ព័ត៌មានសិល្បៈ និងកម្សាន្ត

តូច ស្រីពេជ្រ ជក់សូរប្រមូលលុយនៅអាមេរិក

មកទល់ពេលនេះ តារាសម្ដែងអ្នកនាង តូច ស្រីពេជ្រ នៅតែស្ថិតនៅលើទឹកដីអាមេរិកមិនទាន់កំណត់ផែនការត្រលប់មកស្រុកកំណើតវិញនៅឡើយទេ ដោយគេឃើញអ្នកនាងសម្ងំមើលខុសត្រូវក្នុងហាងដូណាត់មួយកន្លែងនៅទីនោះ ហើយទទួលបានកម្រៃមិនអន់ឡើយ ទើបអ្នកនាងជក់សូរប្រមូលលុយរហូតភ្លេចគម្រោងវិលត្រឡប់មកវិញ។ យ៉ាងណាមិញមានការបញ្ជាក់ថាអ្នកនាង និងដឹកដៃ កូនស្រីត្រឡប់មកស្រុកកំណើតវិញក្នុងពេលខាងមុខ ដោយគ្រាន់តែអ្នកនាងចង់ប្រមូលលុយពីការងារក្នុងហាងដូណាត់ឲ្យបានច្រើនបន្តិច ដើម្បីយកលុយមកធ្វើខួបកំណើតឲ្យកូនស្រីក្នុងខែ៥ដ៏ខ្លីប៉ុណ្ណោះ។

អ្នកនាង តូច ស្រីពេជ្រ បានសារភាពថាអ្នកនាងពិតជាសប្បាយនឹងការកើបលុយក្នុងហាងដូណាត់របស់បងប្អូននាងនៅលើទឹកដីសហរដ្ឋអាមេរិកប្រាកដមែន ជាពិសេសបន្ទាប់ពីអ្នកនាងទៅកម្សាន្តជាមួយកូនស្រីនៅទីនោះ ហើយត្រូវម្ចាស់ហាងដែលបងប្អូនរបស់អ្នកនាងប្រគល់ឲ្យអ្នកនាងមើលការខុសត្រូវ ដោយអ្នកនាងបង្ហើបថាទទួលបានកម្រៃពីការងារនេះច្រើនដែរ ទើបអ្នកនាងមិនទាន់ចង់មកវិញ។ អ្នកនាងត្រូវត្រឡប់មកវិញតាំងពីប៉ុន្មានខែមុនម្ល៉េះ ប៉ុន្តែដោយសារតែសប្បាយកើតលុយ ទើបសម្ងំធ្វើការមើលខុសត្រូវក្នុងហាងដូណាត់ ហើយប្រហែលរហូតទាល់តែក្រោយចូលច្នាំខ្មែរ គឺអំឡុងខែ៥ទើបដាក់គម្រោងមកកម្ពុជា។

អ្នកនាងបញ្ជាក់ថាដំណើរមកដល់កម្ពុជានៅក្នុងពេលខាងមុខ អ្នកនាងនឹងគម្រោងធ្វើខួបកូនស្រីដូចគ្នានឹងឆ្នាំមុន ប្រមាណជា២០ទៅ៣០តុ ដើម្បីបានជួបជុំមិត្តភក្តិដែលធ្លាប់បានរួមការងារជាមួយគ្នា ដែលអ្នកនាងបែកខានជួបមុខយូរប្រមាណជិត១ឆ្នាំឲ្យមកសប្បាយជាមួយគ្នា។

អ្នកនាងថាមានតែការជួបជុំក្នុងពិធីណាមួយប៉ុណ្ណោះ ទើបបានគ្នាច្រើន ហើយធ្វើឲ្យអ្នកនាងសប្បាយចិត្ត ក្នុងការជួបជុំមិត្តភក្តិ ក្នុងពេលដែលអ្នកនាងបញ្ជាក់ថាទម្រាំតែដល់ថ្ងៃត្រឡប់មកវិញ ក៏ប្រហែលជាសន្សំលុយពីការងារក្នុងហាងដូណាត់បានមិនតិចនោះដែរ ទើបអ្នកនាងចេះតែស្ដាយ។

អ្នកនាងក៏គម្រោងបង្ហាញខ្លួនក្នុងការទទួលថតភាពយន្តក្នុងពេលមកដល់កម្ពុជាផងដែរ ដើម្បីកុំឲ្យមហាជនភ្លេចមុខ បន្ទាប់ពីខ្សែរឿងដែលអ្នកនាងបានសម្ដែងតាំងពីមុនចេញទៅកម្សាន្តនៅអាមេរិកច្រើនខែ ដាក់បញ្ចាំងក្នុងរោងកុន និងលើកញ្ចក់ទូរទស្សន៍ចង់អស់ទៅហើយ។

អ្នកនាងតូច ស្រីពេជ្រ ប្រកាសថាអ្នកនាងនឹងអាចឡើងចុះអាមេរិកញឹកញាប់ ក្រោយពេលត្រឡប់មកកម្ពុជា ដោយសារតែកូនស្រីរបស់អ្នកនាងក៏ទើបតែត្រូវបានធានាឲ្យទៅសិក្សានៅទីនោះ ដែលត្រូវការឲ្យអ្នកនាងឡើងចុះទៅមើលថែកូនស្រីនោះផង។

យ៉ាងណាមិញអ្នកនាងថាមិនចោលការសម្ដែងនោះទេ ដោយសារតែអ្នកនាងស្រឡាញ់អាជីពសិល្ប: ហើយក៏មិនចង់ឲ្យមហាជនភ្លេចមុខ ក្រោយពេលដែលអ្នកនាងមានឱកាសឡើងចុះអាមេរិកដូចជាដីកំណើតទី២ក្នុងពេលបន្តបន្ទាប់៕

មតិយោបល់