ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ា ច័ន្ទបញ្ញា នៅតែរន្ធត់ចិត្ត ក្រោយអ៊ំប្រុសត្រូវប៉ូលិសស័ក្តិ២ ប៉ងធ្វើឃាត!

មកទល់ម៉ោងនេះ តារាចម្រៀង Original Song និងជាតារាសម្ដែងមួយរូបផង លោក ម៉ា ច័ន្ទបញ្ញា នៅតែបង្ហាញសារក្ដុកក្ដួល និង រន្ធត់ចិត្ត បន្ទាប់ពីអ៊ំប្រុសរបស់លោក ត្រូវមនុស្សបែកថ្នាំម្នាក់ប៉ងធ្វើឃាត ហើយបណ្ដាលអោយមានរបួសធ្ងន់ធ្ងរនៅក្នុងពេលនេះ។

លោកបានហៅហេតុការណ៍ដែលបណ្ដាលអោយមនុស្សសំខាន់នៅក្នុងគ្រូសាររបស់លោកក្លាយជាជនរងគ្រោះ ថាជាទង្វើដែលកើតចេញពីការបែកថ្នាំ ដែលលោកបានស្នើអោយមានការទប់ស្កាត់លើករណីការចរាចរណ៍ថ្នាំញៀនដែលនៅតែកើតឡើង។

លោកបានសរសេរបង្ហោះនៅលើហ្វេសប៊ុកអមដោយរូបថតជនបង្កហេតុថា«ប្រុសម្នាក់នេះគឺជាជនដៃដល់ ដែលមានបំណងចង់ធ្វើឃាតអ៊ំប្រុសរបស់ខ្ញុំឈ្មោះ ម៉ា រិទ្ឋី ជាសាស្ត្រាចារ្យ គណិតវិទ្យា ដែលជាជនពិការដៃផងដែរ មានឈ្មោះ សិទ្ឋ បញ្ញា បានយកកូនកាំបិតមកចាក់បំពង់ក ហើយយកដែករឹងមកវាយក្បាល នឹងមុខមាត់ បណ្តាលឲ្យជនរងគ្រោះដួលសន្លប់ស្តូកស្តឹង រងរបួស ជាទម្ងន់។ ក្រោយពីនាំទៅមន្ទីរពេទ្យ កាល់ម៉ែត លោកគ្រូពេទ្យវាយតម្លៃបឋម ថា ចាក់ត្រូវកញ្ចឹងក បាក់ថ្គាម បាក់ធ្មេញ ដាច់អណ្តាត ស្រាំលលាដ៍ក្បាល ហើយត្រូវបញ្ជួនបន្តទៅពេទ្យចារីនៅវៀតណាម។ រឿងនេះកើតទ្បើងនៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្បែរស្តូបព្រះបរមរតនកោដ្ឋ វិមានឯករាជ្យ។ តាមព័ត៌មាន ជនដៃដល់ពាក់ស័ក្តិ២ជាប៉ូលីស ហើយជោកជាំដោយគ្រឿងញៀនទៀតផង។ សូមស្នើសុំដល់សមត្ថកិច្ចជួយរកយុត្តិធម៌ ដល់ជនរងគ្រោះជាជនពិការផង នឹងសូមឲ្យច្បាប់ផ្តន្ទាទោសឲ្យបានសុក្រឹត្យផង។សង្ឃឹមថាសម័យតេជោនេះ សមត្ថកិច្ចនឹងចាត់ចែងលើជនដៃដល់នេះដោយតឹងរឹងនឹងសុក្រឹត្យបំផុត»។

មកទល់ម៉ោងនេះ ករណីដែលបានកើតឡើងលើអ៊ំប្រុសលោក នៅមិនទាន់ដឹងថាដោះស្រាយយ៉ាងណាទេ ក្នុងពេលដែលម្នាក់បង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងព័ត៌មានថា មានមន្ត្រីប៉ូលិសពាក់ស័ក្តិ២ ឈានដល់ការកាន់កាំបិតដេញចាក់ ប៉ងធ្វើឃាតមនុស្សម្នាក់នៅកណ្ដាលហ្វូង ក្រោមការបញ្ជាក់ថាបែកថ្នាំបែបនេះ។ ក្នុងនោះហេតុផលមុនឈានដល់ការប៉ះទង្គិចររវាងជនល្មើស និង ជនរងគ្រោះ ក៏នៅមិនទាន់ដឹងថា បណ្ដាលមកពីអ្វីផងដែរ។

យ៉ាងណាមិញមហាជនភាគច្រើនបានបង្ហាញពីការថ្កោលទោសចំពោះមន្ត្រីប៉ូលិសដែលដេញចាក់មនុស្សដោយមិនញញើតដៃនោះ ជាពិសេសក្នុងពេលដែលមានការបញ្ជាក់ថា លោកជាមនុស្សបែកថ្នាំគឺរឹតតែធ្វើអោយមានការរិះគន់។

មតិយោបល់