ប្រមាណជាងមួយអាទិត្យមកហើយ ដែលកូនប្រុសច្បងរបស់អ្នកនាងស៊ុន ណារីម៉ូនីកា ដែលមានឈ្មោះថា ស៊ុន ណារីឡង់ឌី ត្រូវបញ្ជូនអោយស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យលោកសង្ឃ បន្ទាប់ពីជំងឺទឹកនោមផ្អែមរបស់លោកឈានដល់កម្រិតជាង៦០០ស្ទើរតែពេទ្យលែងមើល និងសួតមានដំបៅផង។
ជាមួយនឹងស្ថានភាពកូនប្រុសស្ថិតក្នុងការភ័យបារម្ភ តារាកំប្លែងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងរូបនេះ បានរៀបរាប់យ៉ាងក្ដុកក្ដួលជុំវិញស្ថានភាពរបស់កូនប្រុស។
អ្នកនាង ស៊ុន ណារីម៉ូនីកា និយាយថា ប្រមាណជា៥ឆ្នាំមកហើយ ដែលកូនប្រុសច្បងរបស់អ្នកនាងមានជំងឺរ៉ាំរ៉ៃ ហើយបង្ខំអោយអ្នកនាងរស់នៅបារាំងលែងបានដើម្បីឡើងចុះៗមកព្យាបាល។ អ្នកនាងកូនប្រុសដែលមានជំងឺធ្ងន់រូបនេះ គឺជាបងប្រុសរបស់តារាចម្រៀងដូដូ តែលោកមុនពេលធ្លាក់ខ្លួនឈឺធ្ងន់ក៏ជាតារាចម្រៀង និងជាតារាសម្ដែងមួយរូបផងដែរ។
អ្នកនាងថាលោកចាប់ផ្ដើមឈឺធ្ងន់នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដោយតាំងពីលោកធ្លាក់ខ្លួនឈឺធ្ងន់គឺអ្នកនាងធ្វើការលែងកើត បើកជំនួញក៏ដួលរលំ និងអស់ប្រាក់មិនតិចជាងម៉ឺនដុល្លារនោះទេ។ ប្រមាណ៥ឆ្នាំចុងក្រោយ អ្នកនាងបញ្ជាក់ទាំងក្ដុកក្ដួលថា ដេកតែចាយលុយចាស់តែម្ដង ដោយត្រូវចំណាយលើកូនប្រុសផង លើម្ដាយបង្កើតមានជំងឺជាញឹកញាប់ផង និងចំណាយលើតម្រូវការរបស់ខ្លួនផង ព្រោះតែរកអ្វីអត់បាន ហើយរវល់តែមើលថែកូនប្រុស និងម្ដាយបង្កើតចូលសម្រាកពេទ្យ។
សរុបមកទល់ពេនេះ អ្នកនាងបានសារភាពថាលក់អស់ផ្ទះមួយកន្លែងនៅម្ដុំសន្ធរម៉ុក និងអស់រថយន្តមួយគ្រឿង ខណៈដែលលុយកាក់ដែលអ្នកនាងខំរកតាំងពីពេលសំបូរទីផ្សារក៏ត្រូវចាយអស់ ស្របគ្នាដែលអ្នកជំពាក់លុយក៏មិនសងទាល់តែសោះធ្វើអោយអ្នកនាងគ្មាយលុយគ្មានកាក់។ អ្នកនាងថាបើត្រឹមកូនឈឺហើយ អ្នកជំពាក់លុយបង្វឹលលុយបានខ្លះ គឺអ្នកនាងមិនលំបាកនោះទេ ប៉ុន្តែមកលុយដែលអោយអ្នករាប់អានខ្ចីបង្វិលមិនមានពន្លឺសោះ ទើបអ្នកនាងធ្លាក់ដល់សភាពរកតែ១៥០០ដុល្លារ ដើម្បីបញ្ជូនកូនប្រុសទៅព្យាបាលនៅក្នុងប្រទេសថៃក៏មិនបាន។
យោងតាមស្ថាបនិកគ្រួសារតារាកម្ពុជា មន្ទីរពេទ្យជាដៃគូរបស់គ្រួសារតារាកម្ពុជានៅក្នុងប្រទេសថៃ បានយល់ព្រមព្យាបាលអោយកូនប្រុសរបស់អ្នកនាងស៊ុន ណារីម៉ូនីកា អោយជាសះស្បើយ ដោយតម្រូវអោយអ្នកនាងមានតែយ៉ាងច្រើន១៥០០ដុល្លារ ប៉ុណ្ណោះ ខណៈដែលខ្វះខាតប៉ុន្មានគឺខាងមន្ទីរពេទ្យថៃនៅខេត្តយៈសូថង ដែលមានអ្នកស្រីមុំជាអ្នកទទួលព្យាបាលកញ្ញា ពេជ្រ ចរណៃ នឹងចំណាយពីលើ។ អ្នកស្រីមុំនិយាយថា «អោយតែអ្នកនាងស៊ុន ណារីម៉ូនីកា មានលុយត្រឹម១០០០ទៅ១៥០០ដុល្លារ ខ្ញុំនឹងយកមកព្យាបាលអោយជានៅពេទ្យយៈសូថង ដោយការចំណាយលើសពីហ្នឹងរូបខ្ញុំនឹងចេញទាំងអស់ ធ្វើមិចអោយតែកូនគាត់បានជាដូចពេជ្រ ចរណៃដែរ!»។ យ៉ាងណាមិញ ឆ្លើយតបនឹងលក្ខណ្ឌនេះ អ្នកនាងស៊ុន ណារីម៉ូនីកា បានអះអាងថាអ្នកនាងមិនមានសូម្បីតែ៥០០ដុល្លារនោះទេ បន្ទាប់ពីអ្នកនាងបានធ្លាក់អស់ពីខ្លួនទៅហើយនោះ៕
មតិយោបល់