កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយកាលពីថ្ងៃពុធថា ការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ គឺជាផ្លូវឆ្ពោះទៅរកសន្តិភាព ដោយការថ្លែងបែបនេះ បានកើតទ្បើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង យល់ព្រមបញ្ជូនអត្តពលិករបស់ខ្លួន ទៅប្រកួតកីឡាអូឡាំពិករដូវរងា នៅកូរ៉េខាងត្បូងនាពេលខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
លោក មូន បានប្រាប់សន្និសីទសារព័ត៌មានមួយថា «រដ្ឋបាលលោក ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាសន្តិភាពតាមរយៈកីទ្បាអូឡាំពិក ជាមួយការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយសន្តិភាព»។
គណៈប្រតិភូមកពីកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានធ្វើកិច្ចចរចាផ្លូវការជាលើកដំបូងរបស់ពួកគេ កាលពីថ្ងៃអង្គារ ដែលមិនធ្លាប់មានក្នុងរយៈពេលជិត ២ ឆ្នាំកន្លងមក នៅឯភូមិប៉ានម៉ុនជូម ជាតំបន់ព្រំដែនគ្មានយោធា។
គួររំឭកថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានធ្វើពហិការមិនចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅ តាំងពីឆ្នាំ ១៩៨៨ នៅទីក្រុងសេអ៊ូលមកម្ល៉េះ ប៉ុន្តែនៅលើកនេះ កូរ៉េខាងជើង នឹងបញ្ជូនអត្តពលិក ក៏ដូចជាមន្រ្តីខ្លួនទៅចូលរួមការប្រកួតកីឡានេះវិញ ដែលនឹងចាប់ផ្តើមនៅ តំបន់ Pyeongchang នាខែក្រោយ៕
មតិយោបល់