កន្លងមកគេមិនដែលឃើញ តារាចម្រៀង លោក កូម៉ា បង្ហាញខ្លួនលេងអោយក្រុមបាល់ទាត់ណាមួយនោះទេ ទើបម្នាក់ៗកោតសរសើរ នៅពេលលោកលេងអោយក្រុមមហាហង្សកាលពីថ្ងៃទី១៤ មីនា ហើយសហការគ្នាជាមួយសមាជិក ជាពិសេសគឺជាមួយតារាសម្ដែង លោក សេង នរៈមង្គល បានយ៉ាងល្អ ធ្វើអោយក្រុមមួយនេះ ឡើងដោយស្វ័យប្រវត្តិទៅវគ្គ១៦ក្រុម ក្នុងការប្រកួតជ្រើសរើសជើងឯក KMH Champion League សម្រាប់ពូល C ដែលកំពុងដំណើរការការប្រកួត។
លោក អុិន សុភិន និយាយថា ជាលលើកទី១ហើយ ដែលក្រុមតារាមហាហង្សរបស់លោក ដែលប្រមូលផ្ដុំសុទ្ធ តែតារាសិល្បៈ ជាកីឡាករ បានចូលប្រកួតក្នុងលីក ហើយបានឡើងទៅកាន់វគ្គ១៦ ក្រុមដោយស្វ័យប្រវត្តិ។ លោកថា បើការប្រកួតជម្រុះពូលលើកចុងក្រោយ ក្រុមលោកឈ្នះមួយលើកទៀត នោះនឹងបានឈរលេខ១ ក្នុងពូល C តែបើទោះជាចាញ់ ក៏បានឡើងទៅកាន់វគ្គ១៦ ក្រុមនោះដែរ ដោយគ្រាន់តែបានត្រឹមឈរលេខ២ក្នុងពូល។ យ៉ាងណាមិញ លោកថា នឹងប្រឹងអោយអស់ពីសមត្ថភាព ដើម្បីប្រឹងយកលំដាប់លេខ១ក្នុងពូល ដើម្បីគេចក្រុមខ្លាំងមួយផ្សេងទៀត ដែលគ្រោងនឹងត្រូវប៉ះគ្នាក្នុងវគ្គខ្វែង។
លោក អុិន សុភិន និយាយថា ការប្រកួតកាលពីថ្ងៃទី១៤ មីនា នោះ ក្រុមរបស់លោកបានយកឈ្នះ លើក្រុមអាណាចក្របៃតង ក្នុងលទ្ធផល២ទល់១ បន្ទាប់ពីក្រុមគូប្រកួត រកបានមួយគ្រាប់មុន។ លោកថាតារាសម្ដែង លោក សេង នរមង្គល ដែលមានឈ្មោះកំណើតថា ហូ ប៉ូសេង ជាអ្នករកបានមួយគ្រាប់ និងសមាជិកក្រុមមួយរូបទៀត ជាអ្នករកបានមួយគ្រាប់ទៀត។ យ៉ាងណាមិញ លោកចាត់ទុកថា ជ័យជម្នះរបស់ក្រុមមហាហង្ស ដែលអាចឡើងទៅកាន់វគ្គ១៦ក្រុមដោយស្វ័យប្រវត្តិនេះ គឺបានកើតឡើងដោយសារការរួមចំណែករបស់តារា២ដួង នោះគឺ តារាចម្រៀង លោក កូម៉ា ដែលជាអ្នកបោះបាល់ អោយយ៉ាងល្អដល់ក្រុមអ្នកស៑ុតចូល និងតារាសម្ដែងលោក សេង នរមង្គលតែម្ដង ទើបអាចអោយក្រុមមហាហង្សរកបាន៣ពិន្ទុ ហើយបានឡើងទៅវគ្គ១៦ ក្រុមដោយស្វ័យប្រវត្តិ។ លោកថា ក្នុងការប្រកួតបន្តបន្ទាប់ តារាសិល្បៈច្រើនឡើង នឹងបង្ហាញខ្លួនចូលលោក ដោយលោកមិនទាន់រំពឹងថា នឹងឈ្នះក្នុងវគ្គឆ្លងពូលនោះទេ តែនឹងប្រឹងអោយអស់ពីលទ្ធភាព៕
មតិយោបល់