បញ្ហាខ្សោយការចង់ចាំ គឺជាសត្រូវដ៏ធំផុតរបស់យើងគ្រប់គ្នា ជាពិសេសមនុស្សចាស់ និងអ្នកដែលស្ថិតនៅក្នុងវ័យកណ្តោល។ ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ thehealthsite បានបង្ហាញថា បញ្ហាខ្សោយការចង់ចាំអាចទប់ស្តាត់បាន ដោយមិនចាំបាច់ប្រើថ្នាំជំនួយឡើយ គឺគ្រាន់តែទទួលទានផ្លែឈើធម្មជាតិសាមញ្ញៗប៉ុណ្ណោះ។
ទទឹម គឺជាផ្លែឈើមួយប្រភេទក្នុងចំណោមផ្លែឈើដែលសម្បូរទៅដោយអាហារូបត្ថម្ភខ្លាំងបំផុត ហើយអាចប្រឆាំងនឹងជំងឺមហារីក សរសៃឈាមបេះដូង ជំងឺប្រព័ន្ធភាពស៊ាំ។ តាមការស្រាវជ្រាវបានបង្ហាញថា ផ្លែទទឹម មានផ្ទុកសារធាតុ polyphenol ដែលជាមីក្រូសារធាតុអាចជួយបង្កើនការចង់ចាំបានល្អ និងជៀសផុតពីបញ្ហាភ្លេចភ្លាំង។
ភាពមិនប្រក្រតីនៃការចង់ចាំ គឺជាបញ្ហាទូទៅមួយដែលត្រូវបានគេរកឃើញចំពោះអ្នកជំងឺដែលបានធ្វើការវះកាត់បេះដូង។ ប៉ុន្តែការសិក្សាមួយដែលចេញផ្សាយកាលពីឆ្នាំ ២០១៣បានរកឃើញថា អ្នកជំងឺដែលញ៉ាំផ្លែទទឹមមួយសប្តាហ៍មុនពេលវះកាត់ និង៦សប្តាហ៍ក្រោយពេលវះកាត់ អាចជួយការពារពីបញ្ហាបាត់ការចង់ចាំបាន។
ទន្ទឹមនឹងនេះផងដែរ ការសិក្សាកាលពីឆ្នាំ ២០០៦បានបង្ហាញថា សារធាតុ polyphenolic អាចជួយទប់ស្តាត់ការចាប់ផ្តើមនៃការវិវត្តជំងឺបាត់ការចង់ចាំ។ ការស្រាវជ្រាវមួយផ្សេងទៀតក្នុងឆ្នាំ ២០១៤ បានបង្ហាញដែរថា សារធាតុចម្រុះមាននៅក្នុងផ្លែទទឹម អាចជួយបង្កើនការចង់ចាំ និងសម្របសម្រួលដល់សាច់ដុំ។
ដូច្នេះហើយ ដើម្បីទប់ស្តាត់បញ្ហាខ្សោយការចង់ចាំទៅតាមអាយុ និងមុខងារនៃការចង់ចាំ អ្នកគួរតែបញ្ចូលផ្លែទទឹមទៅក្នុងរបបអាហារឲ្យបានញឹកញាប់៕
ប្រភព៖ thehealthsite
មតិយោបល់