នេះជាលើកទី៤ ហើយដែលយាយខ្លា បានបញ្ចេញសំនៀងជូនទស្សនិកជនស្តាប់កម្សាន្តដ៏រំជួលចិត្ត ផ្អែកលើសាច់រឿងពិត តារាសម្តែងល្បីឈ្មោះ លោក សាវិន ហ្វីលីព ។
និយាយពីឈ្មោះ យាយខ្លា មានទស្សនិកជនស្គាល់តិចណាស់ ក៏ព្រោះតែភាគច្រើនលោកតែងតែបង្ហាញវត្តមាន ក្នុងឈុតជាមនុស្សស្រី អ៊ីចឹងហើយ រហូតអ្នកខ្លះមិនស្គាល់ បើទោះបីជាចូលសិល្បៈជាច្រើនឆ្នាំក្តី ។
តាមរយៈបទសម្ភាសន៍ ជាមួយ Post Komsan យាយខ្លា បានឲ្យដឹងថា សម្រាប់បទនេះជាបទទី២៩ហើយបងដែលប្អូនបាននិពន្ធបទភ្លេងនិងច្រៀងខ្លួនឯង ហើយបទភាគច្រើនប្អូនច្រៀងជាសម្លេងស្រី ហើយបទនេះជាបទទី៤ ដែលប្អូនច្រៀងជាសម្លេងប្រុសហើយជាសាច់រឿងពិតរបស់បងប្រុសសាវិន ហ្វីលីព ដែលគាត់បានសរសេរទំនុកច្រៀងហើយប្អូនជាអ្នកបង្កើតភ្លេងនិងច្រៀង។
លោកថា សម្រាប់ខ្លួនលោកមាន អារម្មណ៍រំភើបសប្បាយរីករាយណាស់នៅពេលទទួលបាននូវការគាំទ្រច្រើនពីសំណាក់ពុកម៉ែបងប្អូនមិត្តៗយុវ័យនិងកាន់តែមានកម្លាំងចិត្តបន្តក្នុងការនិពន្ធបទចម្រៀងថ្មីៗបន្តទៀត។
«ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូនសម្រាប់ការគាំទ្របទនេះក៏ដូចជាបទ original ទាំងអស់របស់ខ្ញុំកន្លងមក ប្អូនក៏សូមអរគុណបងប្រុសហ្វីលីពសម្រាប់ការផ្តល់កិត្តិយសសម្រាប់ប្អូនបកស្រាយបទចម្រៀងដែលជាការនិពន្ធនិងរឿងរ៉ាវដ៏កម្សត់របស់គាត់ ហើយបទនេះនិងចេញជាអឹមវីក្នុងពេលឆាប់ៗនេះផងដែរ »។ នេះជាសម្តីយាយខ្លា។
ដោយឡែកលោក សាវិន ហ្វីលីព តារាសំដែងល្បីឈ្មោះ និង ជាស្ថាបនិកអង្គការ មូលនិធិ “សាវិន” ដើម្បីកុមារ ដែលជាអ្នកនិពន្ធទំនុកច្រៀងផ្អែកលើសាច់រឿងពិតខ្លួន ក៏បានឲ្យដឹងផងដែរថា «បទនេះដែរសរសេរឡើង ក្នុងគោលបំណងចង់រំឭកនូវអនុស្សាវរីយ៍ ដែលម្តាយខ្ញុំធ្លាប់និយាយប្រាប់ពីប៉ាខ្ញុំ បន្ទាប់ពីខ្ញុំកើតមកអត់បានឃើញមុខគាត់ ហើយក្រោយប៉ាស្លាប់ទៀតសោត អ្នកម្តាយអាយុ ២៧ឆ្នាំ គាត់ក៏មិនបានយកប្តីទៀតដែរ ដោយខ្លាចយកប្តីក្រោយទៅគេធ្វើបាបកូន ហើយរស់នៅក្នុងស្ថានភាពកំសត់ ដែលដិតដាមក្នុងខួរក្បាលរាល់ថ្ងៃ» ។
ដោយសារតែឃើញម្តាយមានគុណច្រើនអ៊ីចឹងហើយ ទើបលោកបានសម្រេចសរសេរបទចម្រៀងនេះឡើង ដើម្បីរំឭកគុណដល់ម្តាយ រាប់រៀបពីទុក្ខលំបាក ការតស៊ូ និងលះបង់អ្វីៗគ្រប់យ៉ាង ដោយពុះពារដើម្បីកូន ។
តួប្រុសក្នុងរឿង JailBreak និង First They Killed My Father បានបន្ថែមថា ទម្រាំខ្ញុំមានថ្ងៃនេះ ម្តាយខ្ញុំគាត់បានជម្នះឧបសគ្គជាច្រើន ដោយអ្វីៗគ្រប់យ៉ាងក៏ព្រោះតែខ្ញុំ ៕
ចង់ជ្រាបច្បាស់ស្តាប់បទចម្រៀង អ្នកមានគុណ ដូចខាងក្រោមនេះ៖
មតិយោបល់