មួយរយៈចុងក្រោយ លោកឈួន ពន្លឺ ស្ទើរតែបាត់មុខឈឹងតែម្ដងពីការសម្ដែង និងដើរបង្ហាញម៉ូដ ដោយសូម្បីតែកម្មវិធីសប្បុរសធម៌តូចធំ ក៏បាត់មុខលោកផងដែរ ដោយម្នាក់នឹកស្មានថាលោកខូចចិត្តនឹងរឿងបាត់បង់ស្នេហ៍ ហើយលែងហ៊ានប្រឈមមុខដោយបោះបង់សិល្បៈ និងសម្ងំស្មុគចិត្ត។ យ៉ាងណាក៏ដោយ ផ្ទុយពីការស្មានខុសគឺលោកបែរជាសម្ងំរៀបចំមុខជំនួញ ដោយនៅមិនដល់ប៉ុន្មានអាទិត្យទៀតនោះទេ ភោជនីយដ្ឋានផ្ទាល់ខ្លួនមួយដែលលោកចំណាយរហូតដល់ម៉ឺនដុល្លារនឹងលេចរូបរាង។
លោកឈួន ពន្លឺ និយាយថា ប្រមាណជាច្រើនខែមកហើយដែលលោកសម្ងំប្រមូលលុយពីការលក់ដីនៅស្រុកឯកំណើត ហើយបានរៀបចំបើកជាភោជនីយដ្ឋានដើម្បីបង្កើតអាជីពផ្ទាល់ខ្លួន។ អាជីវកម្មដែលលោកប្រកាសថានឹងបើកដំណើរនៅអំឡុងក្រោយបុណ្យចូលឆ្នាំចិនខាងមុខ គឺមានយីហោថា «សាន់ឡាយ ភោជនីយដ្ឋាន» ដែលមានទីតាំងស្ថិតនៅកណ្ដាលប្រជុំជនតែម្ដង ស្ថិតនៅផ្ទះលេខ៣២A ផ្លូវ៤០៨ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកថាភោជនីយដ្ឋាននេះត្រូវបានស្ថាបនា និងបំពាក់សម្ភារៈប្រមាណជាជាង២ម៉ឺនដុល្លារហើយ ដោយការចំណាយដែលបានបោះទុននៅមិនទាន់គ្រាន់នោះផង ប៉ុន្តែលោកថានឹងធ្វើអោយមានលក្ខណៈធំដុំ ដើម្បីអាចលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង។
លោកថាភោជនីយដ្ឋានរបស់លោក មានលក់អាហារពេលព្រឹក និងអាហារកុម្ម៉ង់ពេលថ្ងៃត្រង់រហូតដល់ពេលរសៀល ដោយចាប់ពីពេលល្ងាចទៅគឺនឹងបើកជាហាងផឹកស៊ីរហូតទល់ភ្លឺ។ លោកឈួន ពន្លឺ បញ្ជាក់ថាអាជីវកម្មដែលលោកប្រឹងប្រែងកែច្នៃយ៉ាងលំបាកដោយដៃខ្លួនឯងនេះ មិនមានការឧបត្ថម្ភគាំទ្រពីមនុស្សពីក្រោយខ្នង ឬពីនារីណាម្នាក់ដែលល្បីថាជាអ្នកបោះទុនអោយលោកនោះទេ តែជាលុយដែលលោកទទួលបានពីការលក់ដីជាកម្មសិទ្ធិរបស់លោកសុទ្ធសាធតែម្ដង ដែលលោកបានទិញតាំងពីពេលនៅថោក និងក្នុងពេលដែលលោករកចំណូលបានច្រើនពីសិល្បៈ។ លោកអះអាងថាខ្លួននៅមានដីជាទ្រព្យផ្ទាល់ខ្លួនមួយកន្លែងល្អទៀតដែលអាចលក់បានតម្លៃខ្ពស់ច្រើនជាងនេះ តែលោកមិនលក់នោះទេ ដរាបណាមិនមានតម្រូវការលើមុខជំនួញចាំបាច់។ ម្យ៉ាងមកពីលោកមានបំណងចង់បើកជំនួញពីតូចទៅធំ ដោយមិនចង់បើកជាភោជនីយដ្ឋានដែលប្រើដើមទុនដល់ដប់ម្ភៃម៉ឺនដុល្លារ ទើបលោកប្រកាសថាលក់តែដីមិនត្រូវប៉ាន់មួយកន្លែងយកមកបើកអាជីវកម្ម ហើយទុកដីដែលត្រូវប៉ាន់មួយកន្លែងដែលមានតម្លៃខ្ពស់ចាំមើលទីផ្សារទៅថ្ងៃក្រោយវិញ។
លោកថាក្នុងពេលដែលលោកមានការងារច្រើនក្នុងដៃលោកមិនហ៊ានស៊ីចាយនោះទេ ដោយទិញដីបានដី២បីកន្លែងដែរ ខណៈដែលក្រោយពីលក់ដីបើកភោជនីយដ្ឋានសាន់ឡាយ ហើយ លោកក៏នៅមានដីទំហ៊ំ ២០ គុណនឹង១៥០ ម៉ែត្រ នៅចំទីតាំងមានហាងឆេងទុកគ្រាន់តែបញ្ចេញមួយទៀតផងដែរ។
លោកឈួន ពន្លឺ បញ្ជាក់ថា ភោជនីយដ្ឋានរបស់លោក អត់ភ័យរឿងមានការប្រឈមនោះទេ ដោយសារតែលោកបើកលក់ទាំងអាហារព្រឹក ទាំងអាហារកុម្ម៉ង់ពេលថ្ងៃត្រង់រហូតដល់ពេលរសៀល និងលក់គ្រឿងក្លែងទល់ភ្លឺ ដែលមានចរន្តប្រមូលលុយទាំងអ្នកមាន និងអ្នកមធ្យម ស្របគ្នាដែលលោកក៏មានមេចុងភៅ និងមានមេការច្បាស់លាស់មើលខុសត្រូវ ដែលមិនពិបាកអោយលោកទុកហាងចោលហើយរវល់នឹងការងារសិល្បៈជាថ្មី៕
មតិយោបល់