ព័ត៌មានសិល្បៈ និងកម្សាន្ត

សុវណ្ណ មករា ព្រមានប្ដឹងជាសាធារណៈ ពីបទបរិហារកេរ្តិ៍

ក្រោយពីមានតារាមួយក្រុមចេញមុខអះអាងរឿងលោក សុវណ្ណ មករា មិនបើកលុយឲ្យក្រោយសម្ដែងចប់រឿង«បញ្ចប់ស្នេហ៍ត្រឹមអូន» រហូតបណ្ដាលឲ្យតារាទាំងនោះគំរាមទៅអុកឡុកដល់CTN កាលពីព្រឹកថ្ងៃទី២៩ មិថុនា មុននេះ លោកសុវណ្ណ មករា បានចេញមុខបកស្រាយ ដោយលោកបញ្ជាក់ថាតារាដែលបានលើកឡើងពីលោកគឺមិនពិត។ លោកព្រមានដាក់បណ្ដឹង ដោយប្ដឹងទាំងតារាសិល្ប: និងប្ដឹងទាំងអ្នកចែកចាយព័ត៌មានពីបទបរិហារកេរ្តិ៍ ដោយលោកអះអាងថាអ្វីដែលបានរំលេចឡើងគឺការបង្ខូចឈ្មោះរបស់លោកដោយលោកមិនបានធ្វើបែបនោះ។

លោកសុវណ្ណ មករា និយាយថាការពិតតារាសម្ដែងដែលមានបញ្ហាមិនទទួលបានលុយកាក់ក្រោយពេលថតចប់ គឺមិនមែនថតរឿងឲ្យលោកនោះទេ គឺថតរឿងឲ្យបងប្រុសរបស់លោកតែប៉ុណ្ណោះ តែដោយសារតែបងប្រុសរបស់លោកលាឈប់ទៅ ហើយលោកក៏មកទទួលភារ:ក្នុងការថតរឿងបញ្ចប់ ទើបតារាទាំងនោះយល់ថានោះជាបន្ទុករបស់លោក។ លោកថាការទាមទាររបស់តារាទាំងនោះមានភាពមិនត្រឹមត្រូវ ដោយភាពជាក់ស្ដែងគឺការសម្ដែងជាមួយនឹងបងប្រុសលោក ការពិតមិនត្រូវលោកចេញមុខដោះស្រាយនោះទេ ប៉ុន្តែដោយសារតែការយោគយល់ទើបលោកសម្រេចចិត្តដោះស្រាយ ដោយគ្រាន់តែស្នើឲ្យរង់ចាំសិន។ លោកថាគ្រប់តួទាំងអស់ដែលបានថតរឿង«បញ្ចប់ស្នេហ៍ត្រឹមអូន» សុទ្ធតែបានកុងត្រាទទួលលុយក្រោយពេលខ្សែរឿងមួយនេះបញ្ចាំងចប់នៅលើទូរទស្សន៍ ទើបលោកប្រកាសថាអ្នកថតរឿងលោកចប់តែក្នុងប្លង់ខ្លួនឯងហើយមិនទាន់ទទួលបានលុយ ហើយបែរជាទៅបរិហារកេរ្តិ៍មិនល្អពីលោក គឺជាការបំពានកុងត្រាធំមួយ។ លោកនិយាយថា«ពួកគាត់ថាខ្ញុំអត់បើកលុយឲ្យ តើបើលុយឲ្យយ៉ាងម៉េច ពួកគាត់មានមើលកុងត្រាអត់ រឿងអត់ទាន់បញ្ចាំងចប់ផងមកឡាំប៉ាទារលុយ! រឿងហ្នឹងខ្ញុំមិនសុខចិត្តទេ អ្នកណាដែលបង្ខូចឈ្មោះថាខ្ញុំមិនបើកលុយ ឬបោកលុយហ្នឹង ខ្ញុំនឹងប្ដឹង!»។ លោកថាតារាទាំងនោះលុះត្រាតែគេយកច្បាប់មកប្រើទើបភ្ញាក់ខ្លួន ប៉ុន្តែលោកថាមិនចង់ធ្វើបែបហ្នឹងនោះទេប្រសិនបើតារាទាំងនោះយល់ព្រមសុំទោស ដូចគ្នានឹងករណីលោក អ៊ុន សុធា ដែលបានប្រកាសមួយខ្យល់មុនធ្វើឲ្យយល់ច្រទ្បំ ហើយចុងក្រោយក៏សុំទោសវិញ ដោយសារតែយល់ច្រទ្បំចំពោះលោកក្នុងរឿងហ្នឹងដែរ។ បើទោះជាកុងត្រាបានកំណត់ថាទាល់តែរឿងបញ្ចាំងចប់ទើបបើកលុយឲ្យ តែលោកមិនបានឲ្យតារាទាំងនោះរង់ចាំដល់ពេលនោះទេ គឺគ្រាន់តែស្នើរឲ្យលោកបង្វិលលុយបានគួរសមបន្តិចប៉ុណ្ណោះ ទើបលោកយល់ថាខ្លួនមិនអាចទទួលយកបាននៅពេលគ្រាន់តែយឺតយ៉ាវបន្តិចសោះបែរជាមានតារាបង្ខូចឈ្មោះលោកពីរឿងមិនបើកលុយឲ្យនេះ។ លោកចាត់ទុកថាការទម្លាយរបស់តារាសិល្ប: និងការចែកចាយរបស់បណ្ដាញសារព័ត៌មានមួយចំនួនស្ថិតក្នុងបទបរិហារកេរ្តិ៍ ដោយលោកប្រកាសថានឹងត្រៀមមេធាវីដាក់បណ្ដឹងឲ្យកោះហៅទាំងអស់ បើនៅតែបន្តបង្ខូចឈ្មោះលោកជុំវិញរឿងនេះ។ លោកថាមុននេះបន្តិចលោកបានបង្វិលលុយច្រើនពាន់ដុល្លារ ហៅតារាសម្ដែងក្នុងរឿង«បញ្ចប់ស្នេហ៍ត្រឹមអូន»របស់CTN ឲ្យមកទទួលលុយខ្លះ តែលោកនៅតែប្រកាន់ជំហរដាក់បណ្ដឹងដដែលបើតារាដែលទទួលបានលុយមិនទាន់គ្រប់ បន្តសាយភាពព័ត៌មានថាថតរឿងរបស់លោកហើយពិបាកបើកលុយ។

ឆ្លើយតបនឹងការបកស្រាយខាងលើតារាសម្ដែងដែលធ្លាប់មានប្រតិកម្មរឿងលោកមិនបើកលុយឲ្យបានអះអាងថា តារាភាគច្រើនដែលមានប្រតិកម្មហើយចង់ទៅអុកឡុកដល់CTNនោះ អត់មានកុងត្រាដូចអ្វីដែលលោក សុវណ្ណ មករា បានលើកឡើងនោះទេ។ ម្យ៉ាងបណ្ដាលមកពីថតរឿងនោះចប់តាំងពីខែអំឡុង៣ ហើយមិនមានការដោះស្រាយរឿងតម្លៃខ្លួនឲ្យពួកគេផង ទើបឈានដល់នាំគ្នា ឡាំប៉ា។ តារាមួយក្នុងចំណោមពួកគេនិយាយថា លោកសុវណ្ណ មករា ទើបតែហៅបើកលុយបានប៉ុន្មានភាគរយកាលពី២ថ្ងៃមុនប៉ុណ្ណោះ ដោយតារាដែលបានបញ្ចេញព័ត៌មាននោះក៏បានប្រកាសថាបើលោក សុវណ្ណ មករា ចង់ប្ដឹង គឺពួកខ្លួនស្វាគមន៍ ដោយសារតែក្នុងពេលនោះ គឺលោក សុវណ្ណ មករា ជាអ្នកលើកថ្ងៃបើកលុយមួយថ្ងៃហើយមួយថ្ងៃទៀត និងមិនដោះស្រាយតែម្ដង ទើបនាំឲ្យមានការទម្លាយព័ត៌មានជុំវិញរឿងនេះ៕

មតិយោបល់