ព័ត៌មានសិល្បៈ និងកម្សាន្ត

ភាពយន្ត សុខ សោម៉ាវត្តី នាយក្រូច និងB.I.G ប្រកាសបញ្ចាំង ក្រោយចេញTrailer

នៅទីបំផុតភាពយន្តរឿង«ប៊ីអាយជី និងខ្មោចយក្សធំ» ដែលសម្ដែងដោយតារាល្បី៣រូប គឺ អ្នកនាង សុខ សោម៉ាវត្តី នាយក្រូច និងលោកប៊ីអាយជី កំណត់ថ្ងៃដាក់បញ្ចាំងហើយ ដោយគ្រោងដាក់បញ្ចាំងនៅថ្ងៃទី១៥ កុម្ភ: នៅខែក្រោយនេះ។ ការកំណត់ថ្ងៃលក់សំបុត្រ ត្រូវបានធ្វើឡើងបន្ទាប់ពី Trailer ផ្លូវការ ត្រូវបានបង្ហោះឡើង ហើយទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។

នេះជាភាពយន្តមួយដែលបានផលិតឡើងនៅក្នុងផលិតកម្ម C-Star ដែលផលិតកម្មនេះកាលពីមុនក៏ទទួលបានឱកាសវាយលុកទីផ្សារគួរឲ្យកត់សម្គាល់ផងដែរ តាមរយ:ការផលិតបទចម្រៀង ជាពិសេសតាមរយ:បទ«ក្រមុំភូមិណា» របស់នាយចឺម និងបទចម្រៀងរបស់នាយក្រូច និងអ្នកនាងអីត។

អ៉ីចឹងហើយទើបការបង្ហាញវត្តមានភាពយន្តរឿង«បីអាយជី និងខ្មោចយក្សធំ» កាន់តែធ្វើឲ្យអ្នកគាំទ្រមានការគាំទ្រខ្លាំងឡើងជាមួយផលិតកម្មC-Star ដោយសារតែភាពយន្តនេះត្រូវបានរួមសម្ដែងសុទ្ធតែតារាល្បីៗ ជាពិសេសគឺអ្នកនាង សុខ សោម៉ាវត្តី នាយក្រូច និងលោកប៊ីអាយជី ជាដើម ដោយក្រៅពីតារាសម្ដែងទាំង៣ក៏មានតួយុវវ័យល្បីឈ្មោះ និងតារាចម្រៀងមួយចំនួនរបស់ផលិតកម្មC-Star ផងដែរ។ បើទោះជាភាពយន្តនេះ មិនមែជាការសម្ដែងប៉ះគ្នាលើកដំបូងរបស់អ្នកទាំង៣ ប៉ុន្តែអ្នកណាៗក៏មើលឃើញថាអ្នកនាង សុខ សោម៉ាវត្តី នាយក្រូច និងលោក BIG បានសម្ដែងជាតួឯករួមគ្នា ដោយក្នុងរឿងនេះ គឺគ្រាន់តែមើលឈុតឆាកខ្លី ក៏ឃើញថាជក់ចិត្តរួចបាត់ទៅហើយ នៅពេលដែលអ្នកទាំង២ត្រូវគេសម្ដែងជាតួអង្គកូ និងសម្បូរស្ទីលកំប្លុកកំប្លែងប៉ះគ្នា។

ក្រៅពីឈុតឆាកកំប្លែង នៅក្នុងភាពយន្តនេះក៏មានឈុតឆាកភ័យរន្ធត់ ជាមួយនឹងឈុតព្រលឹងខ្មោចសងសឹក និងឈុតឆាកស្នេហាផ្អែមល្ហែម រវាងអ្នកនាង សុខ សោម៉ាវត្តី និងតួអង្គប្រុសគឺលោក ឈី រដ្ឋា ដែលជាតារាចម្រៀងផង ជាតារាសម្ដែងផង និងជាម្ចាស់ផលិតកម្មC-Star នេះផងដែរ ទើបធ្វើឲ្យភាពយន្តទាំងមូលមានភាពទាក់ទាញ។ ភាពយន្តនេះនឹងគម្រោងបញ្ចាំងគ្រប់រោងនៅថ្ងៃទី១៥ កុម្ភ: ក្នុងឆ្នាំ២០១៨ ដោយរំពឹងថានឹងទទួលជោគជ័យ បើទោះជាភាពយន្តនេះគឺជាភាពយន្តបើកឆាករបស់ផលិតកម្ម C-Star ។

ខាងក្រោមនេះជាTrailer រឿង«ប៊ីអាយជី និង ខ្មោចយក្សធំ!» ដែលទើបតែបង្ហោះឡើងជាសាធារណ:៖

មតិយោបល់