទៅធ្វើជាកូនចិញ្ចឹម និងប្រកាសឲ្យក្លាយជាកូនពេញសិទ្ធិ។ ប្រភពបន្តថាបទចម្រៀងរបស់លោកជ័យ សុវ៉ាត ទើបតែបានចេញបង្ហោះជាសាធារណ:នៅលើផេករបស់សាន់ដេបានមួយបទប៉ុណ្ណោះ ប៉ុន្តែនៅដើមឆ្នាំ២០១៨ បទចម្រៀងជាច្រើនបទរបស់លោក ដែលភាគច្រើនជាបទនិពន្ធថ្មី មានទាំងបទស្លូ និងបទញាក់ នឹងសម្រុកចេញបំបុកទីផ្សារ ដើម្បីឲ្យលោកកម្រើកឡើងក្នុងពិភពចម្រៀង។

ឆ្លើយតបនឹងការទម្លាយនេះ លោកជ័យ សុវ៉ាត បញ្ជាក់ថាលោកមិនទាន់ចង់ទម្លាយឲ្យដឹងពីរយ:ពេលក្នុងការកុងត្រាជាមួយផលិតកម្មសាន់ដេនោះទេ ប៉ុន្តែលោកថាអ្វីដែលបានទម្លាយចេញគឺមានការពិត។ លោកថានៅក្នុងផលិតកម្មសាន់ដេបានផ្ដល់លក្ខណ្ឌឲ្យលោកច្រើនយ៉ាង ជាពិសេសគឺការការបញ្ចេញបទចម្រៀងឲ្យលោកទៀងទាត់ និងការផ្ដល់ឱកាសឲ្យលោកបានចេញក្នុងកម្មវិធីប្រគំតន្ត្រីធំៗ ទើបលោកសម្រេចចិត្តទទួលយកកុងត្រារហូតដល់៧ឆ្នាំ បើទោះជារយ:ពេលនេះគឺមានរយ:ពេលយូរ ដែលអាចធ្វើឲ្យលោកពិបាកហក់លោត ប្រសិនបើសាន់ដេ មិនអាចធ្វើឲ្យលោកមានឈ្មោះបោះសំឡេង។

យ៉ាងណាមិញ លោកជឿជាក់ទាំងស្រុង ថាផលិតកម្មសាន់ដេ នឹងផ្ដល់ភាពកកក់ក្ដៅឲ្យលោក គឺមិនដូចនៅក្នុងផលិតកម្ម Mega ដែលលោកធ្លាប់ជ្រកនោះទេ ទើបលោកសប្បាយចិត្តនឹងកុងត្រានេះ។ លោកថាខ្លួននឹងត្រៀមខ្លួនឡើងប្រូម៉ូតបទថ្មីៗដែលសម្រុកចេញដោយផលិតកម្មសាន់ដេ ក្នុងពេលខាងមុខ ដោយលោករំពឹងថាបទដែលបានសម្ងំថតប្រមាណជា១០បទ ហើយមិនទាន់បានបញ្ចេញនោះ នឹងមានការចាប់អារម្មណ៍លើសលប់ជាងបទ«ក្រចេះស្នេហ៍ខ្ញុំ»ដែលទើបបង្ហោះឡើងនោះទៅទៀត។

លោក ជ័យ សុវ៉ាត បញ្ជាក់ថាលោកនឹងឡើងសម្ភាសន៍ពីការងារក្រោយចូលសាន់ដេនេះ និងពីស្ថានភាពក្រោយក្លាយជាកូនចិញ្ចឹមអ្នកមានស្ដុកស្ដម្ភនៅក្នុងកម្មវិធី Komsan Talkshow នៅថ្ងៃទី២៨ ធ្នូនេះ នៅវេលាម៉ោង៧យប់ ដោយលោកនឹងរៀបរាប់ឲ្យអស់ពីអ្វីដែលពាក់ព័ន្ធនឹងជីវិតរបស់លោកនៅក្នុងកម្មវិធីបន្តផ្ទាល់មួយនេះ៕

មតិយោបល់