ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធីការិនីTV11 គង់ ចាន់រ៉ែន បាក់ដៃបាក់ជើង និងប្រេះឆ្អឹងខ្នង ក្នុងហេតុការណ៍រថយន្តបុករថយន្ត

ក្រោយពីជួបឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍ យ៉ាងសន្ធត់កាលពីព្រឹកថ្ងៃទី២៦ ធ្នូ នៅទីតាំងព្រៃនប់ខេត្តព្រះសីហនុ ក្នុងពេលចុះទៅថតបទយកការណ៍របស់ក្រសួងបរិស្ថាន ពិធីការិនីចាស់វស្សារបស់ទូរទស្សន៍អប្សរា អ្នកនាង គង់ ចាន់រ៉ែន ត្រូវបានគេអះអាងថា ស្ថិតក្នុងសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ក្នុងការសង្គ្រោះបន្ទាន់។ អ្នកនាងត្រូវគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលធ្វើការសង្គ្រោះបន្ទាន់ ប្រកាសថាបាក់ដៃបាក់ជើងធ្ងន់ធ្ងរ និងមានការប្រេះឆ្អឹងខ្នងផង ក្នុងពេលដែលអ្នករួមដំណើរផ្សេងទៀតក្នុងរថយន្ត មានរបួសតិចតួចជាងអ្នកនាង។

លោក គាំ ចន្ធី អ្នកដឹកនាំកម្មវិធីប្រចាំទូរទស្សន៍អប្សរា បានអះអាងថា អ្នកនាងគង់ ចាន់រ៉ែន គឺជាអ្នកដឹកនាំកម្មវិធីមួយរូបប្រចាំនៅទូរទស្សន៍អប្សរា និងជាពិធីការិនីជើងចាស់ផង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលរថយន្តបុកនឹងរថយន្តក្នុងហេតុការណ៍នោះ ដោយអ្នកនាង ទទួលគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេ ក្នុងចំណោមអ្នករួមដំណើរក្នុងឡាន ដែលចុះបេសកកម្មជុំគ្នា។

លោកថាអ្នកស្រីជួបហេតុការណ៍គ្រោះថ្នាក់ ក្នុងពេលដែលចេញទៅថតបទយកការណ៍មួយ ក្រោមការសហការជាមួយក្រសួងបរិស្ថាន ហើយមកទល់ម៉ោងនេះ អ្នកនាងនៅតែបន្តការសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រដដែល ដោយសារតែឆ្អឹងដៃឆ្អឹងជើងរបស់អ្នកនាង ត្រូវបានបាក់ ហើយត្រូវការការវះកាត់ជាបន្ទាន់ ដែលមិនទាន់ដឹងថារហូតដល់ពេលណា ទើបអាចជាសះនោះទេ។ លោកថាបាក់ដៃបាក់ជើង គឺជារឿងមិនសូវមានការបារម្ភ ពីក្រុមគ្រូពេទ្យប៉ុន្មានទេ ប៉ុន្តែអ្វីដែលលោកបានចុះទៅសួរសុខទុក្ខ ហើយឮពីភាគីគ្រួសារសាមីខ្លួន និងគ្រូពេទ្យបញ្ជាក់ប្រាប់ គឺអ្នកស្រីត្រូវប្រេះឆ្អឹងខ្នងធ្ងន់ធ្ងរ និងខ្ទាំផ្នែកខាងក្នុងផង ដែលមិនទាន់ដឹងថា នឹងមានលទ្ធផលបែបណា ក្រោយពេលព្យាបាល។

លោកថានេះជាគ្រោះថ្នាក់ធំមួយដែលបានកើតឡើង ចំពោះមន្ត្រីចាស់វស្សារបស់ទូរទស្សន៍អប្សរា ប៉ុន្តែលោកក៏សប្បាយចិត្តណាស់ដែរ ដែលអាយុជីវិតរបស់អ្នកនាង គង់ ចាន់រ៉ែន ត្រូវបានរួចផុត ដោយគ្រាន់តែមានការបាក់ដៃបាក់ជើង និងប្រេះឆ្អឹងខ្នង ដែលមានន័យថា អ្នកនាងនឹងរួចផុតពីការប្រឈមដល់ជីវិត។ លោកមិនច្បាស់ពីហេតុការណ៍គ្រោះថ្នាក់នោះទេ ប៉ុន្តែយោងតាមរូបភាព គឺរថយន្តរបស់ទូរទស្សន៍អប្សរា បុកគ្នាពេញទំហឹងជាមួយរថយន្តធំមួយទៀត ដែលមិនទាន់ដឹងថា ភាគីខាងណាជាអ្នកខុស និងភាគីខាងណាជាអ្នកត្រូវ។

យ៉ាងណាមិញ អ្នកនាងគង់ ចាន់រ៉ែន ដែលជាពិធីការិនីល្បីឈ្មោះ ប្រចាំប៉ុស្ដិ៍អប្សរា បានក្លាយជាជនរងគ្រោះ និងស្ថិតក្នុងភាពពិការ ប្រសិនបើការសង្គ្រោះបន្ទាន់ នៅក្នុងពេលនេះ មិនអាចជួយឲ្យអ្នកនាងបានជាដូចដើម។ លោក គាំ ចន្ធី បញ្ជាក់ថាអ្នកនាង ត្រូវបានមន្ត្រីខុទ្ទកាល័យរបស់ក្រសួងបរិស្ថាន និងរបស់លោកជំទាវ ម៉ែន សំអន ប្រកាសចុះទៅសួរសុខទុក្ខដល់ពេទ្យ ដោយផ្ទាល់ដោយសារតែអ្នកនាងជួបគ្រោះថ្នាក់នោះ នៅក្នុងការងារដែលចុះទៅថតបទយកការណ៍ឲ្យក្រសួងបរិស្ថាន ដែលមានការសហការ ជាមួយនឹងស្ថាប័នមួយចំនួនរបស់រដ្ឋ។

យ៉ាងណាមិញ លោកថាតារាសិល្ប:គួរតែមានទឹកចិត្តចុះសួរសុខទុក្ខដល់អ្នកនាង ដោយសារតែអ្នកនាង ក៏ជាតារាសិល្ប:រៀមច្បងមួយរូបផងដែរ ប្រចាំនៅទូរទស្សន៍អប្សរា៕

មតិយោបល់