ធ្លាប់តែឃើញនៅក្នុងភាពយន្តតាំងពីក្មេង នៅដំណាច់ឆ្នាំ២០១៧នេះ តារាសម្ដែងដែលមានឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈតាំងពីវ័យកុមារភាពរូបនេះ មានវ័យពេញ១៧ឆ្នាំហើយ ដោយរូបរាង និងមុខមាត់របស់នាងក៏បែកសាច់ស្អាតជាងមុន ហើយរំលេចសម្រស់ផូរផង់ មិនចាញ់នារីពេញវ័យទាំងពួងនោះដែរ បើទោះជានាងមើលទៅហាក់នៅក្មេងវ័យមិនទាន់ពេញរូបពេញរាងនៅឡើយ។ នាងត្រូវបានប្រកាសថាកាន់តែមានទីផ្សារខាងផ្នែកសម្ដែង តែក៏មិនទាន់ខ្លាំងក្លាដូចកាលពីវ័យកុមារភាពនោះដែរ បើធៀបនឹងស្នាដៃដែលនាងទើបតែទទួលបានពេលនេះ។
តារាសម្ដែងវ័យក្មេង ដាវណ្ណ ជេន្នី បានថ្លែងក្នុងពិធីខួបកំណើតគម្រប់១៧ឆ្នាំ កាលពីល្ងាចថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១៧មុននេះថា នេះជាលើកទី៣ហើយដែលនាងបានរៀបចំធ្វើពិធីខួបកំណើតចាប់តាំងពីបានក្លាយជាតារាសម្ដែងវ័យក្មេង ដែលមានស្នាដៃនៅក្នុងភាពយន្តមិនក្រោម២០រឿង តាំងពីវ័យ៦ឆ្នាំ។ នាងបានរៀបចំពិធីខួបលើកទី១ កាលពី២ឆ្នាំមុន ដោយការរៀបចំលើកនោះ គឺមានធំដុំមានទាំងវត្តមានតារាសិល្បៈ និងផលិតករចូលរួមច្រើនផង ខណៈដែលការរៀបចំកាលពីលើកទី២ទើបធ្វើជាលក្ខណៈគ្រួសារតូចតាច និងទើបតែធ្វើធំដុំនៅក្នុងឆ្នាំនេះ ដើម្បីជួបជុំមិត្តភក្តិ និងដើម្បីប្រកាសអោយដឹងថានៅក្នុងឆ្នាំនេះ នាងមានវ័យ១៧ឆ្នាំហើយ។ កញ្ញាថាការសម្ដែងភាពយន្ត បានជួយអោយនាងទទួលបានទីផ្សារការងារស្ទើរតែគ្មានម៉ោងសម្រាកនោះទេ ក្នុងពេលដែលនាងនៅក្មេង ហើយត្រូវផលិតករពេញចិត្តអោយសម្ដែងជាតួកូនក្មេង និងជាតួមិនទាន់វ័យជំទង់នៅក្នុងផ្ទៃរឿង។ នាងទើបតែធ្លាក់កាលពីរង្វង់មួយឆ្នាំមុន ដោយសារតែនាងឈានដល់វ័យ១៦ឆ្នាំ ដែលមានរូបរាងស្ទើរក្មេងស្ទើរពេញវ័យ ទើបធ្វើអោយនាងដេកផ្ទះខុសប្លែក បើធៀបនឹងអំឡុងពេលនៅកុមារភាពគឺតម្លៃខ្លួនក៏ខ្ពស់ ហើយការសម្ដែងរឿងក៏រកម៉ោងសម្រាកអត់បាន។ យ៉ាងណាមិញ នាងថានៅពាក់កណ្ដាលឆ្នាំ២០១៧មុននេះ ទីផ្សារសម្ដែងរបស់នាងមានការកំរើកឡើង ដោយសារតែមានរឿងជាច្រើនតម្រូវអោយនាងសម្ដែងជាតួវ័យជំទង់ ទើបធ្វើអោយនាងសប្បាយចិត្ត ហើយសម្រេចចិត្តរៀបចំពិធីខួបកំណើតជួបជុំមិត្តភក្តិ និងផលិតករ ដើម្បីអោយសប្បាយរីករាយជុំគ្នាតែម្ដងក៏ដូចជាដើម្បីអបអរឆ្លងឆ្នាំផង។ នាងថាការងារនៅក្នុងពេលនេះ នឹងមិនបាកអោយនាងស្ងប់ស្ងាត់ដូចមុនទៀតទេ ក្នុងពេលដែលនាងក៏បានវិវត្តន៍ខ្លួនជានារីវ័យជំទង់ ដែលមានផលិតករភាគច្រើនចូលចិត្តហៅអោយសម្ដែង ដែលខុសកាលពីអំឡុងឆ្នាំមុន ដែលខាងផលិតករ និយាយថារូបរាងរបស់នាងស្ទើរមនុស្សពេញវ័យ និងស្ទើរកូនក្មេង ដែលនៅក្នុងផ្ទៃរឿងមិនសូវតម្រូវ។
អ្នកនាង ច័ន្ទ សោភ័ណ្ឌ ហៅ រ៉ូស ជាម្ដាយរបស់តារាសម្ដែងជេន្នី បានអះអាងថា ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៧ កូនស្រីរបស់អ្នកនាងទទួលបានការសម្ដែងរឿងច្រើនឡើង ដែលអ្នកនាងយល់ថាបណ្ដាលមកពីកូនស្រីរបស់អ្នកនាង អាចសម្ដែងជាតួវ័យជំទង់បាន ដែលខុសកាលពីឆ្នាំមុនគឺពិបាកអោយសម្ដែងជាតួវ័យជំទង់ ហើយបើចង់អោយនាងទៅសម្ដែងជាតួកូនក្មេងក៏ពិបាក។ អ្នកនាងថានៅក្នុងគ្រួសាររបស់អ្នកនាងគឺអាចនិយាយបានថាជាត្រកូលតារាសម្ដែងតែម្ដង ដោយសារតែអ្នកនាងក៏ជាតួសម្ដែង កូនស្រីរបស់អ្នកនាងក៏ជាតួសម្ដែង ហើយកូនប្រុសរបស់អ្នកនាងក៏ជាតួសម្ដែងផងដែរ ដោយក្នុងពេលនេះគឺម្នាក់ៗស្ទើរតែអត់ម៉ោងសម្រាក ហើយមានស្នាដៃនៅក្នុងភាពយន្តម្នាក់ៗមិនក្រោម២០រឿងនោះទេ។ អ្នកនាងថាកូនស្រីរបស់អ្នកនាងកាន់តែមានទីផ្សារសិល្បៈ អ៊ីចឹងហើយទើបក្នុងថ្ងៃកំណើតរបស់កញ្ញា ជេន្នី គឺអ្នកនាងគ្រាន់តែគម្រោងរៀបចំតិចតួចសោះតែមានផលិតករ តារាសម្ដែងរៀមច្បង និងតារាក្មេងៗច្រើននាក់មកចូលរួមច្រើនគួរសមពេញមុខផ្ទះ ដោយភ្ញៀវកិត្តិយសម្នាក់ៗដែលបានបង្ហាញខ្លួនក៏បានផ្ដល់ជាកាដូជារបស់មានតម្លៃរួមមានរបស់ប្រើប្រាស់ និងកងដៃជូនដល់នាងផងដែរ៕
មតិយោបល់