ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ុន ណារីម៉ូនីកា ធ្លាក់ខ្លួនដល់ថ្នាក់គ្មានលុយសង្គ្រោះជីវិតកូនប្រុសនៅពេទ្យ តែខំប្រឹងលាក់!

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងស៊ុន ណារីម៉ូនីកា ដែលជាតារាកំប្លែង និងជាតារកំប្លែងល្បីឈ្មោះ ស្រាប់តែត្រូវបានក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យលោកសង្ឃ ឬមន្ទីរពេទ្យកុសុមៈ ដែលអ្នកនាងបានបញ្ជូនកូនប្រុសទៅសង្គ្រោះបន្ទាន់ និងតារាៗស្និទ្ធស្នាលដែលបានទៅសួរសុខទុក្ខកូនប្រុសរបស់អ្នកនាងដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរក្នុងប៉ុន្មានថ្ងៃនេះ បានអះអាងថាអ្នកនាងអត់មានលទ្ធភាពព្យាបាលកូនប្រុសនោះទេ ដោយសូម្បីតែលទ្ធភាពបញ្ជូនកូនអោយទៅព្យាបាលក្នុងមន្ទីរពេទ្យឯកជនល្អៗ ក៏មិនមាននោះដែរ កុំថាដល់ថ្នាក់ត្រូវបញ្ជូនអោយចេញទៅព្យាបាលនៅក្រៅប្រទេស។ ម្នាក់ៗដែលឮរឿងនេះ មានអារម្មណ៍ស្រឡាំងកាំងតែម្ដង ក្នុងពេលដែលអ្នកនាងធ្លាក់ខ្លួនព្រោះតែត្រូវព្យាបាលកូនប្រុសដែលឈឺរ៉ាំរ៉ៃយូរឆ្នាំដល់ថ្នាក់អស់ផ្ទះមួយកន្លែងទៅហើយ តែអ្នកនាងបែរជាមិនដែលថ្ងូរអោយមហាជនបានដឹង។

ក្រោយការទម្លាយយ៉ាងច្បាស់ការនេះ អ្នកនាងស៊ុន ណារីម៉ូនីកា បានបង្ហូរទឹកភ្នែកក្នុងកិច្ចសម្ភាសន៍ថា អ្នកនាងពិតជាធ្លាក់ខ្លួនដល់ថ្នាក់ត្រូវអស់លទ្ធភាពបន្តការសង្គ្រោះចំពោះកូនប្រុសរបស់អ្នកនាង គឺកូនប្រុសច្បងវ័យ២៨ឆ្នាំនោះប្រាកដមែន ដោយសារតែកូនប្រុសអ្នកនាងមានជំងឺដំបៅសួត និងមានជំងឺទឹកនោមផ្អែមក្នុងកម្រិតធ្ងន់ធ្ងរដល់កម្រិតជាង៦០០ បណ្ដាលអោយខូចក្រលៀន។
អ្នកនាងនិយាយថាប្រមាណជា៥ឆ្នាំមកហើយដែលកូនប្រុសអ្នកនាងកើតមានជំងឺមួយនេះ ហើយត្រូវបង្ខំចិត្តអោយអ្នកនាងសម្ងំរស់នៅប្រទេសបារាំងអត់បាន ដល់ថ្នាក់សម្រេចចិត្តចុះមកស្រុកខ្មែរដើម្បីមើលថែជំងឺរបស់កូនប្រុស។

អ្នកនាងថាខ្លួនបានលក់ផ្ទះជាន់ក្រោមមួយកន្លែងនៅម្ដុំសន្ធរម៉ុក ដោយសុខចិត្តទុកតែផ្ទះជាន់លើដើម្បីរស់នៅ តែអ្នកនាងមិនដែលថ្ងូរពីការលំបាករបស់ខ្លួនអោយអ្នកណាបានដឹងនោះទេ គឺទើបតែក្នុងពេលដែលកូនប្រុសសង្គ្រោះបន្ទាន់ប្រមាណថ្ងៃចុងក្រោយ ហើយអ្នកនាងស្ទើរតែលែងមានលទ្ធភាពបន្តការព្យាបាលប៉ុណ្ណោះ ទើបអ្នកនាងដាច់ចិត្តនិយាយថាអ្នកនាងពិតជាកំពុងពិបាក។

អ្នកនាងថារយៈពេលអ្នកនាងរស់នៅប្រទេសបារាំង អ្នកនាងបានចំណាយលើការព្យាបាលកូនប្រុសច្បងរូបនេះអស់ប្រាក់ច្រើនណាស់ ដោយក្នុងពេលខ្លះអ្នកនាងត្រូវសម្រេចចិត្តចោលលុយចោលការងារព្រោះតែសុំច្បាប់គេមិនបាន ដើម្បីចុះមកយកកូនប្រុសចូលសង្គ្រោះបន្ទាន់ជាញឹកញាប់។ អ្នកនាងថាច្រើនឆ្នាំក្រោយពីការងារសិល្បៈមិនដូចមិន និងក្រោយពីអ្នកនាងឈប់រស់នៅប្រទេសបារាំងព្រោះតែអត់មានអ្នកណាមើលកូនប្រុសអត់បាន អ្នកនាងអត់មានចំណូលជាដុំកំភួននោះទេ បើទោះជាអ្នកនាងខំប្រឹងលើកទឹកអប់យកមកលក់ដើម្បីបានចំណេញតិចតួច ដើម្បីទប់តម្រូវការ។ អ្នកនាងថាខ្លួនពិបាកច្រើនឆ្នាំហើយ ហើយបើកុំតែដល់ដំណាក់កាលលែងមានលទ្ធភាពព្យាបាលកូនប្រុស ក៏អ្នកនាងមិននិយាយនោះដែរ ដើម្បីកុំអោយគេថាអ្នកនាងជាតារាដែលមានកេរ្តិ៍ឈ្មោះជាយូរមកហើយ ប៉ុន្តែដល់ថ្នាក់កូនឈឺអត់មានលុយមើល។

អ្នកនាងថាខ្លួនកាន់តែមានអារម្មណ៍ស្លុតចិត្ត បន្ទាប់ពីដឹកកូនប្រុសដែលធ្វើទុក្ខធ្ងន់ទៅសង្គ្រោះបន្ទាន់នៅពេទ្យលោកសង្ឃ ហើយលោកគ្រូពេទ្យបានបង្ហាញពីការអស់សង្ឃឹម ក្នុងពេលដែលអ្នកនាងចង់បញ្ជូនកូនទៅមើលនៅពេទ្យក្រៅស្រុកតែអត់មានលទ្ធភាព។ អ្នកនាងនិយាយថា ជំងឺទឹកនោមផ្អែមរបស់កូនប្រុស ឈានដល់ដំណាក់កាលកាន់តែបារម្ភខ្លាំងណាស់ ហើយអ្នកនាងក៏សារភាពថាអត់មានលុយកាក់ដើម្បីបន្តព្យាបាលនោះដែរ ដោយសូម្បីតែការរត់ចុះរត់ឡើង អត់អាចរកចំណូលអ្វីកើតនោះ ក៏អ្នកនាងប្រកាសថាជិតអស់ខ្យល់ហើយ។ អ្នកនាងថាកូនប្រុសរបស់អ្នកនាងបើមានឱកាសចេញទៅព្យាបាលនៅក្នុងប្រទេសថៃ ឬប្រទេសក្រៅស្រុកណាមួយ គឺមានសង្ឃឹមច្រើន អ៊ីចឹងហើយទើបអ្នកនាងស្រយ៉ុតចិត្តចង់យំក៏យំមិនចេញ នៅពេលអត់មានលទ្ធភាពសូម្បីតែការសង្គ្រោះកូនប្រុសអ្នកនាងនៅក្នុងមន្ទីរពេទ្យរដ្ឋ។

នេះជាការទម្លាយដ៏កម្រមួយ ដែលអ្នកនាងបានសារភាពដាច់ចិត្តបង្ហាញជាសាធារណៈព្រោះតែលទ្ធភាពចាប់ផ្ដើមអស់ខ្យល់ក្នុងការព្យាបាលកូនប្រុស។ អ្នកនាងស៊ុន ណារីម៉ូនីកា បន្តកូនប្រុសទាំងពីររបស់អ្នកនាងសុទ្ធតែជាតារាសិល្បៈ ដោយកូនប្រុសច្បងគឺជាអ្នកជំងឺដែលស្ថិតក្នុងការសង្គ្រោះបន្ទាន់នាពេលនេះ ហើយកូនប្រុសទី២ គឺលោកដូដូ ជាតារាចម្រៀង៕

មតិយោបល់