ព័ត៌មានសិល្បៈ និងកម្សាន្ត

ថាវីន ទន្ទឹងចាំបទចម្រៀង ក្រោយកុងត្រា៥ឆ្នាំអស់ច្រើនខែ

គិតមកដល់ពេលនេះតារាចម្រៀងវ័យក្មេង លោក ឈុន សុខវិសាល ហៅថាវីន បានកុងត្រាចូលផលិតកម្ម C2go ប្រមាណជាច្រើនខែមកហើយ ដោយចំណងកុងត្រារយ:ពេល៥ឆ្នាំរបស់លោកនៅមិនទាន់មានពន្លឺពីការចេញបទចម្រៀងឲ្យលោកតាមអ្វីដែលលោករំពឹងទុកនោះផង។

តារាវ័យ១៨ឆ្នាំដែលស្ថិតក្នុងស្ថានភាពគ្រួសារខ្វះខាតរូបនេះ ហាក់អស់សង្ឃឹមចំពោះការងារចេញបទចម្រៀងឲ្យទាន់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខយ៉ាងខ្លាំង បើទោះជាខាងផលិតកម្មបានអះអាងថាបានត្រៀមបទចម្រៀងដើម្បីឲ្យលោកចេញច្រៀងរួចហើយ តែមិនទាន់កំណត់ថ្ងៃឲ្យមកថតសំឡេង។

លោកថាវីន ឲ្យដឹងថាក្រោយការសាកសំឡេងលោកត្រូវបានផលិតកម្ម C2Go យល់ព្រមឲ្យកុងត្រារយ:ពេលរហូតដល់៥ខែ តាំងពីអំឡុង ខែតុលា ឆ្នាំ២០១៧មកម្ល៉េះ ដោយខាងផលិតកម្មបានអះអាងថានឹងផលិតបទឲ្យលោកបានច្រៀងក្នុងមួយខែយ៉ាងហោច២បទ ឬបីបទអាស្រ័យតាមជាក់ស្ដែងនោះផង។

យ៉ាងណាមិញលោកថា គិតមកដល់ពេលនេះសកម្មភាពរបស់លោកនៅក្នុងផលិតកម្មគឺមានមិនផ្លែផ្កានោះទេ ក្នុងពេលដែលការទំនាក់ទំនងឲ្យលោកបានសាកបទចម្រៀងដែលខាងផលិតកម្មបានត្រៀមក៏មិនមាន។

លោកថាខ្លួនចង់ហក់ចូលផលិតកម្មមួយផ្សេងតែនៅមានបញ្ហាពីការកុងត្រាដែលបានធ្វើឡើង ទើបលោកបានត្រឹមតែចាំ និងរង់ចាំលទ្ធផលដែលនឹងទម្លាក់ឲ្យពីការរៀបចំ។

លោកអះអាងថាការប្រឡូកអាជីពចម្រៀងហាក់មិនផ្ដល់ផ្លែផ្កាឲ្យលោកនៅក្នុងវិថីសិល្ប:ប៉ុន្មានទេ ស្របគ្នាដែលស្ថានភាពជីវភាពរបស់លោកក៏មានសម្ពាធ ដោយបានទាំងបង្ខំឲ្យលោកបោះបង់ការសិក្សានៅថ្នាក់ទី១២កណ្ដាលទី ហើយងាកទៅរកការងារមួយដើម្បីប្រាក់កម្រៃ។

មកទល់សព្វថ្ងៃលោកថាខ្លួនមានទំនាក់ទំនងជាមួយផលិតករដែលជាអ្នករៀបចំកម្មវិធីប្រគំតន្ត្រីច្រើននាក់ ប៉ុន្តែបណ្ដាលមកពីលោកមិនមានបទចម្រៀងផ្ទាល់ខ្លួន ទើបលោកមិនមានឱកាសបង្ហាញមុខក្នុងការច្រៀងរាំលើឆាក។ លោករំពឹងថាផលិតកម្ម C2Go នឹងចេញបទចម្រៀងឲ្យលោកមានបទផ្ទាល់ខ្លួនបើកឆាកអាជីបចម្រៀងរបស់ខ្លួនក្នុងពេលឆាប់ៗ ក្នុងពេលដែលលោកក៏មានរំពឹងថាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ គឺនឹងមានបទចម្រៀងផ្ទាល់ខ្លួនយ៉ាងហោចមួយបទបង្អួតទីផ្សារ។

លោក នន់ ណារ៉ុង អ្នកគ្រប់គ្រងទូទៅផលិតកម្មចម្រៀងC2Go មានថ្លែងបញ្ជាក់ថា ផលិតកម្មមានបទមួយចំនួនសម្រាប់ឲ្យច្រៀងរួចរាល់អស់ហើយ ដោយសារតែខាងផលិតកម្មមានអ្នកជំនាញផលិតបទចម្រៀងដែលសុទ្ធតែជាសាច់ភ្លេងថ្មីច្រើនបទបម្រុងទុក ដោយរង់ចាំតែឲ្យតារានេះតារានោះមកច្រៀងឲ្យស៊ីដើម្បីឲ្យបទទាំងនោះទៅតារាណាម្នាក់។

លោកថាសម្រាប់លោកថាវីនក៏ស្ថិតក្នុងកំណត់បែបនេះដូចគ្នា ដោយក្នុងពេលខាងមុខលោកនឹងហៅតារាថ្មីរូបនេះ ឲ្យមកធ្វើតេសសំឡេងជាមួយសាច់ភ្លេងដែលបានបម្រុងទុក ដោយឲ្យលោកដឹងថាសាច់ភ្លេងមួយណាស៊ីនឹងសំឡេង។

ជាគម្រោងលោកថាលោកថាវីន នឹងមានបទចម្រៀងមួយបទឬ២បទ នៅមុនអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខ តែបើខាងក្រុមហ៊ុនរៀបចំថតមិនទាន់ នោះក៏មានបទចម្រៀងប្រភេទមនោសញ្ចេតដើម្បីវាយលុកក្រោយពេលចូលឆ្នាំខ្មែរផងដែរ៕

មតិយោបល់