ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាយដំណឹង សួស វីហ្សា គ្រោងរៀបការ ជាមួយ តារាសម្ដែង ថមមី

បន្ទាប់ពីចាប់ដៃគូឡើងឆាកជាមួយគ្នាបានមួយរយៈក៏មានដំណឹងថាតារាចម្រៀង នាង សួស វីហ្សា និងលោក ថមមី ដែលកាលពីមុនមានដំណឹងបានរួមរស់ដោយលាក់កំបាំងក្រោមដំបូលតែមួយនោះ បែកបាក់គ្នាហើយ ព្រោះតែមានរឿងរ៉ាវមិនចុះសម្រុងកើតឡើង ក្រោយពេលតារាទាំង២ស្ទុះឡើងប្រជាប្រិយភាពរៀងខ្លួន។ យ៉ាងណាមិញ ដំណឹងផ្លូវការបានអះអាងថា តារាទាំងពីរក្រោយពីខ្វែងគំនិត បានត្រឡប់មកចង់សម្ព័ន្ធស្នេហ៍ជាមួយគ្នាវិញហើយ ដោយអ្នកទាំងពីរសម្ងំរៀបចំគម្រោងរៀបការនឹងគ្នា ដើម្បីកុំអោយប្រទះរឿងឈ្លោះ រឿងបែកជាថ្មីនោះផង។

ប្រភពពីតារាសិល្បៈបានអះអាងថា ក្នុងពេលតារាប្រុសស្រីទាំង២បែកគ្នា គេឃើញ លោកថមមី បានងាកទៅស្និទ្ធិស្នាលជាមួយតារាកំប្លែងអ្នកនាង ប្រិមប្រិយ មួយខ្យល់ ស្របគ្នាដែលតារាកំប្លែងប្រិយប្រិយក៏មានដំណឹងដាច់ដោចគូដណ្ដឹងនៅអាមេរិក ហើយបានសម្ដែងជាមួយលោកថមមី ក្នុងរឿង«កូនពស់កេងកង»។ ទំនាក់ទំនងនៅក្នុងពេលនេះ មានការប៉ាន់ស្មានថាតារាសម្ដែងលោកថមមី ក្រោយមានរឿងរ៉ាវប្រេះឆាជាមួយតារាចម្រៀងនាង សួស វីហ្សា បានងាកទៅចាប់ស្នេហ៍អ្នកមេម៉ាយកូនមួយអ្នកនាងប្រិមប្រិយនោះផងបន្ទាប់ពីឃើញអ្នកទាំងពីរមានភាពស្អិតរមួតក្នុងពេលថតរឿងប៉ះគ្នានៅក្រៅឆាក ហើយក៏ឃើញឧស្សាហ៍ទៅណាមួយមកណាជាមួយគ្នា។ យ៉ាងណាមិញទំនាក់ទំនងនោះត្រូវបានផុតរលត់ ហើយដំណឹងចុងក្រោយ គឺលោកថមមី និងតារាចម្រៀងសួស វីហ្សា បានវិលរកគ្នាវិញហើយ បើទោះជាអ្នកទាំងពីរហាក់មិនចង់សម្ញ៉ែងអោយឃើញជាថ្មីជាសាធារណៈនៅឡើយ។

ដំណឹងដែលបានធ្លាយចេញបញ្ជាក់ថា តារាទាំងពីរបានត្រឡប់ស្រឡាញ់គ្នាដូចដើមវិញហើយ ប៉ុន្តែមិនទាន់ឈានដល់ដំណាក់រួមរស់ជាមួយគ្នាដូចមុនវិញទេ ដោយសារតែទំនាស់ផ្លូវចិត្តដែលធ្លាប់កើតឡើងនៅមិនទាន់អោយអ្នកទាំងពីរឈានដល់ទំនាក់ទំនងបែបនោះជាថ្មី។ ឆ្លើយតបនឹងការលេចធ្លាយនេះ កញ្ញា សួស វីហ្សា ដែលត្រូវគេឃើញប្រឹងប្រែងនៅក្នុងផលិតកម្មហង្សមាស តែនៅមិនអាចតាមទាន់គូប្រជែង មិនអាចសុំការបញ្ជាក់បានទេ ប៉ុន្តែសម្រាប់លោកថមមី ហាក់ទទួលស្គាល់ដោយប្រយោល។

វាក់អើនឹងអ្នកសារព័ត៌មាន ជាមួយនឹងរឿងរ៉ាវដែលត្រូវគេចាត់ទុកថាជារឿងរសើបនោះ លោកបានបញ្ជាក់ថា រវាង លោក និងកញ្ញា សួស វីហ្សា ពិតជាវិលរកគ្នាមែន។ លោកបាននិយាយថា«ឥឡូវនេះពួកខ្ញុំល្អនឹងគ្នាវិញហើយ តែខ្ញុំអត់ទាន់ចង់និយាយពីអ្វីច្រើនទេ!» យ៉ាងណាមិញ លោកបានបញ្ជាក់ថា រវាងលោក និងគូស្នេហ៍នៅស្ថិតក្នុងភាពផុយស្រួលនៅឡើយ បន្ទាប់ពីទំនាក់ទំនងមួយប្រាវមុនជួបរឿងខ្វែងគំនិត។

ជាមួយនឹងការបញ្ជាក់អោយដឹងបែបនោះ លោកក៏បានប្រកាសថារវាងខ្លួន និងសួស វីហ្សា អាចនឹងមានដំណឹងល្អនោះផងដែរ បើការត្រូវរ៉ូវឈានដល់ដំណាក់កាលកាន់តែល្អជាងមុន។ ការទទួលស្គាល់បែបប្រយោលរបស់លោក ត្រូវគេកត់សម្គាល់ថាស្របនឹងការទម្លាយថាការពិតតារាទាំងពីរឈានដល់ដំណាក់កាលដូចដើមវិញហើយ ដោយគ្រាន់តែលោកថមមី មិនទាន់ចង់ទម្លាយដើម្បីកុំអោយប៉ះពាល់ខាងស្រី ហើយរង់ចាំអោយមានដំណឹងរៀបការតែម្ដង ទើបប្រកាសឡើង៕

មតិយោបល់