ទោះជាគេមិនទាន់ដឹងថាចំណងស្នេហាដែលបានលេចឡើងរវាង តារាចម្រៀងហង្សមាសស្រីល្បីឈ្មោះ២ដួងប្រចាំនៅហង្សមាស ជាមួយតារាសម្ដែងដែលមានសាច់ដុំមាឌឌាំង និងក្បាលពោះ 6 Packs ថាជាស្នេហាពិត ឬក្លែងក្លាយ ក៏ចំណងស្នេហ៍របស់អ្នកនាងពេជ្រ សោភា និងកញ្ញា សួស វីហ្សា បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែអ្នកទាំងពីរសុទ្ធតែមានស្នេហាជាមួយនឹងតារាសម្ដែងដែលមិនស្ថិតក្នុងអាជីពដូចខ្លួន ហើយគូស្នេហ៍របស់អ្នកទាំងពីរសុទ្ធតែជាបុរសសង្ហារសាច់ដុំពោះ៦កង់។ មកទល់ពេលនេះ ចំណងស្នេហ៍របស់អ្នកទាំង៤ សុទ្ធតែបានប្រកាសពីភាពរឹងមាំនៃចំណងស្នេហ៍របស់ខ្លួន បង្ហាញដល់អ្នកគាំទ្រនោះផង។
ពេជ្រ សោភា និង ឆឹម សក្កដាៈ ទោះស្ថិតក្នុងមន្ទិលថានេះជាស្នេហ៍ក្លែងក្លាយ ប៉ុន្តែសម្រាប់សាមីខ្លួននៅតែអះអាងថាពួកគេស្ថិតក្នុងការមើលចិត្តថ្លើមគ្នា ហើយមានគម្រោងនឹងចាប់ដៃគ្នារៀបការក្នុងពេលខាងមុខនោះផង បន្ទាប់ពីភាគីម្នាក់ៗសុទ្ធតែបានស្គាល់ចិត្តថ្លើមគ្នា នឹងគ្មានការជំទាស់ពីគ្រួសារទាំងសងខាង។ ពេជ្រ សោភា ធ្លាប់អះអាងថាម្ដាយ និងបងៗរបស់នាង មានតែនាំគ្នាបន្ទោសនាង បើនាងមិនព្រមទទួលយកលោកឆឹម សក្កដា អ៉ីចឹងហើយទើបនាងយល់ថាសម្ព័ន្ធស្នេហ៍របស់នាងមិនមានឧបសគ្គនោះទេ។ ប៉ុន្តែសម្រាប់ភាគីខាងប្រុស បែរជាអះអាងថាខ្លួននៅជំហរទន់ណាស់ មិនទាន់មានផ្ទះ មិនទាន់មានឡាន និងមិនទាន់មានជំហររឹងមាំនៅក្នុងជីវិតនៅឡើយ ទើបសុំពេលបន្តទំនាក់ទំនងមួយខ្យល់ទៀតសិន ដើម្បីសន្សំលុយ។ ដ្បិតថាអ្នកទាំង២ស្ងាត់បង្ហាញអោយឃើញនូវភាពផ្អែមល្ហែម ប៉ុន្តែចំណងស្នេហ៍របស់គូនេះនៅតែអះអាងថារឹងមាំ។ ម្នាក់ៗបានទាំងសរសើរថាម្ខាងៗក្រោយពីមានការប្រកាសអោយដឹងពីចំណងស្នេហ៍នោះផង ដោយខ្លះថាឆឹម សក្កដា សំណាងព្រោះបានតារាស្រីល្បីធ្វើគូស្នេហ៍ ហើយអ្នកគាំទ្រម្ខាងទៀត សរសើរថាពេជ្រ សោភា សំណាងបានគូស្នេហ៍រូបសង្ហារ និងមានសាច់ដុំធំៗ ហើយថែមទាំងមានសាច់ក្បាលពោះ៦កង់ផង។
មិនខុសគ្នាដែរ កញ្ញា សួស វីហ្សា ឯណេះវិញ ក៏មានគូស្នេហ៍ជាតារាសម្ដែងសង្ហារមិនចាញ់ពេជ្រ សោភា នោះដែរ ដោយបុរសជាគូស្នេហ៍របស់នាងគឺលោកថមមី ដែលជាបុរសសង្ហារថ្ពាល់ខួច និងជាបុរសសាច់ដុំធំៗ និងក្បាលពោះ៦កង់ កាលីបជាងលោកឆឹម សក្កដា ផង។ ដ្បិតថាលោកថមមី មិនទាន់មានក្រេឌីតបានសម្ដែងតួឯកច្រើនដូចគូស្នេហ៍អ្នកនាងពេជ្រ សោភា ប៉ុន្តែលោកគឺជាបុរសរូបសង្ហារ ដែលគ្រាន់តែឃើញរូបរាង និងសាច់ដុំ ក៏គេសរសើរថាស្រីតូចច្រឡឹងនាង សួស វីហ្សា ស្រឡាញ់ដកចិត្តមិនបាន គឺព្រោះតែរូបរាងសង្ហារនេះឯង។ អ្នកទាំងពីរធ្លាប់រងព័ត៌មានថារួមរស់ក្រោមដំបូលតែមួយ និងបែកគ្នាមួយរយៈ ប៉ុន្តែពេលនេះបានត្រលប់មកល្អូកល្អិននឹងគ្នាវិញហើយ ដោយគម្រោងនឹងរៀបការក្នុងពេលឆាប់ៗនោះផង។
មតិយោបល់